កម្ពុជា និងវៀតណាម
ការកសាងស្តូបនៅកម្ពុជាបានកំពង់រីកសាយភាយទូទាំងប្រទេស។ ការវិវត្តន៍ថ្មីនេះបង្ហាញពីការប្រែប្រួលទំនាក់ទំនងរវាងប្រទេសទាំងពីរទៅដល់កំរិតមួយកាន់តែរឹងមាំថែមទៀត។ តាមពិត ទំនាក់ទំនងរវាងបក្សប្រជាជនកម្ពុជា និងបក្សកុំមុយនីស្តវៀតណាមមិនមែនជារឿងថ្មីទេ។ បក្សប្រជាជនកម្ពុជាជាអតីតបក្សកុំមុយនីស្តីដែលមានសាវតាពីបក្សកុំមុយនីស្តឥណ្ឌូចិន ដែលមានវៀតណាមជាអ្នកផ្តួចផ្តើម។ ការផ្តួលរំលំរបបខ្មែរក្រហមធ្វើឡើងដោយវៀតណាមឆ្នាំ១៩៧៩បង្ហាញពីចេតនារបស់វៀតណាមក្នុងការលើកបន្តុបរបបក្រុងភ្នំពេញថ្មីដែលមានសមានចិត្តល្អ និងរណបខ្លួន។ រណៈសិររំដោះជាតិកម្ពុជា ដែលក្រោយមកក្លាយជាបក្សប្រជាជនកម្ពុជា ជាចំណែកមួយដែលបែកចេញ ពីបក្សកុំមុយនីស្តរបស់ខ្មែរក្រហម។ ក្នុងទសវត្សន៍ឆ្នាំ១៩៨០ បក្សប្រជាជនកម្ពុជានៅបន្តមនោគមន៍វិជ្ជាកុំមុយនីស្តដែលមានវៀតណាម និងសូវៀតជាខ្នងបង្អែក។ នៅ ក្នុងដំណាក់កាលនេះដែលស្តូបទំនាក់ទំនងរវាងបក្សទាំងពីរដែលគ្រប់គ្រងប្រទេសកម្ពុជាចាប់ផ្តើមស្ថាបនាឡើង។ មរកតនេះបានគង់វង្សស្ថិតស្ថេររហូតមក។ ទើបតែបីបួនឆ្នាំកន្លងទៅទើបមានការស្ថាបនាបន្ថែមទៀតនៅសឹងគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ សំនួរថាតើហេតុអ្វីបានជាមានការវិវត្តន៍នេះ? តើមានកត្តានយោបាយថ្មីនៅពីក្រោយការរីករាលដាលនៃស្តូបមិត្តភាពខ្មែរវៀតណាមនេះ? អត្ថបទនេះនឹងចូលរួមឆ្លើយសំនួរខាងលើនេះ។
Comments
Post a Comment