ចិត្តឃោឃៅ
មនុស្សគ្រប់រូបកើតមកមានចិត្តឃោឃៅ។ ចិត្តឃោឃៅនេះសំដៅដល់ចេតនាអាក្រក់ទាំងឡាយដែលរួមមានដូចជាសួនតួនិយម សេចក្តីលោភលន់ សេចក្តីរួចរាល់អាចធ្វើរាល់អំពើអាក្រក់ទាំងឡាយដល់អ្នកដទៃដើម្បីផលប្រយោជន៍សួនតួទាំងផ្នែកសម្ភារ ទាំងផ្នែកចិត្ត និងការចង់បានឥតឈប់ឈរ។ ចិត្តឃោឃៅនេះអាចផ្សាំងបានដោយសារសង្គម និងការសិក្សារៀនសូត្រដើម្បីអោយមនុស្សគ្រប់គ្នាក្លាយជាសមាជិកសង្គមមួយល្អបំបាត់នូវភាពឃោឃៅនេះ សំដៅដល់ការកសាងសង្គម១ប្រកបបោយសុខដមរមនាគោរពគ្នាទៅវិញ ទៅ មកបំពេញនូវសេចក្តីលោភរបស់ខ្លួនក្នុងក្របខ័ណ្ឌច្បាប់១ដែលផ្តល់ភាពស្មើមុខគ្នារវាងមនុស្សគ្រប់គ្នា។
ដូច្នេះកិច្ចការកសាងបុគ្គលគ្រប់រូបក្នុងសង្គមអោយក្លាយទៅជាមនុស្សមានចិត្តល្អបំបាត់នូវចិត្តឃោឃៅធ្លាក់មកលើសង្គម។ សង្គមនេះសំដៅដល់មហាអង្គការដែលកើតឡើងពីសមាជិកសង្គមទាំងអស់នេះ។ ហើយក្នុងសម័យទំនើបមានរដ្ឋជាអង្គខ្ពស់បំផុត។ ដូច្នេះភារកិច្ចធ្លាក់លើរដ្ឋក្នុងការរៀបចំសង្គម១ប្រកបដោយសុខដមរមនាឈានឆ្ពោះទៅរកសុខមាលភាពដើម្បីសមាជិកទាំងអស់ក្នុងសង្គម។ សុខមាលភាពពលរដ្ឋនេះកើតឡើងដោយសារកិច្ចការចិញ្ចឹមជីវិតប្រកបដោយសេចក្តីស្រលាញ់ និងទទួលបាននូវផលសមស្របតាមកិច្ចខិតខំប្រឹងប្រែង សេវាសង្គមប្រកបដោយសេចក្តីស្រលាញ់ និងគុណភាព និងការដោះស្រាយនូវទំនាស់ទាំងឡាយប្រកបដោយយុត្តិធម៌មានសច្ចភាពដោយអង្គការរដ្ឋដែលទទួលបាននូវការគោរព និងទទួលបានគ្រប់ភាគីទាំងអស់។ ដូច្នេះសមាជិកទាំងអស់មានតួនាទីក្នុងការកសាងរដ្ឋ១អោយមានលទ្ធភាពបំពេញនូវមុខងាររបស់ខ្លួនសម្រាប់សុខដមសង្គមទាំងមូល។
ថាតើរដ្ឋត្រូវធ្វើយ៉ាងណាដើម្បីអោយចិត្តឃោឃៅរបស់មនុស្សនេះផ្សាំងបានសំដៅដល់ការរស់នៅសុខដមរវាងមនុស្សនិងមនុស្ស? តួនាទី៣ធំៗរបស់រដ្ឋរួមមាន៖
១ រដ្ឋត្រូវផ្តល់ការអប់រំ១ទំនើបសំដៅដល់ការសម្រេចបាននូវគោលបំណងសង្គមនេះ។ ការអប់រំទំនើបនេះមានន័យថាការផ្តោតលើវិទ្យាសាស្ត្រលុបបំបាត់នូវជំនឿទាំងឡាយណាដែលមិនស្របនឹងគោលការវិទ្យាសាស្ត្រ ដែលមិនអាចពន្យល់បាន មិនមានហេតុផលជាក់លាក់។ ការអប់រំបែបវិទ្យាសាស្ត្រនេះផ្តល់ឱកាសដល់សង្គមនូវការយល់ពីសច្ចភាពនៃជីវិត នៃទំនាក់ទំនងសង្គម គោលបំណងសង្គមជាតិ ទំនាក់ទំនងរវាងសង្គមខ្លួន និងសង្គមមនុស្សជាតិដទៃក្នុងលោក និងពិសេសជាងនេះទៀត ពីជីវិតផ្ទាល់ខ្លួន ពីគោលបំណងនៃជីវិតម្នាក់ៗ អំពីការដឹកនាំរដ្ឋ ដំណើរការសេដ្ឋកិច្ចជាតិ និងអន្តរជាតិ និងការរួមរស់ជាបងប្អូនរវាងខ្មែរ និងខ្មែរ និងរវាងខ្មែរនិងជាតិដទៃ ។ល។ ការអប់រំនេះជាកត្តាចំបងសម្រាប់ការរីកចំរើនគ្រប់វិស័យនៃសង្គម និងសុខដមរមនារវាងខ្មែរនិងខ្មែរ។
