ឋានសួគ៌នៅឯណា?
មនុស្សខ្មែរភាគច្រើនដែលប្រតិបត្តិព្រះពុទ្ធសាសនា និងជឿលើការទេសនារបស់ព្រះសង្ឃអំពីសេចក្តីសុខ តែងស្រមៃចង់ទៅឋានសួគ៌។ អ្វីដែលផ្សាយតៗគ្នារហូតមក គឺឋានសួគ៌មាន តែទាល់តែជាតិក្រោយ។ មានន័យថា ទាល់តែក្រោយការស្លាប់ ព្រោះព្រសង្ឃជឿថា ជីវិតនឹងកើតទៀត ដោយអំណាចនៃកម្មផល។ ប៉ុន្តែចុះបើមិនមានជាតិក្រោយវិញ? ចុះបើយើងរកឃើញឋានសួគ៌នៅក្នុងពេលដែលយើងរស់នៅវិញ វានឹងក្លាយជារឿងប្រពៃណាស់ទៅ ហើយ ដោយមិនចាំបាច់ឲ្យយើងរង់ចាំដល់ជាតិក្រោយ ដែលមិនដឹងថាមានឬអត់ផងនោះ។ ពេលនេះ ខ្ញុំចង់ចូលរួមធ្វើការបកស្រាយអំពីជំនឿអំពីឋានសួគ៌នេះ និងផ្លូវទៅរកឋានសួគ៌ក្នុងជាតិនេះដោយពិតៗ។
ដើម្បីឆ្លើយនឹងសំនួរថាតើឋានសួគ៌នៅឯណា? ឬឯណាទៅឋានសួគ៌?
យើងអាចយកការបកស្រាយនៅក្នុងចំរៀងល្បី១បទរបស់លោកស៊ិនស៊ីសាមុត ក្រោមចំណងជើងថា
ឯណាទៅឋានសួគ៌ មកផ្តល់ជាគតិខ្លះៗ។
ឆ្លើយនឹងសំនួរដែលលើកឡើងដោយនារីម្នាក់ជាគូស្នេហ៍ថា ឯណាទៅឋានសួគ៌
អ្នកនិពន្ធបានធ្វើការបង្ហាញថា
នៅលើថ្ពាល់ លើភ្នែក
លើទ្រូងស្នេហ៍ អូនដឹងទេនេះជាឋានសួគ៌យើង ធ្វើចាបភ្លើងមិនខ្លាចភ្លើង
ភ្លើងស្នេហ៍មិនក្តៅទេអូន ត្រជាក់ណាស់ស្ងួនព្រលឹង។
បងនឹកស្មានតែឋានសួគ៌នៅឆ្ងាយ
ឆ្ងាយឯណានៅជិតបង្កើយ មួយជីវិតស្គាល់ឋានសួគ៌ហើយ នរកនៃចិត្តក្បត់អើយ
កុំឲ្យខ្ញុំជួប។
អូនថែពន្លឺស្នេហា
ចិត្តនិងចិត្តជឿគ្នា កុំក្បត់គ្នាងាយៗ ខ្លាចគេនិយាយ សើចពេបជ្រាយ
ឡកឡើយដៀលស្នេហាយើង។
គេងកើយទ្រូងបងមកព្រលឹង
មួយយប់ហ្នឹងយើងនៅទល់ភ្លឺ អត់ងងុយបើស្អែកឡើងឈឺ បងជាអ្នកថែជំងឺ
ថ្នមអូនផ្ទាល់ដៃ។
នេះជាចំរៀងស្នេហាប្រុសស្រី១គូ
ដែលព្យាយាមចង់បានសេចក្តីសុខ
ដូចអ្វីដែលគេនិយាយតគ្នាថាមានតែនៅឋានសួគ៌នោះ
ហើយធ្វើយ៉ាងណាទើបទៅដល់ទីនោះបាន។ សម្រាប់ស្នេហាប្រុសស្រី
ដូចដែលអ្នកនិពន្ធចំរៀងនេះបានលើកឡើងខាងលើនេះ ឋានសួគ៌នេះនៅជិតបង្កើយសោះ
មិននៅឆ្ងាយទេ អាចទៅដល់បាននៅជាតិនេះ ដោយមិនចាំបាច់ត្រូវរងចាំដល់ជាតិខាងមុខដែរ។
ឋានសួគ៌នេះនៅជិតអាចទៅដល់បានយ៉ាងងាយប្រសិនបើយើងមានបញ្ញា
ដឹងថាតើធ្វើយ៉ាងណានឹងរកឃើញ និងទៅដល់។ ជាក់ស្តែងក្នុងចំរៀងខាងលើ
ស្នេហាដែលជឿចិត្តគ្នា កុំក្បត់គ្នាងាយៗ
ដែលជាសេចក្តីចង់បាននៃគូស្នេហាទាំងឡាយ គឺជាឋានសួគ៌ពិត។ ដូច្នេះ
ឋានសួគ៌នេះ គឺនៅលើចិត្ត និងយល់ពីសច្ចធម៌នៃជីវិត។
សេចក្តីស្នេហាត្រូវការការរស់នៅជាមួយគ្នា យល់ចិត្តគ្នា ជឿគ្នា
រស់នៅក្នុងសហគមន៍មួយដោយសុខសាន្ត គេយល់ពីយើង យើងយល់ពីគេ។
ទាំងនេះជាឋានសួគ៌សម្រាប់គូស្នេហ៍១គូនេះ។
ខ្ញុំគិតថា
អត្ថន័យនៅក្នុងចំរៀងនេះ
បង្កប់នូវសំនួរអំពីជីវិតមនុស្សខ្មែរនៅសម័យកាលនោះ និងសម័យកាលក្រោយៗមកទៀតផងដែរ។
មនុស្សគ្រប់គ្នាចង់ទទួលបាននូវអារម្មណ៍សប្បាយសុខស្រួល មិននឿយណាយ
និងមិនមានទុក្ខលំបាក។ ឋានសួគ៌សម្រាប់មនុស្សខ្មែរ
ជាទីឋាន១ដែលពោពេញដោយសេចក្តីសុខ សេចក្តីសុខជាអចិន្ត្រៃយ៍
មិនមែនជាសេចក្តីសុខតិចតួចលិចអណ្តែតដូចអំពិលអំពែក
ដែលមនុស្សលោកមាននោះទេ។ ឋានសួគ៌ជាកន្លែងដែលមិនមានទុក្ខ។
ជាកន្លែងដែលលែងមាននូវតណ្ហា សេចក្តីលោភ អវិជ្ជា ដែលជាប្រភពនៃទុក្ខ។
ប៉ុន្តែមនុស្សជាទូទៅក៏តែងគិតថា
ទាល់តែទៅជាតិក្រោយទើបមានឋានសួគ៌។ ដូច្នេះ ឋានស៍គ៌នេះហាក់ជាទីកន្លែងដែលមិនមាននរណាដឹងថាធ្វើយ៉ាងណាទើបទៅដល់
ធ្វើសេចក្តីល្អបែបណា ទំហំប៉ុណ្ណា រូបភាពយ៉ាងណា
ទើបអាចឲ្យយើងទៅដល់នោះទេ។ សម្រាប់ខ្ញុំ
ដូចអ្វីដែលមានក្នុងចំរៀងខាងលើដែរ តាមពិតឋានសួគ៌នៅជិតបង្កើយទេ
មិនសម្រាប់តែស្នេហានោះទេ គឺសម្រាប់មនុស្សជាទូទៅ
ការរស់រាន់មនុស្សទាំងអស់ ហើយមិនចាំបាច់រងចាំដល់ជាតិក្រោយនោះទេ
ព្រោះជាតិក្រោយមានមិនមានក៏មិនដឹងផង។ តើធ្វើយ៉ាងណាទើបទៅដល់?
