ព្រះសង្ឃ៖ ពីមនុស្សបាប មកជាអ្នកសង្គ្រោះ?
អំពីបាបបុណ្យ ជាប្រធានបទសម្រាប់ការកសាងសង្គមពុទ្ធសាសនានៅទូទាំងពិភពលោក។ កម្ពុជាក៏ជាពុទ្ធសាសនប្រទេស១ជាយូរលង់ណាស់មកហើយ ហើយការផ្សព្វផ្សាយអំពីបាបបុណ្យនេះត្រូវធ្វើឡើងក្នុងសង្គមយ៉ាងទូលាយ តាមរយៈព្រះសង្ឃ។ មនុស្សចាស់ៗដែលជាក្រុមមនុស្សទៅវត្តអារាមញឹកញាប់ និងស្តាប់ការផ្សាយធម៌របស់ព្រះសង្ឃ បន្តយកការយល់ឃើញអំពីបាបបុណ្យនេះបន្តទៅកូនចៅក្មេងជំនាន់ក្រោយតាមអន្តរបុគ្គលដែលកើតឡើងក្នុងសង្គមរាល់ថ្ងៃ។ នេះខ្ញុំមិនអះអាងថា គ្រប់គ្នាជឿទាំងស្រុងនូវអ្វីដែលព្រះសង្ឃផ្សាយនោះទេ តែមនុស្សខ្មែរភាគច្រើនយល់ដឹងជាទូទៅអំពីធម៌បាប និងធម៌បុណ្យ ទោះជាថាតើគាត់យល់ធម៌នេះទៅប្រតិបត្តិឬអត់នោះជារឿងដោយឡែក១ទៀត។
អ្វីដែលខ្ញុំចាប់អារម្មណ៍នៅពេលនេះ គឺអំពីតួនាទីរបស់ព្រះសង្ឃក្នុងការផ្សាយធម៌បាបបុណ្យនេះ និងការសាងជីវិត១តាមធម៌នេះមុននឹងខ្លួនមាននាទីជាអ្នកផ្សាយធម៌។
ក្នុងសង្គមខ្មែរជាទូទៅ បាបសំដៅដល់ការប្រតិបត្តិតាមកាយវាចាចិត្តដែលបង្កជាលំបាកដល់មនុស្សសត្វដទៃ ពោលគឺរាល់លំបាកដែលខ្លួនឯងមិនយល់ជួបប្រទះ។ បាបទាំងនេះរួមមានដូចជាការសំលាប់សត្វមនុស្សផងគ្នា ការធ្វើអំពើហិង្សា ការយាយីដល់ការរស់នៅដល់អ្នកដទៃ ការរំលោភលើសីលទាំងឡាយដែលព្រះសង្ឃបានបង្រៀនដូចជាការកុហក់ ការលួចប្លន់ ។ល។ ចំណែកអំពើបុណ្យវិញសំដៅលើរាល់ទង្វើទាំងឡាយណាដែលនាំទៅដល់ក្តីសុខសម្រាប់អ្នកដទៃ ដែលជាអាកប្បកិរិយាខ្លួនក៏ចង់ទទួលបានដែរ។ អំពើបុណ្យទាំងនេះ មានដូចជាការសង្គ្រោះអ្នកដទៃ អ្នកទីទាល់ក្រ អ្នករងគ្រោះដោយការឈ្នានពានពីឧបសគ្គក្រៅខ្លួនទាំងឡាយ និងការធ្វើទានផ្សេងដែលនាំដល់ការស្តារឡើងវិញនូវភាពរីករាយសុខសាន្តសម្រាប់មនុស្សសត្វនោះ។
បាបនិងបុណ្យនេះផ្សារភ្ជាប់នឹងច្បាស់កម្មផល ត្រង់ថាបើធ្វើអំពើបាប អ្នកនឹងទទួលបាននូវផលមិនល្អ តែបើធ្វើបុណ្យ អ្នកនឹងទទួលបាននូវផលសមប្រកបតបស្នងតាមអំណាចនៃបុណ្យនោះ។ ប្រាកដណាស់ថា គ្មានសង្គមណាបង្រៀនអោយមនុស្សធ្វើអំពើបាបទេ។ អំពើបុណ្យជាអ្វីដែលមនុស្សចង់បានដើម្បីអោយការរំពឹងទុកអោយមានសេចក្តីសមប្រកប១កើតមានឡើងនៅពេលអនាគត មិនថាជាតិនេះ ឬជាតិក្រោយទេ។ នេះជាជំនឿមនុស្សខ្មែរ។
