សមរង្ស៊ី៖ ដេកផ្ទះឈ្នះស្អាត និងអំណាចប្រជាធិបតេយ្យនៅកម្ពុជា?
កាលពីឆ្នាំ២០១៨ លោកសមរង្ស៊ីបានអំពាវនាវអោយអ្នកគាំទ្រខ្លួនពហិការការបោះឆ្នោត ក្រោមសារមួយដែលគេចាំគ្រប់គ្នាថា «ដេកផ្ទះឈ្នះស្អាត»។ នេះក៏ដោយសារ រដ្ឋាភិបាលបានរំលាយគណបក្សសង្គ្រោះជាតិ ដោយសារហ៊ុនសែនមើលឃើញថា បក្សប្រឆាំងនេះជាការគំរាមកំហែងដល់អំណាចខ្លួន និងអាចឈ្នះឆ្នោត។ សារនយោបាយនេះបានក្លាយជាមូលបទនៃការបោះឆ្នោត និងឧបករណ៍នយោបាយសម្រាប់បក្សទាំងពីរ។ តើសារនេះបង្ហាញអ្វី អំពីគំនិតរបស់លោកសមរង្ស៊ីពាក់ព័ន្ធនឹងចលនាប្រជាធិបតេយ្យជាអ្វីដែលខ្ញុំនឹងជជែកនៅពេលនេះ។
គ្រប់គ្នាដឹងថា របបក្រុងភ្នំពេញព្យាយាមធ្វើយ៉ាងណាកុំអោយគណបក្សសង្គ្រោះជាតិបានចូលរួមបោះឆ្នោត។
នេះក៏ដោយសារ
ប្រជាប្រិយភាពរបស់គណបក្សប្រឆាំងនេះបានកើតឡើងយ៉ាងខ្លាំងចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក។
ការបោះឆ្នោតឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាទទូលបានសន្លឹកឆ្នោតចំនួន៤៨,៨៣ភាគរយ
ចំណែកគណបក្សសង្គ្រោះជាតិទទួលបាន៤៤,៤៦ភាគរយ។ គណៈបក្សប្រជាជនបាត់កៅអីសភាចំនួន២២កៅអី
បើធៀបនឹងការបោះឆ្នោតអណត្តិមុន។ ហើយមកដល់ឆ្នាំ២០១៧ សំលេងនៃការគាំទ្របក្សនេះក៏មិនមានការប្រែប្រួលគួរជាទីកត់សំគាល់ទេ។
ការបោះឆ្នោតថ្នាក់ឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ បង្ហាញថា
សម្លេងគាំទ្រគណៈបក្សទាំងពីរនៅប្រគៀកត្រសងគ្នា ដោយគណៈបក្សប្រជាជនទទួលបានសម្លេង៥០,៧៦ភាគរយ
ចំណែកគណៈបក្សសង្គ្រោះជាតិបានសម្លេង៤៣,៨៣ភាគរយ។ នេះបង្ហាញអំពីការគំរាមកំហែងខ្លាំងនៃបក្សនេះលើគណបក្សប្រជាជនកម្ពុជា
ពិសេសលោកហ៊ុនសែនផ្ទាល់តែម្តង។
ការរំលាយបក្សនេះជាមធ្យាបាយតែ១គត់សម្រាប់ទប់ស្កាត់មិនអោយការគំរាមកំហែងនេះកើតឡើងនៅស្ថានីយ៍បោះឆ្នោត។
ការរំលាយនេះគឺដើម្បី ធានាថាហ៊ុនសែនមានប្រៀបក្នុងការកាន់អំណាច។
ហ៊ុនសែនមិនអាចអនុញ្ញាតិអោយមានស្ថានភាព១ដែលប្រៀបនេះត្រូវគំរាមកំហែងមិនថារវាងលោកនិងថ្នាក់ដឹកនាំផ្សេងទៀតក្នុងបក្សប្រជាជន
ឬរវាងលោកនិងលោកសមរង្ស៊ីឡើយ។
ប្រសិនបើសម្លេងឆ្នោតបូកទៅឃើញថាបក្សប្រជាជនចាញ់
នោះលោកពិតជាពិបាកទាមទារយកឈ្នះណាស់។
ប្រសិនបើចំនួនសន្លឹកឆ្នោតលោកពិតជាចាញ់មែន
ទោះលោកមានឥទ្ធិពលលើប្រព័ន្ធបោះឆ្នោតទាំងមូលហើយនោះក៏ដោយ នោះលោកពិតជាពិបាកប្រកែកថា
ប្រព័ន្ធបោះឆ្នោតលំអៀងទៅខាងបក្សប្រឆាំងណាស់។
ប្រសិនបើស្ថានភាពនេះកើតឡើង លោកច្បាស់ជាពិបាកនឹងអះអាងថាលោកឈ្នះ
ព្រោះធ្វើដូច្នេះមិនត្រឹមតែប្រឆាំងនឹងពលរដ្ឋប៉ុណ្ណោះទេ
តែថែមទាំងបង្កើតអោយមានឱកាសសម្រាប់គូប្រជែងក្នុងបក្សខ្លួនឯងថែមទៀត។
ការណ៍នេះនាំទៅ ដល់បញ្ហានយោបាយវែងឆ្ងាយ
ប្រសិនបើលោកជំនះប្រើកំលាំងបាយកំលាំងយោធាដើម្បីរក្សាអំណាចខណៈដែលលោកចាញ់ឆ្នោត។