តើអ្នកណាចង់ទៅឋានសួគ៌ តើឋានសួគ៌មានមែនឬទេ? ទាំងនេះជាសំនួរដែលខ្ញុំនឹងធ្វើការបកស្រាយដូចខាងក្រោម។
អ្នកណាចង់ទៅឋានសួគ៌?
ហេតុអ្វី?
មនុស្សខ្មែររំពឹងថាខ្លួននឹងបានទៅឋានសួរនៅពេលណាមួយ។
ប្រាកដណាស់ អ្វីដែលយើងសង្កេតឃើញ មានតែមនុស្សវ័យចំណាស់ទេ ដែលចង់ទៅឋានសួគ៌។
តាមពិតទៅ គ្រប់គ្នាគិតចង់បានក្តីសុខ
ហើយក្តីសុខនេះទៀតសោតក៏រមែងតែមានការកំណត់និយមន័យផ្សេងគ្នាពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ជាក់ជាប្រាកដ។
ក្មេងជំទង់ នឹងធំដឹងក្តី និងចាស់ជាប្រាកដនៅពេលណា១តាមអំណាចនៃធម្មជាតិ។
ពេលចាស់ទៅ
គាត់ក៏នឹងដល់វេនគិតអំពីការប្រតិបត្តិពុទ្ធសាសនាកាន់តែដិតដល់
និងគិតអំពីឋានសួរនៃដូចគ្នា។
តើការយល់ឃើញអំពីឋានសួរក្នុងសង្គមខ្មែរមានសភាព និងសណ្ឋានបែបណា?
ខ្ញុំនឹងនិយាយអំពីការយល់ឃើញរបស់ខ្ញុំអំពីសំនួរនេះ តាមការចេះចាំ
យល់ឃើញផ្ទាល់ខ្លួន
ដោយសង្កេតលើការប្រតិបត្តិរបស់មនុស្សខ្មែរជាទូទៅដើម្បីយ៉ាំងឲ្យខ្លួនបានទៅឋានសួរក្នុងពេលណាមួយ។
សម្រាប់មនុស្សក្មេង
មិនបានគិតដល់ឋានសួរនៅឡើយទេ ហើយគេក៏សប្បាយនឹងភាពជាមនុស្ស
តាមវ័យវឌ្ឍនាការមិនលំអៀងឡើយ។ ពេលនៅក្មេងក្តីសុខគឺសប្បាយរីករាយនឹងជីវិតតាមក្រិតក្រមធម្មជាតិ
ដោយមិនមានកង្វល់អំពីការរស់នៅចិញ្ចឹមជីវិត សិក្សារៀនសូត្រពី
ជីវិតតាមការប្រាស្រ័យទាក់ទងគ្នាក្នុងភូមិ តាមមណ្ឌលមូលដ្ឋានផ្សេងៗ
និងតាមសាលារៀនជាដើម។
ក្មេងក្នុងគ្រួសារក្រីក្រអាចត្រូវធ្វើកិច្ចការក្នុងផ្ទះ
និងក្រៅផ្ទះផ្សេងៗដើម្បី
ជួយទំនុកបំរុងខាងជីវភាពសេដ្ឋកិច្ចគ្រួសារលើសពីគ្រួសារធូរធា។
ប៉ុន្តែក្នុងវ័យមិនទាន់ដឹងក្តី ទាំងក្មេងក្រីក្រ និងក្មេង
ដែលមានជីវភាពប្រសើររមែងតែងឆ្លងកាត់នូវការរៀនសូត្រតាមរយៈចំណេះដឹងពីមនុស្សវ័យផ្សេងៗ
និងពីការប្រតិបត្តិ និងពិសោធន៍ផ្ទាល់ខ្លួន
ទោះការពិសោធន៍នោះជួនត្រូវឆ្លងកាត់ការលំបាក ឬកំហុសឆ្លងយ៉ាងណាក៏ដោយ។
បទពិសោធន៍ទាំងនេះ នឹងបង្កើតជាកត្តាកំណត់នៃការពិចារណាអំពីសេចក្តីសុខ
សេចក្តីទុក្ខអំពីជីវិតការរស់នៅនៅពេលក្រោយ។
សម្រាប់មនុស្សធំពេញវ័យ
ពេលមានប្តីប្រពន្ធ និងកូន ជាគ្រួសារក្រោមដំបូលតែ១
សេចក្តីសុខអាចនឹងប្រែប្រួល បន្ថែមនូវរាល់កិច្ចការទាំងពួងផ្សេងទៀត
ដែលសង្គម និងធម្មជាតិជាមនុស្សបង្ខំ។
ខណៈដែលចំណង់ចង់បានក្តីសុខរបស់ជាបុគ្គលនៅបន្ត
មនុស្សវ័យនេះថែមចំណែកក្តីខុសរបស់ខ្លួន
ដោយការបង្ហាញសេចក្តីស្នេហាសម្រាប់មនុស្សដែលខ្លួនស្រលាញ់ មានប្តីប្រពន្ធ
និងកូនថែមទៀត។ រាល់ការកំណត់និយមន័យអំពីសេចក្តីសុខ
និងទុក្ខនេះទទួលឥទ្ធិពលខ្លាំងពីបរិដ្ឋានជុំវិញខ្លួន ពិសោធន៍ជីវិត
ការសិក្សាអំពីលោកនិតិ