២ ប្រព័ន្ធយុត្តិធម៌ពិតជាផ្តល់យុត្តិធម៌ពិតប្រាកដ។ យុត្តិធម៌ពិតប្រាកដនេះមានន័យថា រាល់ទំនាស់សង្គមទាំងឡាយរវាងបុគ្គលនិងបុគ្គល ក៏ដូចជារវាងក្រុមនយោបាយ និងក្រុមនយោបាយត្រូវបានស្វែងរក និងផ្តល់ភស្តុតាងប្រកបដោយសច្ចភាពក្នុងកំរិតអតិប្បរិមាសំដៅដល់ការទទួលយកបានពីគ្រប់ភាគីទំនាស់ទាំងឡាយក្នុងក្របខ័ណ្ឌស្មើមុខគ្នាមុខច្បាប់។ ដើម្បី ធ្វើដូច្នេះបាន ប្រព័ន្ធយុត្តិត្រូវមានការគាំទ្រពេញលេញពីគ្រប់ភាគីនយោបាយ និងសង្គមទាំងមុខ និងរួចផុតពីចិត្តឃោឃៅរបស់បុគ្គលទាំងឡាយទាំងក្នុងប្រព័ន្ធយុត្តិធម៌ខ្លួនឯង ទាំងពីក្រៅពិសេសអ្នកដឹកនាំនយោបាយ និងរដ្ឋ។ ប្រព័ន្ធយុត្តិធម៌រឹងមាំ១ត្រូវបានអភិវឌ្ឍ គាំទ្រ និងពេញទំហឹង ដើម្បីបង្កអោយមានស្នូលសង្គម១រឹងមាំប្រកបដោយចេតនាស្មោះត្រង់ក្នុងការដើរតួនាទីជាអ្នកផ្តល់យុត្តិធម៌សម្រាប់មនុស្សនិងមនុស្ស ឬក្រុមមនុស្ស១ និងក្រុមមនុស្ស១ដោយផ្អែកតាមច្បាប់ល្អ១ ដែលមានបំណងដូចគ្នា។
៣ សង្គមទាំងមូលមានភារៈបង្កើតនូវអង្គដឹកនាំសង្គម១ដែលមានគោលបំណងដូចគ្នា ពោលគឺសង្គម១ដែលមានសុខដមរមនារួចផុតពីចិត្តឃោឃៅ។ ការអប់រំដែលលើកឡើងខាងលើ ជាគ្រឹះសំខាន់មានសារប្រយោជន៍សម្រាប់និរន្តរភាពសង្គម និងបង្កើតបានជាក្រុមមេដឹកនាំដែលមានបំណងសម្រេចបាននូវទិសដៅសង្គមសុខដមរមនានេះ។ ម្យ៉ាងទៀត សង្គមក៏ត្រូវការនូវប្រព័ន្ធនយោបាយ១ដែលផ្តល់ឱកាសស្មើគ្នាសម្រាប់បុគ្គលគ្រប់រូបក្នុងសង្គមក្នុងការចូលរួមចំណែកក្នុងការសម្រេចបាននូវទិសដៅសង្គម សង្គម១ប្រកបដោយសុខដមរមនា និងសេចក្តីសុខសម្រាប់មនុស្សបច្ចុប្បន្ន និងអនាគត។ សង្គមខ្មែរដែលបានបែកបាក់នឹងខ្ទិចខ្ទាំក្រោមស្នាដៃខ្លួនឯង និងបរទេសរហូតមកដោយសារប្រព័ន្ធនយោបាយចាស់គំរិល ផ្តាច់ការនិយម និងមិនយកមនុស្សជាមជ្ឈឹម។ ដូច្នេះសង្គមប្រជាធិបតេយ្យដែលមនុស្សខ្មែរទាំងអស់ទទួលយកមកប្រតិបត្តិដឹកនាំសង្គមរាល់ថ្ងៃជាជំរើសចុងក្រោយរបស់ខ្លួនដើម្បីសម្រេចបានគោលបំណងសង្គមរួបរួម១របស់ខ្លួន។ ដូច្នេះប្រព័ន្ធនយោបាយនេះត្រូវពង្រឹង និងពង្រីកបន្ថែម ដើម្បីឆ្ពោះទៅការប្រាសចាកពីការដើរជាន់ដានអតីតខ្លោចផ្សាររបស់ខ្លួន និងដឹកនាំនាវាខ្មែរឆ្ពោះទៅរកអនាគតមួយដែលមានការអប់រំវិទ្យាសាស្ត្រ និងប្រព័ន្ធយុត្តិធម៌១ពេញលេញនិងរឹងមាំ ដើម្បីជាបច្ច័យស្រូបទាញនូវចលនាសង្គមទាំងឡាយទោះមានមតិផ្សេងគ្នាមករួមរស់ក្នុងសង្គមប្រជាធិបតេយ្យ១ក្រោមដំបូលជាតិខ្មែរតែ១។
ពេលដែលចិត្តឃោឃៅរបស់មនុស្សខ្មែរត្រូវបានកំចាត់ចេញពីមនុស្សគ្រប់គ្នាទាំងមេដឹកនាំរដ្ឋ មេដឹកនាំសង្គម និងផ្នែកផ្សេងៗក្នុងសង្គមជាតិខ្មែរហើយ នោះដំណើរសង្គមឆ្ពោះទៅ អនាគតដ៏ភ្លឺស្វាង១នឹងប្រព្រឹត្តិទៅដោយការជឿជាក់ រឹងមាំ និងប្រកបដោយមោទន។ ជាគោលដៅ និងលទ្ធផលមនុស្សខ្មែរនឹងរស់នៅប្រកបដោយសេចក្តីសុខផ្លូវកាយផ្លូវចិត្ត ចិត្តឃោឃៅត្រូវបានសង្គមផ្សាំងនិងបង្វែរទៅជាធាតុល្អសម្រាប់កសាងសង្គម១ប្រកបដោយយុត្តិធម៌ប្រជាធិបតេយ្យពិតប្រាកដ និងសន្តិភាព។ ខ្មែរអាចធ្វើបានពិតប្រាកដ៕
ដោយ ឈាត ស្រ៊ាង
Comments
Post a Comment