ទោះគ្មាននរណាចង់ធ្វើអំពើបាបក៏ដោយ ក្នុងជីវិតប្រចាំថ្ងៃប្រហែលមានមនុស្ស១ចំនួនមិនអាចប្រតិបត្តិតាមសេចក្តីចង់បាននៃធម៌បាបបុណ្យទាំងនេះទេ។ បើសិនជាសិក្សាទៅដល់ ចេតនានៃទង្វើបាបបុណ្យទាំងនេះផង យើងមិនអាចដឹងបានថាវាមានសច្ចភាពបែបណាអោយប្រាកដនោះទេ។ ប៉ុន្តែបើតាមច្បាស់កម្មផល ការចាប់កំណើតមកជាមនុស្សយ៉ាងណាប្រភេទណាក្នុងឋានៈជាអ្វីសុទ្ធតែជាអំណាចនៃបាបបុណ្យដែលខ្លួនបានសាង តាមច្បាប់កម្មផល។ អ្នកសាងបុណ្យច្រើន កើតជាមនុស្សល្អស្អាត ក្នុងគ្រួសារធូធារអ្នកមានប្រកបដោយសុភមង្គលជាដើម។ ចំណែកអ្នកធ្វើអំពើបាបច្រើន នឹងចាប់កំណើតជាមនុស្សលំបាកតោកយ៉ាក ក្នុងគ្រួសារក្រខ្សត់មិនមានខ្ញុំកំដរ ឬក្លាយជាខ្ញុំកំដរគេ មិនមានរូបសម្ភស្សល្អស្អាត ចំណេះដឹងខ្ពង់ខ្ពស់ មិនមានទ្រព្យសម្បត្តិ ដែលជាសម្បត្តិមនុស្សទូទៅចង់បាន។ នេះជាអំណាចកម្មផល។
ឥឡូវយើងនិយាយអំពីព្រះសង្ឃវិញ។ ព្រះសង្ឃក្នុងសង្គមខ្មែរ ជាទូទៅជាមានកំណើតជាកូនកសិករ ក្នុងគ្រួសារក្រីក្រលំបាកវេទនាតាមទីជនបទដាច់ស្រយ៉ាល។ មួយចំណែកតូចណា១នោះ ព្រះសង្ឃជាកូនគ្រួសារមធ្យម ដែលត្រូវចូលបួសរៀនដោយសារខ្លួនពុំស្តាប់បង្គាប់គ្រួសារខ្លួន ដើម្បីឲ្យខ្លួនបានសិក្សារៀនសូត្រខាងផ្នែកអាណាចក្រ ក្នុងសាលាទំនើប ដែលជាហេតុត្រូវឪពុកម្តាយបញ្ជូនទៅបួសរៀននឹងព្រះសង្ឃ ក្រែងនឹងបានសិក្សាអំពីធម៌ជាមនុស្សល្អខ្លះ ដែលនឹងអាចជាទីពឹងសម្រាប់ការរស់រៀនរបស់ខ្លួននៅពេលអនាគត។ អាចមានភាគតិចណា១ជាមនុស្សដែលមាននិស្ស័យនឹងព្រះពុទ្ធសាសនា តាមអំណាចនៃបុណ្យរបស់ខ្លួន ដែលចង់បួសរៀនជាព្រះសង្ឃ។ តែមនុស្សប្រភេទក្រោយនេះភាគតិចបំផុត។ ជាទូទៅយើងអាចនិយាយបានថា អ្នកបួសរៀនភាគច្រើនមកពី គ្រួសារក្រីក្រ កូនអ្នកស្រុកជើងវត្ត និងខ្លះជាក្មេងដែលមិនសមប្រកបដើរតាមកន្លងសង្គមនៃមនុស្សភាគច្រើន។ នេះខ្ញុំមិនមានន័យថា អ្នកមិនសមប្រកបនេះជាមនុស្សអាក្រក់ទេ។