និងការជំរិតពីការប្រែប្រួលផ្សេងៗនៃទំនាក់ទំនងសង្គម
ដែលបន្តជាប់ឥតដាច់ក្នុងជិវិត។
មនុស្សភាគច្រើន
ពិសេសអ្នកមានការត្រិះរិះពិចារណាអំពីជីវិត ពេលក្លាយជាឪពុកម្តាយគេ
ចាប់ផ្តើមដាក់ខ្លួនជាអ្នកទទួលខុសត្រូវ
និងមើលត្រលប់ទៅឪពុកម្តាយរបស់ខ្លួន
ដែលប្រហែលគាត់បានផ្តល់ការស្រលាញ់ស្នេហាដល់ខ្លួនកាលពីតូច
ដូចដែលខ្លួនកំពុងមានចំពោះកូនរបស់ខ្លួន។ ប៉ុន្តែនេះក៏ជាពេលដែលខ្លួនធ្វើការឆ្លុះបញ្ចាំងផងដែរ
ព្រោះជួនក៏មានមនុស្សមិនតិចទេ
ដែលចង់ធ្វើការចិញ្ចឹមបីបាច់កូនឲ្យប្រសើរជាងការបីបាច់ដែលខ្លួនបានទទួលពីមាតាបិតាខ្លួន។
ការគិតបែបនេះក៏ដោយសារ អ្វីដែលឪពុកម្តាយខ្លួនធ្វើលើខ្លួនមិនបានគ្រប់
ឬល្អដូចដែលខ្លួនចង់បាន។ ប្រសិនបើខ្លួនឃើញថា
ខ្លួនទទួលបាននូវការស្រលាញ់ចិញ្ចឹមបីបាច់ពីឪពុកម្តាយប្រសើរហើយ ខ្លួនក៏ចង់បន្តនូវការប្រតិបត្តិបែបនេះចំពោះបុត្ររបស់ខ្លួនដែរ។
ការយល់ឃើញទាំងនេះអាចខុសគ្នាដោយការអប់រំ
កំរិតនៃការអប់រំដែលមនុស្សម្នាក់ៗបានទទួល ការត្រិះរិះពិចារណា
និងការយល់ឃើញអំពីទំនាក់ទំនងរវាងឪពុកម្តាយ និងកូន
និងទំនាក់ទំនងរវាងមនុស្សក្នុងសង្គម។
មនុស្សខ្មែរ
ក៏ដូចមនុស្សជាតិសាសន៍ផ្សេងទៀតក្នុងលោក កាន់តែចាស់ទៅ កាន់តែគិតថាខ្លួនខិតទៅរកសេចក្តីស្លាប់
និងគិតអំពីអ្វីនឹងកើតឡើងក្រោយពេលស្លាប់។ ជាធម្មជាតិ
កើតចាស់ឈឺស្លាប់ ជាវាលវដ្តសង្សា។ ដូច្នេះហើយ
ការស្វែងយល់អំពីជីវិតនេះហាក់បញ្ចប់នៅពេលខ្លួនកាន់តែចាស់
ហើយចំលើយថាតើខ្លួននឹងទៅជាអ្វីក្រោយពេលស្លាប់ហាក់ពុំមានចំលើយណាមួយឲ្យប្រាកដនោះទេ។
ក្នុងផ្នែកសាសនាដែលសាយភាយក្នុងស្រុកខ្មែរ
សត្វលោកដែលស្លាប់ទៅនឹងទៅយកកំណើតជាអ្វីមួយតាមអំណាចនៃកម្មរបស់ខ្លួន។
ប៉ុន្តែថាតើនេះជាសច្ចភាពនៃកំណើតមនុស្សសត្វឬយ៉ាងណា
គ្មាននរណាអាចឆ្លើយបាននោះទេ។ ប្រាកដណាស់ ក្រោយពេលស្លាប់ទៅ តាមការនិយាយតៗគ្នាក្នុងចំណោមពុទ្ធសាសនិកខ្មែរ
ទីឋានដែលប្រពៃបំផុតសម្រាប់អស់សត្វទាំងអស់ ក្រោយពេលលាចាកលោកនេះទៅ
គឺឋានសួគ៌។
ឋានសួគ៌នេះ
បើតាមការពន្យល់របស់ព្រះសង្ឃ និងការយល់ផ្សាយតៗគ្នាពីជំនាន់១ទៅ១
គឺជាកន្លែងដែលមិនមានរាល់ទុក្ខកង្វល់ទាំងឡាយ
ដែលមនុស្សសត្វនៅក្នុងឋានមនុស្សរាល់ថ្ងៃនេះត្រូវឆ្លងកាត់ទេ។ នៅឋានសួរ
លែងមាន ការចង់បាន ចំណង់តណ្ហា ការឈ្នានីសដែលធ្វើឲ្យរង្គាសចិត្ត
ការពេបជ្រាយ ការឈឺចាប់ទាំងផ្លូវចិត្ត ផ្លូវកាយ ការចង់បានចង់មានខាងផ្នែកទ្រព្យសម្បត្តិ
ការចង់ឲ្យរបស់អ្វី១មកជារបស់អញសួនតួ។ និយាយជារួម ឋានសួគ៌មានទេសេចក្តីសុខជាអមតទេ។
ហើយសេចក្តីសុខនេះហើយដែលមនុស្សគ្រប់គ្នាចង់បាន
តែខ្លួនពុំទទួលបានពេលរស់រានមានជីវិត។
តើនេះជាការយល់ឃើញត្រឹមត្រូវដែរឬទេ?
