ខ្មែរស្រឡាញ់ខ្មែរ? ហេតុអ្វីបានខ្មែរបែកបាក់?
ហេតុអ្វីបានជាខ្មែរមិនស្រឡាញ់ខ្មែរ? ប្រសិនបើខ្ញុំសួរសំនួរនេះទៅកាន់មនុស្សធម្មតាដែលរស់នៅប្រកបរបរតាមសមាជីវ គាត់ប្រហែលនឹងឆ្លើយថា ការលើកឡើងនេះមិនត្រឹមត្រូវទេ។ តាមពិតខ្មែរស្រឡាញ់ខ្មែរ។ តាមពិត ខ្មែរមិនស្អប់គ្នាទេ។ បើយើងឃើញម្នាក់មានទុក្ខលំបាក យើងនឹងជួយគ្នា ជួយយកអាសារគ្នា មិនទុកអោយអ្នកនោះរស់នៅលំបាក ឬស្លាប់ទេ។ នេះអាចជាចំលើយមួយ។
ប៉ុន្តែប្រសិនបើសួរសំនួរដដែលនេះទៅកាន់អ្នកស្រាវជ្រាវ អ្នកខ្វល់ខ្វាយនឹងនយោបាយ និងអ្នកស្នេហាជាតិខ្មែរមួយចំនួន យើងនឹងបានចំលើយខុសពីខាងលើ។ ពួកគាត់ឆ្លើយថា ខ្មែរមិនស្រឡាញ់គ្នា និងបែកបាក់ជាយូរមកហើយ។ ការបែកបាក់នេះយើងឃើញជាក់ស្តែងក្នុងទំនាស់នយោបាយ និងការឈ្នានីសគ្នារវាងក្រុមនយោបាយដែលមាននិន្នាការផ្សេងគ្នា។ ការមិនស្រឡាញ់អោបក្រសោបគ្នានេះយើងឃើញជាក់ច្បាស់ ក្នុងស្ថានការនៃការធ្វើទុក្ខបុកម្និញពីសំណាក់គណបក្សកាន់អំណាចទៅលើក្រុមដែលមិនគាំទ្រ និងមានគំនិតនយោបាយសេដ្ឋកិច្ចផ្សេង។ ការរំលាយគណបក្សនយោបាយ និងហាមប្រាមមិនអោយក្រុមអ្នកមានគំនិតនយោបាយផ្សេងក្នុងការងារនយោបាយ ជាឧទាហរណ៍ជាក់ស្តែង។ ចំលើយនេះក៏មានហេតុផលគ្រប់គ្រាន់អំពីការមិនស្រឡាញ់អោបក្រសោមគ្នាក្នុងសង្គមខ្មែរ ហើយអ្វីដែលខ្ញុំចង់លើកយកមកជជែកពិភាគ្សានៅទី នេះពាក់ព័ន្ធនឹងជំនាស់នយោបាយនេះ។
តើអ្វីជាដើមចមនៃការមិនស្រឡាញ់ និងបែកបាក់គ្នានេះ? ការបែកបាក់រវាងខ្មែរ និងខ្មែរ គឺមានដើមចមនៅក្នុងទស្សនវិជ្ជានៃការគ្រប់គ្រងរដ្ឋ និងការផ្ទេរអំណាច។ អ្នកសិក្សាប្រវត្តិសាស្ត្របានធ្វើការកត់ត្រាយ៉ាងច្រើនអំពីការកាប់សម្លាប់រវាងអ្នកដឹកនាំខ្មែរដើម្បីដណ្តើមអំណាចគ្នា។ សម័យក្រោយអង្គរ ពោលគឺចាប់ពីសតវត្សទី១៥មក ការដណ្តើមអំណាចគ្នានេះធ្វើឡើងរវាងញ្ញាតិរាជវង្ស ដោយម្នាក់ៗប្រើកំលាំងបាយ ពោលគឺកំលាំងទ័ពដើម្បីជាការបង្ហាញនូវសិទ្ធិក្នុងការស្នងដំណែងជាក្សត្រ។ ពលរដ្ឋខ្មែរ តាមរយៈរឿងព្រេង និងឯកសារប្រវត្តិសាស្ត្រយល់ច្បាស់អំពីព្រឹត្តិការណ៍ទាំងនេះ។
ប្រវត្តិសាស្ត្រនេះបង្ហាញថា រាជវង្សពុំបានឯកភាពគ្នាថាតើ ក្របខ័ណ្ឌអនុវត្តណា១គួរយកមកប្រើដើម្បីជៀសវៀងការបន្តនៃអំពើហឹង្សា ក្នុងការផ្ទេរតំណែងពីថ្នាក់ដឹកនាំ១ទៅថ្នាក់ដឹកនាំបន្ទាប់ទៀតឡើយ។ ដោយសារកង្វះឯកភាពគ្នា ពី ជំនាន់១ទៅ ១ការដណ្តើមអំណាចគ្នាត្រូវពឹងលើលទ្ធភាពក្នុងការប្រើអំពើហិង្សា តាមរយៈការគៀងគរគូរកន