ព្រះសង្ឃ៖ ពីមនុស្សបាប មកជាអ្នកសង្គ្រោះ?
អំពីបាបបុណ្យ ជាប្រធានបទសម្រាប់ការកសាងសង្គមពុទ្ធសាសនានៅទូទាំងពិភពលោក។ កម្ពុជាក៏ជាពុទ្ធសាសនប្រទេស១ជាយូរលង់ណាស់មកហើយ ហើយការផ្សព្វផ្សាយអំពីបាបបុណ្យនេះត្រូវធ្វើឡើងក្នុងសង្គមយ៉ាងទូលាយ តាមរយៈព្រះសង្ឃ។ មនុស្សចាស់ៗដែលជាក្រុមមនុស្សទៅវត្តអារាមញឹកញាប់ និងស្តាប់ការផ្សាយធម៌របស់ព្រះសង្ឃ បន្តយកការយល់ឃើញអំពីបាបបុណ្យនេះបន្តទៅកូនចៅក្មេងជំនាន់ក្រោយតាមអន្តរបុគ្គលដែលកើតឡើងក្នុងសង្គមរាល់ថ្ងៃ។ នេះខ្ញុំមិនអះអាងថា គ្រប់គ្នាជឿទាំងស្រុងនូវអ្វីដែលព្រះសង្ឃផ្សាយនោះទេ តែមនុស្សខ្មែរភាគច្រើនយល់ដឹងជាទូទៅអំពីធម៌បាប និងធម៌បុណ្យ ទោះជាថាតើគាត់យល់ធម៌នេះទៅប្រតិបត្តិឬអត់នោះជារឿងដោយឡែក១ទៀត។ អ្វីដែលខ្ញុំចាប់អារម្មណ៍នៅពេលនេះ គឺអំពីតួនាទីរបស់ព្រះសង្ឃក្នុងការផ្សាយធម៌បាបបុណ្យនេះ និងការសាងជីវិត១តាមធម៌នេះមុននឹងខ្លួនមាននាទីជាអ្នកផ្សាយធម៌។ ក្នុងសង្គមខ្មែរជាទូទៅ បាបសំដៅដល់ការប្រតិបត្តិតាមកាយវាចាចិត្តដែលបង្កជាលំបាកដល់មនុស្សសត្វដទៃ ពោលគឺរាល់លំបាកដែ...