ដោយសារការគិតបែបនេះហើយ
ទើបមនុស្សម្នាត្រូវខំប្រឹងធ្វើបុណ្យ ដើម្បីបានទៅឋានសួគ៌
ហើយការធ្វើបុណ្យទៀតសោត គឺធ្វើនឹងព្រះសង្ឃ
ដែលជាបុត្រនៃព្រះសមនគោត្តម ឬព្រះពុទ្ធដែលបានត្រាសដឹង និងវត្តអារាម
ដែលជាទីអាស្រ័យនៃធម៌របស់ព្រពុទ្ធទើប បុណ្យកុសលដែលនឹងទទួលបាន
កាន់តែមានកំលាំងខ្លាំងនាំយើងទៅដល់ឋានសួគ៌។ សម្រាប់ពុទ្ធសាសនិក
ព្រះពុទ្ធទ្រង់យល់ញ្ញាណដល់រាល់សច្ចភាពទាំងឡាយក្នុងលោក។
ការធ្វើបុណ្យនឹងព្រះពុទ្ធសាសនា
មានទាំងការទំនុកបំរុងមនុស្សខ្មែរដែលចង់បួសជាព្រះសង្ឃ
សិក្សាគម្ពីព្រះត្រៃបីតក ដែលជាធម៌ដែលព្រះពុទ្ធអង្គបានបន្សល់ទុក ការសាងសង់ព្រះវិហារដែលជាទីឋានសម្រាប់តម្កល់បដិមាព្រះពុទ្ធ
ផ្តល់ជាទានសម្រាប់ទំនុកបំរុងព្រះសង្ឃ
ដែលមិនអាចប្រកបរបររកស៊ីដូចមនុស្សដទៃបាន ដោយសារ១ខ្លួនជាអ្នកប្រតិបត្តិធម៌របស់ព្រះពុទ្ធក្នុងកំរិតខ្ពស់បំផុត
ហើយ១ទៀត ដោយសារការប្រតិបត្តិនេះខ្លួនត្រូវលះបង់នូវរាល់ការប្រតិបត្តិដូចមនុស្សធម្មតាទៀតហើយ
ការសាងសង់ថែរក្សាទីឋានវត្តអារាមមានកុដសម្រាប់ព្រះសង្ឃ របងវត្ត
សាលាឆ័ន្ទ និងព្រះបដិមាជាដើម។ តាមជំនឿខ្មែរ ធ្វើបុណ្យនឹងសង្ឃ
និងវត្តផ្ទាល់ហាក់មានកំរិតបុណ្យខ្ពស់បំផុត
ដែលនឹងអាចឲ្យខ្លួនរំដោះខ្លួនចេញពីវាលវដ្តសង្សាជីវិត
ដែលពោពេញដោយទុក្ខជាប្រក្រតីឆ្ពោះទៅឋាន១ដែលជាទីស្ងប់សុខគឺឋានសួរ។
ក្រៅពីនេះការអោយទានដល់អ្នកដទៃក៏ជាអ្វីដែលសាសនាបានប្រៀនប្រដៅសម្រាប់អ្នកប្រតិបត្តិធ្វើផងដែរ
ដើម្បីសាងកុសល់បានទៅដល់ជាតិខាងមុខ ឬបានទៅឋានសួគ៌។
នេះជាកិរិយាល្អប្រសើរណាស់
ហើយបានចូលរួមចំណែកកសាងសង្គមមួយឲ្យមានការជួយយកអាសាររវាងគ្នានឹងគ្នា
និងចែករំលែកធនធាន សម្រាប់ការរស់រានរបស់មនុស្សផងគ្នា។ ប៉ុន្តែសំនួរថាតើ
ឋានសួគ៌ពិតជាមែនដែរឬទេ? បើមាននៅឯណា?
តើមានឋានសួគ៌ទេ?
បើមាននៅឯណា?
កាលដែលមនុស្សគ្រប់គ្នាចង់បានសេចក្តីសុខធំធេង
និងជៀសឲ្យផុតពីទុក្ខទាំងឡាយនេះ មនុស្សខ្មែរហាក់ភ្លេចគិតថា
នេះជាជំនឿដែលមិនមានមូលដ្ឋាន និងមិនប្រកបដោយបញ្ញានោះទេ។ តាមពិត
ឋានសួគ៌ដែលគាត់ជឿនោះ ជាឋានសុខមួយ ដែលខ្លួនស្រមៃថាអាចមានអត្ថិភាព
ហើយក្រោយខ្លួនស្លាប់ទៅ បើបុណ្យខ្លួនមានច្រើន
អាចបណ្តាលអោយខ្លួនបានទៅដល់។ នេះជាការស្រមៃ
ដែលអាចកើតឡើងតែនៅពេលខ្លួនមានជីវិតប៉ុណ្ណោះ
ព្រោះថាក្រោយពីស្លាប់ទៅខ្លួនមិនទាំងដឹងថាតើខ្លួនអាចមានលទ្ធភាពស្រមៃថានឹងមានឋានសួគ៌បានឬអត់ផង។
មួយវិញទៀត
ខ្លួនភ្លេចគិតថា តាមពិតឋានសួគ៌បើមានមែន គឺមិននៅឆ្ងាយទេ។ ឋានសួគ៌ នៅជិតបង្កើយសម្រាប់មនុស្សគ្រប់គ្នា
ដែលមានបញ្ញា។ ឋានសួគ៌នេះមិនមែននៅឆ្ងាយរហូតទៅមិនដល់
ឬរងចាំរហូតដល់ខ្លួនស្លាប់ទៅបានទៅដល់នោះទេ។ ឋានសួគ៌នេះ គឺនៅជាប់នឹងមនុស្សគ្រប់គ្នា
ដែលមានបញ្ញាអាចមើលឃើញ និងអាចប្រតិបត្តិជីវិតល្អប្រពៃដើម្បីបានទៅដល់។
ផ្ទុយទៅវិញ អ្នកពុំមានបញ្ញា រួមទាំងព្រះសង្ឃខ្លះផង ទោះលោកជាសាមណៈ
ឬអ្នកសិក្សាអំពីធម៌របស់ព្រះពុទ្ធ យល់មិនបាន និងទៅមិនដល់ឋានសួគ៌ទេ។
និយាយម្យ៉ាងទៀត មានតែអ្នកមានបញ្ញាទេ ទើបអាចមានលទ្ធភាពទៅដល់ឋានសួគ៌
ដែលជាទីប្រកបដោយសេចក្តីសុខ ពោពាសដោយសេចក្តីមេត្តាករុណា
មិនមានការច្រណែនឈ្នានីស សេចក្តីសោកសង្រេង ទុក្ខព្រួយគ្រប់បែបយ៉ាង
សេចក្តីទោមនស្ស ការត្រេកត្រអាល មន្ឌិលសង្ស័យ
និងទុក្ខផ្សេងទៀតដែលមនុស្សទូទៅមាន។
តាមពិតទៅ ឋានសួគ៌
គឺនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នា។ គឺចិត្តនេះជាឋានសួគ៌
ជាប្រធានពិតក្នុងការស្វែងរកឋានសួគ៌ ស្វែងរកសេចក្តីសុខពិតប្រាកដ។
ឋានសួគ៌មានតែនៅក្នុងជីវិត ដែលមានតែមួយនេះប៉ុណ្ណោះ។
ការស្វែងរកសេចក្តីសុខនេះ ស្វែងរកឋានសួគ៌នេះ
មិនបាច់ត្រូវរងចាំដល់ជាតិក្រោយទេ ព្រោះថាជាតិក្រោយមិនមានទេ។
ជាតិក្រោយមិនមានដោយសារគ្មាននរណាដឹងថា ស្លាប់ទៅយើងទៅដល់ណាទេ។
ហើយបើយើងមិនដឹងថាទៅដល់ណា ហើយយើងជឿដោយងងឹតងងុលនោះ
ក៏ដោយសារយើងគ្មានបញ្ញាដែរ។
ដូច្នេះបើឋានសួគ៌មានពិត
ហើយបើឋានសួគ៌គឺចិត្ត ស្ថិតនៅក្នុងចិត្ត
ហើយបញ្ញាជាមាគ៌ានាំយើងទៅដល់ឋានសួគ៌បាន យើងត្រូវសួរថា
តើធ្វើយ៉ាងណាទើបឲ្យយើងមានបញ្ញា?
