ខ្មែរ ខ្មាំង និងសត្រូវ
នៅក្នុងសង្គមខ្មែរ ពាក្យខ្មាំង និងសត្រូវបានជ្រាបចូលទៅក្នុងស្រទាប់សង្គមទាំងមូល។ មួយចំណែក ពាក្យទាំងនេះបង្ហាញពីប្រវត្តិសង្គ្រាមកាប់សំលាប់រវាងខ្មែរ និងប្រទេសជិតខាង ពិសេសប្រទេសវៀតណាម។ មួយចំណែក ជាប់ជំពាក់នឹងសង្គ្រាមជាមួយប្រទេសជិតខាងនេះដែរ គឺជម្លោះប្រដាប់អាវុធរវាងខ្មែរ និងខ្មែរ ក្នុងការកាន់កាប់អំណាចនយោបាយខ្មែរ។ ហើយមួយចំណែកទៀត គឺដោយសារប្រវត្តិសាស្ត្រនៃរបបផ្តាច់ការដែលមានបន្តជាហូរហែររហូតមកក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរ។ ពាក្យទាំងនេះនៅបន្តមានអត្ថន័យក្នុងនយោបាយខ្មែរ និងសង្គមខ្មែររហូតមកដល់រាល់ថ្ងៃ ហើយនិងមានឥទ្ធិពលសម្រាប់ការអភិវឌ្ឍនយោបាយប្រជាធិបតេយ្យ និងការអភវិឌ្ឍសេដ្ឋកិច្ច។ អត្ថបទនេះសំដៅចូលរួមចំណែកបង្ហាញពីឬស្សគល់នៃពាក្យទាំងនេះ ពីផលលំបាកដែលបានបង្កើតឡើងដោយប្រវត្តិសាស្ត្រពាក់ព័ន្ធ និងការកសាងជាតិខ្មែរទាំងមូលរួមទាំងផ្នែកប្រជាធិបតេយ្យ និងការអភិវឌ្ឍ។
ក្នុងសង្គមខ្មែរ ពេលនិយាយអំពីសត្រូវខ្មែរ ប្រហែលគ្រប់គ្នានឹងយល់ស្របថា វៀតណាមជាសត្រូវទី១ ថៃជាសត្រូវទី២។ ចំលើយនេះ មិនមានអ្វីចំលែកសម្រាប់ខ្មែរ ដែលខ្វល់ខ្វាយនឹងនយោបាយបាយជាតិទេ។ នេះក៏ដោយសារថា ខ្មែរបានសិក្សាជ្រោតជ្រាបអំពីប្រវត្តិសាស្ត្ររុងរឿងរបស់ខ្លួន អំពីការធ្លាក់ចុះ និងអំពីភាពក្រៃក្រតោកយ៉ាកដែលខ្លួនកំពុងជួបប្រទះ។ ការបន្តធ្លាក់ចុះនៃជាតិខ្មែរ និងជម្លោះជាមួយប្រទេសជិតខាងពិសេសវៀតណាមក្នុងពេលថ្មីៗក្នុងសតវត្សទី២០នេះបានធ្វើអោយមេរៀនប្រវត្តិសាស្ត្រចាស់ៗទាំងឡាយរស់ឡើងវិញក្នុងសប្បជ្ជញ្ញរបស់ខ្មែរស្នេហាជាតិកាន់តែខ្លាំងក្លាឡើង។ មនុស្សខ្មែរ ដូចមនុស្សជាតិដទៃទៀតដូច្នោះដែរ តែងចង់បានសេរីភាពរួចផុតពីការត្រួតត្រាមាក់ងាយពីជាតិសាសន៍ដទៃ ឯករាជ្យភាព ភាពស្មើមុខស្មើមាត់ជាមួយអ្នកជិតខាង និងការរីកចំរើនខាងសេដ្ឋកិច្ចសង្គម។ ប្រវត្តិសាស្ត្រនៃការធ្លាក់ចុះ ការបែកបាក់ ការបាត់បង់ទឹកដី ការមាក់ងាយ ការភាពអន់ថយខាងសេដ្ឋកិច្ចបានធ្វើអោយខ្មែរគិតថាថៃ និងវៀតណាម ជាមូលហេតុនៃការដុនដាបនិងឧបទ្រុពទាំងឡាយខ្មែរត្រូវទទួល។ ដូច្នេះប្រទេសជិតខាងទាំងនេះជាសត្រូវរបស់ខ្លួន ពិសេសវៀតណាមដែលខ្មែរគិតថា នៅចិញ្ចឹមចិត្តចង់បំផ្លាញវប្បធម៌ និងឈ្លានពានទឹកដីខ្មែរ គ្រប់គ្រងការរីកចំរើនខាងនយោបាយ និងសេដ្ឋកិច្ចជាតិខ្មែររហូតមកដល់សព្វថ្ងៃនេះ។
សត្រូវប្រវត្តិសាស្ត្ររបស់ខ្មែរនេះបានចំរើនដល់ការសង្ស័យ និងមិនទុកចិត្តគ្នារវាងខ្មែរនិងខ្មែរ។ ពាក្យខ្មាំងនេះគឺសំដៅដល់អ្នកទាំងឡាយណាដែលបំរើប្រយោជន៍បរទេសពិសេសប្រទេសជិតខាងដែលជាសត្រូវតពូជរបស់ខ្មែរ។ ខ្មាំងនេះជាអ្នកឃុបឃិតនឹងបរទេសដើម្បីប្រយោជន៍ខ្លួន ក្បត់ប្រទេសជាតិសាសន៍ខ្មែរ ដោយបំរើបរទេស។
ដោយ ឈាត ស្រ៊ាង
Comments
Post a Comment