ប្រសិនបើយើងជឿលើអំពើបាប និងកម្មផល យើងអាចធ្វើការសន្និដ្ឋានបានថា ការយកកំណើតជាកូនអ្នកក្រតោកយ៉ាក ជាក្មេងមិនសមប្រកបអាចរៀនសូត្របានជា១មនុស្សភាគច្រើនក្នុងសង្គមតាមសាលារដ្ឋទំនើបជាផលនៃកម្មដែលខ្លួនបានសាងក្នុងអតីតជាតិ។ ហើយបើមនុស្សគ្រប់គ្នាមិនចង់កើតនៅទីនោះ នោះមានន័យថា គាត់សាងអំពើបាបច្រើនណាស់ទើបមកយកកំណើតជាកូនអ្នកក្រតោកយ៉ាកដូច្នេះ។
ប៉ុន្តែទន្ទឹមនឹងនេះ យើងក៏ដឹងដែរថា ការដែលអាចអោយក្មេងនោះទៅសាងកុសល្យបុណ្យនៅវត្ត ក៏ដោយសារកម្មដែលខ្លួនបានសាងមកក៏មានល្អខ្លះដែរ ដែលញ៉ាំងអោយខ្លួនបានធ្វើបុណ្យបន្តបាន តាមរយៈការផ្សព្វផ្សាយនូវចំណេះដឹង និងជំរុញអោយមនុស្សធ្វើអំពើល្អក្រោយពីខ្លួនបានបូសរៀនជាសង្ឃ។
នេះ បើយើងយល់ថាព្រះសង្ឃកំពុងផ្សាយអ្វីដែលជាសច្ចភាព មិនមានការកុហក់បោកប្រាស់ និងបំភ្លើសជាដើម។ ចុះបើលោកសង្ឃបង្រៀនអ្វីដែលមិនមានសច្ចភាពវិញ នោះមិនមានន័យថា លោកសង្ឃកំពុងបន្តសាងនូវអំពើបាប បន្តពីជាតិមុនទេឬ។ ជាក់ស្តែងដូចជាការជជែកអំពីធម៌កម្មផលនេះតែម្តង។ ប្រសិនបើព្រះសង្ឃមិនទាំងមានភស្តុតាងបង្ហាញថា មានជាតិជាតិក្រោយផង តើការផ្សព្វផ្សាយថាមានជាតិមុនក្រោយនេះអាចជាការកុហក់ទេ ហើយបើជាការកុហក់នោះវាជាអំពើបាបហើយ។ អំពីនរកសួគ៌ក៏ដូចគ្នាដែរ។ ចុះបើនរកមានតែក្នុងចិត្តនោះ ហេតុអ្វីបានជាព្រះសង្ឃបន្តផ្សាយថានរកមានពិត មានឋាន១ជាក់លាក់ដែលរាល់ទណ្ឌកម្មទាំងឡាយកើតឡើងពិតៗសម្រាប់រាល់នូវអំពើបាបទាំងឡាយដែលមនុស្សបានប្រព្រឹត្តិ។ ឡើងរកាដែកសម្រាប់អ្នកប្រព្រឹត្តិអំពើផឹតក្បត់ ចូលខ្ទះខ្លាញ់សម្រាប់មនុស្សដែលធ្វើអំពើបាបណា១ជាដើម។ ប្រសិនបើនេះជាការកុហក់ នោះព្រះសង្ឃកំពុងតែផ្សាយនូវអំពើជាមច្ឆាទិដ្ឋិជាប្រាកដហើយ។