ហើយតើបញ្ញាបែបណាទើបនៃយើងទៅដល់ទីឋានប្រកបដោយសេចក្តីសុខបាន?
ខាងក្រោយខ្ញុំនឹងពន្យល់ខ្លះៗអំពីសំនួរខាងលើនេះ។
ធ្វើយ៉ាងណាទើបចិត្តមានបញ្ញា?
ដើម្បីឲ្យចិត្តប្រកបដោយបញ្ញា
មនុស្សយើងចាំបាច់ត្រូវសិក្សារៀនស្វែងយល់អំពីជីវិតតាមគ្រប់រូបភាពទាំងអស់។
មនុស្សគ្រប់គ្នាអាចមានចិត្ត ប៉ុន្តែបើមិនមានបញ្ញាទេ
នោះក៏មិនអាចរកសេចក្តីសុខ ឬឋានសួគ៌ឃើញដែរ។
ថាតើធ្វើយ៉ាងណាទើបយើងទទួលបាននូវបញ្ញាបែបនេះបាន?
ខាងក្រោយខ្ញុំនឹងជជែកវែកញែកអំពីសំណួរដែលលើកឡើងខាងលើនេះ។
នៅក្នុងសង្គមខ្មែរ
ដោយការជឿលើជាតិមុខជាតិក្រោយ ការបង្រៀនអ្នកប្រតិបត្តិសាសនាមិនមែនបង្រៀនឲ្យពង្រឹងបញ្ញានោះទេ។
ខណៈដែលមនុស្សគ្រប់គ្នាបានរៀនថា បញ្ញាជាគ្រឿងសំខាន់សម្រាប់ដឹកនាំជីវិត
គន្លងនៃការបង្រៀននេះមិនបានបង្កើននូវបញ្ញា
តែបែជាបង្កើតនូវទំលាប់ផ្សេងៗ ដែលយូរៗទៅក្លាយជាការប្រតិបត្តិសឹងប្រៀបបាននឹងមនុស្សឥតបញ្ញាទាល់តែសោះ។
ជាក់ស្តែង ខណៈដែលធម៌កម្មផលជាធម៌បង្រៀនសំខាន់ក្នុងព្រះពុទ្ធសាសនា
មនុស្សគ្រប់គ្នាជឿលើកម្មផលដោយងងឹតងងុល ដោយមិនមានការពិចារណា។
កម្មជាអំពើរ ហើយផលកើតឡើងពីអំពើ។ នេះជាធម្មពិត។ ប៉ុន្តែកម្មអ្វី
នាំទៅរកផលអ្វី គ្មាននរណាបានបង្រៀនទេ។ ការបង្រៀនពីនរកប្រែត
គ្រាន់តែជាគ្រឿងសម្រាប់បំភ័យមនុស្សប៉ុណ្ណោះ
តែមិនបានផ្សារភ្ជាប់នឹងមូលដ្ឋានហេតុ និងផល ប្រកបដោយបញ្ញានោះទេ។
មួយវិញទៀត
ការបង្រៀនតៗគ្នារហូតមក គឺការធ្វើបុណ្យ។ ការធ្វើបុណ្យនេះទៀតសោត
សំដៅដល់ការកសាងកុសល តាមអំពើល្អរបស់ខ្លួន
បំណងឲ្យបានផលល្អទៅជាតិខាងមុខ។ ទោះខ្ញុំមិនជឿថាមានជាតិមុខ
ការធ្វើអំពើល្អ ជាកិរិយាគួរគោរព។ ប៉ុន្តែសម្រាប់ខ្ញុំ ការធ្វើបុណ្យ គឺមិនមែនសម្រាប់ជាតិមុខទេ។
ការធ្វើអំពើល្អគឺសម្រាប់ជាតិនេះ ព្រោះថាឋានសួគ៌មានតែនៅក្នុងជាតិនេះទេ។
ប៉ុន្តែការធ្វើបុណ្យដែលខ្ញុំសង្កេតឃើញ ភាគច្រើនជាការធ្វើបុណ្យ
ដែលមិនប្រកបដោយបញ្ញាទេ។ នេះជាការធ្វើបុណ្យប្រកបដោយចិត្តលោភ
មិនមែនជាប្រភេទបុណ្យ
ដែលអាចអោយផលដល់អ្នកសមប្រកបដោយលក្ខណៈគ្រប់គ្រាន់បានទៅដល់ឋានសួគ៌នោះទេ។
ផ្ទុយទៅវិញ ការធ្វើបុណ្យប្រភេទនេះ នឹងធ្វើឲ្យចិត្តទោមនស្ស
និងប្រាកដជានាំអ្នកទៅរកទុក្ខ។
ជាក់ស្តែង
ខ្ញុំបានឃើញមានមនុស្សខ្មែរខ្លះ ដោយសេចក្តីលោភរបស់ខ្លួន
បាននាំគ្នាធ្វើបុណ្យសង់របងវត្ត ឬកសាងអគារក្នុងវត្តជាដើម។
ដោយអំណាចនៃសេចក្តីលោភ ម្នាក់ៗចង់បានមុខមាត់
ហើយសង្វាតចង់ឲ្យគេដាក់ឈ្មោះខ្លួនចារលើផ្ទាំងរបងដែលខិតជិតទ្វាររបង
ឬចំណែកនៃអាគារដែលងាយមើលឃើញ។ ធ្វើដូច្នេះ
ទើបអ្នកផងទាំងពួងដែលឆ្លងទៅមក បានឃើញនិងបានល្បី
សមតាមកិលេសនៃមនុស្សដែលមិនប្រកបដោយបញ្ញា។
បុគ្គលទាំងឡាយណាដែលធ្វើបុណ្យដោយកិរិយាលោភលន់បែបនេះ
នឹងប្រាកដជាជួបទុក្ខ ចេញពីអំពើខ្លួនមិនខាន។ នេះក៏ដោយសារ
មនុស្សប្រភេទនេះ បើមិនបានសមបំណងខ្លួន និងប្រទុស្តសរាយនឹងខ្លួនឯង
ដែលជាហេតុនាំទៅរកទុក្ខជាពុំខានឡើយ។
សេចក្តីលោភរបស់គាត់ប្រាកដជាមានច្រើនអនែក