ពលរដ្ឋគាំ និងការប្រើហិង្សាលើភាគីម្ខាងទៀតដែលអះអាងថាខ្លួនគួរជាអ្នកដឹកនាំ។ ការប្រគួតបែបហិង្សានេះ ដោយសារការអនុវត្តិច្បាប់ក្របខ័ណ្ឌដឹកនាំមិនមានតំលៃ មិនត្រូវបានពូជពង្សរាជវង្សយកជាគោល ដើម្បីបង្ករជាបរិយាផ្ទេរអំណាច១ឲ្យរលូន។ យើងក៏ដឹងផងដែរថា ដោយសារកង្វះក្របខ័ណ្ឌជាក់លាក់ ដែលមានតំលៃនេះហើយ ធ្វើអោយអ្នកដឹកនាំប្រគួតសងខាងទៅពឹងពាក់បរទេស ពិសេសប្រទេសជិតខាងជួយជាកំលាំង ដើម្បីឲ្យខ្លួនយកឈ្នះភាគីម្ខាងទៀត។ ហើយពេលខ្លួនបានឡើងកាន់កាប់នយោបាយហើយ ខ្លួននឹងដឹងគុណ តាមរយៈការកាត់ទឹកដី អន្តោប្រវេសន៍ ឬដាក់ខ្លួនជាប្រទេសរណប។
កង្វះការឯកភាពគ្នាអំពីគោលការណ៍គ្រប់គ្រងរដ្ឋ មួយចំណែកក៏ដោយសារស្តេចគិតថា ខ្លួនជាម្ចាស់កម្មសិទ្ធិសង្គមទាំងមូល ទាំងមនុស្ស ទាំងសត្វ ទាំងធនធានធម្មជាតិ ទាំងទឹកដី និងធនធានផ្សេងទៀតដែលមានក្នុងព្រំដែនកាន់កាប់របស់ខ្លួន។ មួយវិញទៀត ស្តេចពុំមានទស្សនៈវិស័យអំពីស្ថិរភាពសង្គម ការរីកចំរើនសេដ្ឋកិច្ច និងអាយុជីវិតរបស់សង្គមជាតិទាំងមូល ក្នុងបរិបទតំបន់និងពិភពលោកឡើយ។ និយាយម្យ៉ាងទៀត កង្វះពត៌មាន និងចំណេះដឹងក្នុងចំណោមមេដឹកនាំបានធ្វើអោយការដឹកនាំមានលក្ខណៈតូចចង្អៀត ដូចកង្កែបក្នុងអណ្តូង មើលឃើញតែខាងក្នុងខ្លួនដាច់ដោយឡែកពីបរិយាកាសក្រៅព្រំដែនរបស់ខ្លួន។ កង្វះចំណេះដឹងនេះ បានធ្វើអោយអ្នកដឹកនាំពុំមានទស្សនវិជ្ជាធំ ទូលាយអំពីសង្គមនុស្ស ជីវិតរស់នៅ ទំនាក់ទំនងរវាងមនុស្ស សេចក្តីថ្លៃថ្នូ ទំនាក់ទំនងរវាងប្រទេសនិងប្រទេស សេដ្ឋកិច្ច ការច្នៃប្រឌិត បង្កើតថ្មី ដើម្បីបំរើដល់ការរស់នៅរបស់មនុស្សទេ។ ហើយកង្វះចំណេះដឹងបែបទស្សនវិជ្ជានេះហើយ បានធ្វើអោយសង្គមមិនមានទិសដៅច្បាស់លាស់ ដើម្បីជាត្រីវិស័យតំរង់កិច្ចប្រឹងប្រែងទាំងឡាយសំដៅសម្រេចឲ្យបាននូវទិសដៅនោះ។ កង្វះចំណេះទស្សនវិជ្ជា និងកង្វះទិសដៅជាតិ បានធ្វើអោយថាមពលដឹកនាំដែលមានដៅឆ្ពោះទៅរកការរក្សាផលប្រយោជន៍សួនតួ តាមរយៈគ្រប់គ្រងអំណាច ដោយមិនខ្វល់ថាត្រូវប្រើប្រាស់មធ្យោបាយអ្វី នោះទេ។
ក្នុងសង្គមសម័យទំនើប កម្ពុជាត្រូវឆ្លងកាត់សង្គ្រាមរាំងជល់ ការកាប់សម្លាប់ និងការធ្វើពិសោធន៍នូវរាល់របៀបដឹកនាំសេដ្ឋកិច្ចនយោបាយផ្សេងៗរាប់ទាំងសង្គមនិយម និងមូលធននិយម ដែលធ្វើឲ្យពលរដ្ឋស្លូតត្រង់ត្រូវរងគ្រោះជាដុំណុំ។ របៀបដឹកនាំសេដ្ឋកិច្ចនយោបាយនេះ សុទ្ធតែមានប្រភពដើមមកពីទស្សនវិជ្ជាសេដ្ឋកិច្ចនយោបាពីបរទេស ហើយខ្លួនយកមកអនុវត្តទាំងដល់។ មានពេល១នោះ គឺរបបប៉ុលពត ទស្សនវិជ្ជានេះត្រូវបានយកមកអនុវត្តដោយជ្រុលនិយម ដែលនាំដល់ការកាប់សម្លាប់ពលរដ្ឋខ្លួនឯងយ៉ាងឃោឃៅដល់ទី១ភាគ៣នៃប្រជាជនសរុប។ ពិសោធណ៍បានបង្ហាញថា ការយកទស្សនវិជ្ជាបរទេសមកអនុវត្តដោយងងឹតងងុល ដោយពុំយកពលរដ្ឋជាធំ និងជាស្នូល អាចនាំទៅ ដល់មហន្តរាយធំធេងយូរអង្វែងដល់ពលរដ្ឋ និងសង្គមទាំងមូល។
បច្ចុប្បន្ន ទោះបីក្រោមសំពាធអន្តរជាតិកម្ពុជាយល់ស្របគ្នាថា ប្រជាធិបតេយ្យជាមាគ៌ាតែ១គត់ដែលនឹងអាចនាំនាវាកម្ពុជាទៅដល់ត្រើយសុខសាន្ត មានការផ្ទេរអំណាចដោយសន្តិវិធីតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ ការគោរពនូវគោលការណ៍នៅមានកំរិតទាបនៅឡើយ។ បក្សនយោបាយផ្សេងៗដែលប្រគួតប្រជែងដើម្បីជាតំណាងអោយពលរដ្ឋ និងឈានទៅកាន់កាប់អំណាចរដ្ឋ ធ្វើការបកស្រាយផ្សេងគ្នាអំពីនិយមន័យនៃប្រជាធិតេយ្យ របៀបសម្រេចអោយបានប្រជាធិបតេយ្យ និងទំនាស់រវាងប្រជាធិបតេយ្យ ដែលជាទស្សនវិជ្ជាបរទេស និងវប្បធម៌ប្រពៃណីខ្មែរ ដើម្បីសម្រេចបាននូវមហិច្ឆិតានយោបាយរៀងខ្លួន។ ទន្ទឹមនេះ ការចេះដឹងរបស់ពលរដ្ឋអំពីបញ្ហានេះនៅមានកំរិត ដែលបង្ករជាការងាយស្រួលសម្រាប់អ្នកនយោបាយបោកប្រាស់ តាមនិន្នាការនយោបាយរបស់ខ្លួន។ ចំណែកអ្នកចេះវិញ ពុំមានមនុស្សច្រើនមានលទ្ធភាពលះបង់ផ្តល់ចំណេះរបស់ខ្លួនសម្រាប់ជជែកអំពីថាតើ ទស្សនវិជ្ជាបែបណាដែលសមស្របសម្រាប់កម្ពុជា ដើម្បីឈានទៅសម្រេចអោយបាននូវទិសដៅសង្គមជាតិមួយសមស្របតាមដំណើរវិវឌ្ឍនៃសង្គមខ្មែរ និងពិភពលោក។
សរុបមក ខណៈដែលការបែកបាក់ មានប្រវត្តិវែងឆ្ងាយ និងនៅតែបន្តដំណើរទៅ មុខទៀត ដែលជាគ្រោះថ្នាក់សម្រាប់សង្គមខ្មែរទាំងមូល។ ខណៈដែលយើងយល់ស្របទាំងអស់គ្នាថា គ្រប់គ្នាមានការទទួលខុសត្រូវ ពិសេសអ្នកដឹកនាំរដ្ឋ និងបញ្ញាវន្ត គ្រប់គ្នាត្រូវចូលរួម១ដៃ១ជើងម្នាក់ដើម្បីសម្រេចអោយបាននូវមោទនភាពជាតិ។ មោទនភាពជាតិគួរសំដៅដល់ការស្វែងរកនូវដំណោះស្រាយលើការបែកបាក់ តាមរយៈការផ្តល់តំលៃដល់ស្ថាប័នប្រជាធិបតេយ្យ ការផ្ទេរអំណាចដោយសន្តិភាព ការប្រគួតប្រជែងដោយស្មើរមុខគ្នា និងយុត្តិធម៌ ការផ្តល់ និងពង្រីកលំហរនៃការជជែកបែបទស្សនវិជ្ជាអំពីការដឹកនាំនយោបាយនិងសេដ្ឋកិច្ច និងផ្តល់ចំណេះដល់ពលរដ្ឋប្រកបដោយគុណភាព ដើម្បីអោយប្រទេសអាចប្រមែប្រមូលបាននូវឋាមពលរួមផ្តុំមហិមា១ ក្នុងបេសកកម្មលើកស្ទួយមុខមាត់ជាតិខ្មែរអោយថ្កុំថ្កើងជាថ្មីម្តងទៀត ក្នុងក្របខ័ណ្ឌពិភពលោកសម័យថ្មី៕
Comments
Post a Comment