ដូច្នេះតើអ្វីជាបុណ្យបាបរបស់ព្រះសង្ឃអោយប្រាកដ? ប្រសិនបើការយកកំណើតក្នុងគ្រួសារក្រីក្រតោកយ៉ាកជាអំណាចនៃកម្មផល ហើយជាតិមុខក្រោយមាននោះ ក្មេងដែលចូលបួសរៀនភាគច្រើនជាអ្នកសាងបាបពីជាតិមុន។ តែបើការបួសរៀនសាងកុសល្យដោយការផ្សាយធម៌អោយបរិស័ទជើងវត្តប្រព្រឹត្តិអំពើបុណ្យ នោះសង្ឃទាំងនេះកំពុងសាងនូវបុណ្យសម្រាប់ជាបច្ច័យសម្រាប់អនាគតប្រសើររបស់ខ្លួន។ នេះបើសិនជាយើងគិតថា ការផ្សាយធម៌ទាំងនោះមិនមែនជាធម៌កុហក់។ ចុះបើសិនជាធម៌នោះជាធម៌កុហក់វិញ ព្រះសង្ឃកំពុងតែសាងបាបបន្តទៀតហើយ។ ចុះធ្វើយ៉ាងណាទើបដឹងថា ធម៌ទាំងនោះជាសច្ចធម៌? អ្វីជាសច្ចធម៌? នេះជាសំនួរដែលយើងត្រូវបន្តពិភាគ្សា។ ដូច្នេះមានន័យថា ការផ្សាយធម៌ជាបាបឬបុណ្យត្រូវព្យួរ១អន្លើសិន រហូតដល់ពេលដែលយើងដឹងថាធម៌ដែលផ្សាយនោះជាសច្ចធម៌ ឬជាធម៌កុហក់។
ខ្ញុំបកស្រាយអំពីបាបបុណ្យ និងព្រះសង្ឃមកនេះ មិនមែនមានន័យថា ព្រះសង្ឃជាតួអង្គសង្គមដែលគួរស្អប់ខ្ពើមនោះទេ។ អ្វីដែលខ្ញុំចង់និយាយគឺអំពីបាបនិងបុណ្យ និងអ្វីដែលព្រះសង្ឃបង្រៀនអំពីបាបបុណ្យ និងថាតើសច្ចធម៌ក្នុងធម៌នេះមានកំរិតណា។
ព្រះសង្ឃជាកូនកសិករ ក្នុងសង្គមខ្មែរ ដែលគួរមានតួនាទីសង្គម និងចូលរួមចំណែកក្នុងការកសាងសង្គមដូចកូនកសិករផ្សេងទៀត កូនអ្នកមានអ្នកក្រផ្សេងទៀត និងមនុស្សខ្មែរទាំងអស់ក្នុងសង្គម។ អ្នកសិក្សាក្នុងសាលារដ្ឋទំនើបផ្សេងទៀត ដែលក្លាយជាគ្រូបង្រៀន អ្នកស្រាវជ្រាវ អ្នកជំនាញផ្សេងទៀត មន្ត្រីរាជការ អ្នករកស៊ីផ្សេងទៀត ក៏អាចជាកូនកសិករអ្នកក្រីក្រដូចគ្នា ឬកូនមនុស្សខ្មែរផ្សេងទៀត ដែលមានឋានៈសង្គមសេដ្ឋកិច្ចខុសពីគ្នា។
ដោយសារព្រះសង្ឃជាតួអង្គបង្រៀនសំខាន់១ក្នុងសង្គមខ្មែរ ការជជែកអំពីការបង្រៀនរបស់ព្រះសង្ឃមានសារសំខាន់ ដូចការជជែកអំពីគ្រូបង្រៀនតាមសាលាអាណាចក្រទំនើប កាលវិភាគសិក្សា ខ្លឹមសារបង្រៀន និងរៀន និងផលដែលបានពីការបង្រៀន។ ចំណេះដឹងទាំងនេះ អាក្រក់ឬល្អ មានផលប៉ះពាល់ដល់សង្គម ដល់ការរៀបចំសង្គម សេចក្តីសុខ ទំនាក់ទំនងសង្គម សីលធម៌ និងការរីកចំរើននៃសង្គម។
ដោយ ឈាត ស្រ៊ាង
Comments
Post a Comment