ហើយយើងដឹងហើយថាសេចក្តីលោភកាន់តែច្រើន លទ្ធភាពដែលមិនបានសម្រេចដូចបំណងកាន់តែច្រើន
ទុក្ខកាន់តែច្រើន។ ចុងក្រោយ ចិត្តមិនបានស្ងប់
និងមិនបានដល់ឋានសួរឡើយ។
និយាយដល់ត្រង់នេះ
យើងអាចសួរថា ហេតុអ្វីបានព្រះសង្ឃខ្លួនឯង
ដែលជាជនគួរសាបព្រួសនូវសច្ចធម៌ ដែលមិនមានសេចក្តីលោភ បែជានាំគ្នាធ្វើរបងហើយ
ចាំបាច់ត្រូវចារឈ្មោះទៀត
ដែលនេះជាដើមចមនៃទុក្ខសម្រាប់បរិស័ទ្ទខ្លះផង។ ចំលើយគឺ១ចំណែកគឺដោយសារ
ព្រះសង្ឃខ្លួនឯងមិនមានបញ្ញា ស្តីអំពីឋានសួគ៌ សេចក្តីសុខក្នុងចិត្ត
និងសច្ចភាពពិតនៃជីវិត។ មួយវិញទៀត ដោយសារសេចក្តីលោភរបស់ខ្លួន
និងសេចក្តីលំអៀងរបស់ខ្លួន ដែលចង់ឲ្យមានការលោភលន់នេះ អ្នកជឿតាមខ្លួនកាន់តែមានចិត្តលោភលន់នៅក្នុងការចិញ្ចឹមជីវិតរបស់ខ្លួន។
ខណៈដែលមនុស្សសត្វត្រូវការទីជំរក ដើម្បីការពារខ្លួនពីធម្មជាតិ
និងបង្កជាលក្ខណៈងាយស្រួលសម្រាប់ចូលរួមចំណែកសម្រេចឲ្យបាននូវគោលបំណង
និងទិសដៅសង្គម រាល់ការសាងសង់ ដែលធ្វើឡើងដើម្បីភាពអស្ចារ្យ
ជាទង្វើផ្ទុយនឹងសាសនាព្រះពុទ្ធ និងមិនបំរើពុទ្ធសាសនាទេ។
តាមពិត
ការធ្វើបុណ្យត្រូវញ៉ាំងដោយចិត្តបរិសុទ្ធ និងមិនគិតពីផលត្រលប់
ទើបនាំបុគ្គលនោះទៅឋានសួគ៌បាន។ អ្នកទាំងឡាយណា
ដែលមិនមានសេចក្តីលោភចង់បានមុខមាត់
ទាមទារឲ្យមានឈ្មោះខ្លួនលើផ្ទាំងរបង
ឬមិនប្រកាន់យកឈ្នះរកទីតាំងដាក់ឈ្មោះខ្លួន ដើម្បីឲ្យគេឯងមើលឃើញ
ជាបុគ្គលប្រកបដោយបញ្ញា។ មនុស្សប្រភេទនេះ មិនមែនជាមនុស្សឥតបញ្ញាទេ។
តាមពិតគាត់ជាមនុស្សមានបញ្ញាពិតប្រាកដ
ហើយគាត់ច្បាស់ជាបានដល់សេចក្តីសុខក្នុងចិត្តឥតគណនា។
តាមពិតគាត់មិនមែនល្ងង់ទេ
គឺអ្នកដែលលោភលន់ទេជាមនុស្សដែលមិនប្រកបដោយបញ្ញា និងមិនសមប្រកបបានទៅឋានសួរ។
ទង្វើប្រកបដោយបញ្ញា
ជាទង្វើដែលធ្វើឡើង ដើម្បីសេចក្តីសុខរបស់ខ្លួន
និងសេចក្តីសុខរបស់អ្នកដទៃ។ នេះខ្ញុំមិនសំដៅថា
អ្នកដទៃរស់មិនបានដោយគ្មានយើងទេ។ តាមពិតយើងខ្លួនឯងជាអ្នកដទៃសម្រាប់មនុស្សផ្សេង
ហើយមនុស្សផ្សេងទៀតជាអ្នកដទៃសម្រាប់យើង។ ប៉ុន្តែដោយសារ
ការរស់នៅក្នុងសង្គមរមែងតែងមិនសមប្រកបដូចដែលមនុស្សយើងចង់បាន
និងតែងមានសភាពមិនដូចគ្នា ការពឹងអាស្រ័យគ្នា ជារឿងធម្មតា។
គឺការពឹងអាស្រ័យគ្នានេះហើយ ដែលបង្កជាឱកាសសម្រាប់ការសាងកុសល
ធ្វើអំពើល្អ ដែលនាំដល់សេចក្តីសុខក្នុងចិត្ត និងបានទៅឋានសួគ៌ពិតប្រាកដពេលខ្លួននៅមានអាយុសង្ខា។
ទំនាក់ទំនងរវាងមនុស្សនិងមនុស្សនេះហើយ
ដែលធ្វើយើងមានលទ្ធភាពស្វែងយល់អំពីអ្វីជាជីវិតពិតប្រាកដ
ហើយអ្វីជាសេចក្តីសុខពិតប្រាកដ និងអ្វីជាឋានសួគ៌ពិតប្រាកដ។
ព្រះពុទ្ធមិនបានប្រៀនប្រដៅមនុស្សអោយធ្វើអំពើអាក្រក់លើគ្នាទេ មិនអោយសម្លាប់
ឬធ្វើបាបអ្នកដទៃតាមការលួចប្លន់ ការឆក់ ការបោកប្រាស់ ការកុហក
និងការធ្វើទុក្ខបុកម្និញផ្សេងទៀតនោះទេ។ នេះយើងអាចយល់បានថា ក៏ដោយសារគ្មាននរណាម្នាក់ចង់ឲ្យគេធ្វើអំពើអាក្រក់មកលើខ្លួនទេ។
ហើយបើយើងមិនចង់អោយគេធ្វើដូច្នេះមកលើខ្លួន ថាតើយើងខ្លួនឯងគួរធ្វើអំពើទាំងនេះលើអ្នកដទៃទេ?
ប្រាកដជាមិនគួរទេ។ សច្ចភាពនេះហើយជាប្រភពនៃសុភមង្គល និងសេចក្តីសុខ។
ការបានធ្វើអ្វី១លើអ្នកដទៃ
ដែលខ្លួនគិតថាខ្លួនក៏ចង់បានដូចគ្នាបើខ្លួនស្ថិតក្នុងស្ថានភាពនោះ
ជាសេចក្តីសុខធំធេងឥតគណនា។ ការដែលដឹងខ្លួនថា
ប្រសិនបើខ្លួនមានក្តីសុខ ប្រសិនបើមនុស្សផងគ្នាធ្វើដូច្នេះមកលើខ្លួន
នោះការធ្វើអំពើនេះលើអ្នកដទៃដោយសុទ្ធចិត្ត
មិនគិតពីការតបស្នងនឹងបានជាសេចក្តីសុខពិតប្រាកដ
អ្នកធ្វើកុសលនេះនឹងបានទៅឋានសួគ៌ភ្លាម ដោយមិនមានអ្វីត្រូវរងចាំឡើយ។
ការដែលចង់បានផលត្រលប់សួនតួមកវិញ ដូចបរិស័ទ្ទ ដែលចូលថវិកាសង់របងវត្ត
នឹងនាំមកនូវទុក្ខពុំខាន ពេលផលជាក់ស្តែងមិនចេញជារូបរាងដូចប្រាថ្នា
ឬពេលដែលចិត្តរបស់ខ្លួនប្រែប្រួលក្នុងការរំពឹងទុកនេះ។
កម្មផ្សេងទៀតដែលយើងអាចធ្វើបានមានច្រើនជាអនេក។
ឧទាហរណ៍មួយទៀត ពាក់ព័ន្ធនឹងការចិញ្ចឹមកូន។ ការផ្ទុកផ្តាក់នូវការហូបចុកល្អ
គ្រប់គ្រាន់ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន ជាសេចក្តីសុខពិតប្រាកដ។
ជាក់ស្តែង ក្នុងសង្គមមនុស្ស
តែងមានភាពខុសគ្នាពីគ្រួសារ១ទៅគ្រួសារ១មានស្ថានភាពផ្សេងគ្នា
ស្ថានភាពសេដ្ឋកិច្ច ចំណេះដឹងអំពីលោក និងបញ្ញាអំពីធម៌ ប៉ុន្តែរឿងធំបំផុតគឺនៅត្រង់ថាតើ
ឪពុកម្តាយបានប្រឹងប្រែងអស់លទ្ធភាពដើម្បីមនុស្សដែលខ្លួនស្រលាញ់ហើយឬនៅ។
ការប្រឹងប្រែងនេះមិនសំដៅដល់ការធ្វើបាបដោយអ្នកផងផ្សេងទៀត
ដើម្បីសេចក្តីសុខរបស់កូនគ្រួសារខ្លួននោះទេ។ ការធ្វើដូច្នេះ នឹងធ្វើឲ្យមានការរង្គៀសចិត្ត
និងទុក្ខធំក្រៃលែងដល់ខ្លួន អ្នករងទុក្ខទោសដោយសារខ្លួន
និងកូនខ្លួនជាប្រាកដ។ នេះក៏ដោយសារ
ការស្រលាញ់បែបនេះមិនមែនជាការស្រលាញ់ដោយបញ្ហាទេ។ កូនខ្លួន
គ្រួសារខ្លួនដែលទទួលលាភពីអំពើអាសោកទាំងនេះ នឹងរង្គ្រៀសចិត្តនៅថ្ងៃណា១
ដែលជាប្រភពនៃទុក្ខជាពុំខាន។ នេះ ក៏ដោយសារ
ប្រសិនបើការជួយអ្នកដទៃត្រូវបានផ្សព្វផ្សាយ
ទោះគ្រួសារខ្លួនស្ថិតក្នុងស្ថានភាពលំបាកប៉ុណ្ណា
ក៏ប្រាកដជាមានគ្រួសារដទៃមកជួយ ប្រកបដោយសទ្ធាជ្រះថ្លា។ ដូចគ្នានេះដែរ
ប្រសិនបើយើងឃើញអ្នកភូមិផងរបងជាមួយ មានទុក្ខលំបាក
យើងក៏ធ្វើដូចគ្នាចំពោះគាត់ដែរ
ដើម្បីញ៉ាំងអោយគ្រប់គ្នាមានការរស់នៅសមប្រកប និងមានសេចក្តីសុខ
ទាំងផ្លូវកាយ និងផ្លូវចិត្តដូចគ្នា។
ភ្ជាប់គ្នានេះផងដែរ
ការបង្កលក្ខណៈសម្រាប់ឲ្យមនុស្សគ្រប់គ្នាមានបញ្ញា
មានការយល់ដឹងអំពីជីវិត និងអំពីពិភពលោកជំវិញខ្លួននេះ
ជាកម្មដែលប្រកបដោយបុណ្យធំធេងឥតគណនា ដែលបុគ្គលគ្រប់រូបគួរចូលរួម។
ឋានសួគ៌ពិត ប្រាកដជានឹងសន្ឋិតឡើងក្នុងចិត្តមនុស្សគ្រប់គ្នា
ពេលយើងបានចូលរួមចំណែកដល់ការកសាងបញ្ញាសម្រាប់សង្គមទាំងមូល។
គឺការអប់រំបញ្ញានេះហើយ
ដែលនឹងនាំដល់ការកំចាត់បង់នូវសេចក្តីលោភទាំងឡាយដែលនាំទុក្ខដល់អ្នកដទៃ
និងបង្កជាលក្ខណៈងាយស្រួលសម្រាប់មនុស្សផងគ្នាកាន់តែច្រើនបានទៅដល់សេចក្តីស្ងប់
និងដល់ឋានសួគ៌។
នេះជាការចូលរួមកសាងគ្រឹះការអប់រំ
ដែលជាប្រភពចំបងនៃបញ្ញា។
ការអប់រំតាមបែបព្រះពុទ្ធសាសន៍ផ្សារភ្ជាប់ពីការសិក្សាទ្រឹស្តីសាសនាដូចជាទ្រឹស្តីកម្មផល
តួនាទីនៃចិត្ត និងការតាំងចិត្ត ជាដើម នឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងនៅសម័យកាលព្រះពុទ្ធអង្គនៅមានជន្មាយុនៅឡើយ
និងមានចងក្រងក្នុងគម្ពីសាសនា។
នេះជារបៀបសិក្សារៀនសូត្រមួយអំពីការរស់នៅប្រកបជីវិតទៅតាមការបង្រៀនរបស់ព្រះពុទ្ធ
ដែលមានសារសំខាន់។
ប៉ុន្តែទន្ទឹមនេះ
ដោយសារសង្គមមនុស្សប្រែប្រួល ការរីកចំរើនបច្ចេកវិទ្យា វិទ្យាសាស្ត្រ
និងការរៀបចំជីវិតមានការប្រែប្រួលឥតឈប់ឈរក្នុងរយៈពេលពីរបីរយឆ្នាំចុងក្រោយនេះ
ការសិក្សាអំពីការរស់នៅនៃសង្គមដទៃក៏មានសារសំខាន់ខ្លាំងផងដែរ។
នេះក៏ដោយសារ ការសិក្សាពីអតីតកាលក្នុងសង្គមឥណ្ឌាតែ១មុខ
មិនគ្រប់គ្រាន់សម្រាប់បង្កើនបញ្ញា ឲ្យមានលក្ខណៈទូលំទូលាយ
ដើម្បីបដិបត្តិជីវិត១ប្រកបដោយអត្ថន័យ
សម្រាប់សម្រេចបាននូវសេចក្តីសុខដែលមនុស្សចង់បាន ដោយបញ្ញា។
ដើម្បីធ្វើដូច្នេះបាន ទាមទារឲ្យមានការអប់រំ១ទូលំទូលាយ និងមានលក្ខណៈទំនើប
សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់យល់ដឹងអំពីពិភពលោកទាំងមូល
តាមសច្ចធម៌របស់ជីវិតអ្នកផងទាំងឡាយ។
ចំណេះដឹងនេះនឹងញ៉ាំងជីវិតបុគ្គលគ្រប់រូបឲ្យមានជំរើសក្នុងការរស់នៅដោយបញ្ញា
ដែលជាយាននាំទៅដល់សេចក្តីសុខ និងឋានសួគ៌។
ប្រាកដណាស់ថា
ដោយសារបទពិសោធន៍ជីវិត ការស្វែងយល់អំពីដំណើរនៃជីវិត
លទ្ធភាពក្នុងការសិក្សារៀនសូត្រអំពីសង្គមមនុស្ស
និងធម្មជាតិមនុស្សខុសគ្នា
មានអ្នកខ្លះក៏មិនយល់អំពីមាគ៌ាទៅរកសេចក្តីសុខនេះដែរ។
ដោយសារហេតុដូច្នេះហើយ ទើបការជួយធ្វើទានដល់គ្នាទៅវិញទៅមកជាសេចក្តីសុខពិត។
លើសពី នេះទៀត បើទាននោះញ៉ាំងដល់ការបង្កើតជាបញ្ញា
ដើម្បីនាំដល់សេចក្តីសុខនៃអ្នកទទួលទានផងនោះ កាន់តែប្រសើរទៀត។ រាល់ទានដែលបង្កើតជាបញ្ញា
នាំមកនូវសេចក្តីសុខធំធេងជាងសាងសង់ព្រះវិហារទៀត។
ពេលមនុស្សមានបញ្ញា គេអាចយល់បានថា
ឋានសួគ៌នៅជិតបង្កើយ ដូចអ្វីដែលអ្នកនិពន្ធចំរៀងឋានសួគ៌នៅឯណា
តាក់តែងឡើងដូច្នោះដែរ។ ពេលមានបញ្ញា ឋានសួគ៌នេះ
កើតឡើងនូវគ្រប់ទំនាក់ទំនងមនុស្សទាំងអស់ មិនថាតែខាងផ្នែកស្នេហានោះទេ។
បើគ្រប់គ្នារំពឹងថាឋានសួគ៌មិនអាចមាននៅក្នុងជាតិនេះទេ
គឺមានតែនៅជាតិក្រោយនោះ ការស្វែងរកឋានសួគ៌ជាការភូតកុហក់
និងជាមាយានៃជីវិតយ៉ាងប្រាកដ។ ព្រោះថា ជាតិក្រោយមិនមាទេ។
ជិវិតមានតែ១ទេ។ ការជឿលើអ្វីដែលយើងមិនអាចដឹងបាន គឺជាការជឿដោយគ្មានបញ្ញា។
ជីវិតឥតខ្ចោះ មិនមែនជាជីវិតទេ។ ជីវិតឥតទុក្ខមិនមែនជាជីវិតទេ។
ជីវិតប្រកបដោយសុខជាអចិន្ត្រៃយ៍មិនមែនជាជីវិតទេ។
អ្វីដែលយើងត្រូវបដិបត្តិជីវិត គឺកាត់បន្ថយទុក្ខ
និងបង្កើតសេចក្តីសុខតាមកំរិតអតិបរិមា។ យើងអាចធ្វើដូច្នេះបាន
តាមរយៈការបង្កើនបញ្ញារបស់យើងគ្រប់គ្នា
ដោយសិក្សាអំពីតម្រូវការរបស់ជីវិត បែបផែននៃជីវិតប្រកបដោយសុខ និងទុក្ខ
ដោយប្រើប្រាស់វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបជាជំនួយសម្រាប់ការរីកចំរើនសង្គម
និងសេចក្តីស្ងប់ក្នុងចិត្ត។ ឋានសួគ៌នៅជិតបង្កើយ
ហើយអ្នកមានបញ្ញាអាចទៅដល់ឋានសួគ៌បាននៅក្នុងជាតិនេះ៕
ដោយ ឈាត ស្រ៊ាង
Comments
Post a Comment