ដូច្នេះ ដើម្បី ជៀសអោយផុតពីស្ថានភាពនេះបាន១០០ភាគរយ លោកជ្រើសរើសយកការរំលាយបក្សសង្គ្រោះជាតិតែម្តង
ដែលជាវិធីការពារប្រសើរជាងព្យាបាលងាយស្រួលជាងគេបំផុត។
ការរំលាយបក្សប្រឆាំងនេះបណ្តាលអោយមានការរិះគន់ខ្លាំងពីសំណាក់បណ្តាប្រទេសលោកខាងលិច។
តែជាអកុសល ហើយដោយរំពឹងទុកពីខាងគណបក្សប្រជាជនផង ការរិះគន់នេះ
មិនបាននាំទៅរកការស្តារឡើងវិញនៃបក្សនេះឡើយ។
ពេលដំណាក់កាលឃោសនាខិតជិតមកដល់
លោកសមរង្ស៊ីអំពាវនាវអោយអ្នកគាំទ្រខ្លួនកុំទៅចូលរួមបោះឆ្នោត។
ការអំពាវនាវនេះត្រូវបានគណបក្សប្រជាជនរិះគន់និងថ្កោលទោស ហើយថែមទាំងឈានទៅដល់ការគំរាមចាប់ចងអ្នកទាំងឡាយណាដែលធ្វើការបំពងសំលេងបន្តលើសារនេះនៅក្នុងប្រទេសទៀតផង។
នេះជាដំណាក់កាលនយោបាយនៃសារដេកផ្ទះ ឈ្នះស្អាត
ដោយសារខាងគណបក្សប្រជាជនដឹងច្បាស់ថា
អ្នកគាំទ្រខ្លួននឹងទៅចូលរួមបោះឆ្នោតដដែល។
ការអំពាវនាវនេះធ្វើឡើងក្នុងគោលបំណងសំខាន់១គឺធ្វើអោយការបោះឆ្នោតបាត់បង់នូវធម្មានុរូបពិសេសសម្រាប់សហគមន៍អន្តរជាតិ។
តាមពិតនេះជារបៀបគៀងគរការគាំទ្រនយោបាយរបស់សមរង្ស៊ីរហូតមកនៃជីវិតនយោបាយរបស់លោក។
ការសំលឹងទៅគៀងគរនយោបាយពីក្រៅប្រទេសត្រូវបានលោកយកមកធ្វើជាយាន្តនយោបាយដើម្បីយកឈ្នះលោកហ៊ុនសែន
និងគណបក្សប្រជាជន។ លោកគិតថា មានតែការដាក់សំពាធរបស់បរទេសទេ
ទើបហ៊ុនសែនអាចបន្ទន់ឥរិយាបទ
និងអនុញ្ញាតិអោយមានការស្តារនិតិសម្បទាបក្សសង្គ្រោះជាតិឡើងវិញ។
ហើយសារដេកផ្ទះឈ្នះស្អាត បង្កើតឡើងក្នុងគោលបំណងនេះ។
ប្រាកដណាស់ថា
ការអំពាវនាវដូច្នេះកើតឡើងបន្ទាប់ពីការរំលាយបក្សសង្គ្រោះជាតិ
ស្ថានភាពដែលលោកស្ថិតនៅក្រៅប្រទេសតាំងពីឆ្នាំ២០១៥មក លោកកឹមសុខាត្រូវជាប់ឃុំឃាំង
ហើយថ្នាក់ដឹកនាំបក្សស្ថិតក្នុងបំរាមមិនអោយធ្វើនយោបាយត្រូវចាកចេញទៅក្រៅប្រទេសជាបន្តបន្ទាប់។
ការរំលាយបក្សប្រឆាំង
និងការដកសិទ្ធិនយោបាយនេះជាការរំលោភរដ្ឋធម្មនុញ្ញទាំងស្រុង
ក្រោយពេលបក្សប្រជាជនបានកែប្រែច្បាប់គណបក្សនយោបាយ
និងចែកកៅអីសភាអោយទៅគណបក្សនយោបាយផ្សេង
ព្រមទាំងប្លន់យកកៅអីក្រុមប្រឹក្សាថ្នាក់ក្រោមជាតិទាំងអស់។
នេះជាស្ថានភាព១ដែលថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិពិសេសខាងសមរង្ស៊ីមើលឃើញស្របនឹងអ្វីដែលសមរង្ស៊ីខ្លួនឯងធ្លាប់ប្រកាន់យករហូតមកគឺមានតែការតស៊ូខាងក្រៅប៉ុណ្ណោះដែលអាចស្តារស្ថានភាពប្រជាធិបតេយ្យឡើងវិញបាន។
ប៉ុន្តែសារដេកផ្ទះឈ្នះស្អាតនេះបានបង្ហាញនូវចរន្តនយោបាយនៅកម្ពុជាដែលជាចំណែក១ប៉ះពាល់ដល់ប្រជាធិបតេយ្យ។
ទី១ ទំនាក់ទំនងរវាងមេដឹកនាំ និងពលរដ្ឋ ដែលមានឥទ្ធិពលលើប្រជាធិបតេយ្យ។
មេដឹកនាំព្យាយាមប្រើអំណាចរបស់ខ្លួនដើម្បីបង្អាក់នូវការចូលរួមរបស់ពលរដ្ឋក្នុងដំណើរការនយោបាយប្រជាធិបតេយ្យ។
ការបោះឆ្នោតជាការចូលរួមដែលពលរដ្ឋខ្មែរធ្វើជាទំលាប់រហូតដល់
ប្រកបដោយសុវត្ថិភាព។ ទន្ទឹមគ្នានេះដែរ ពលរដ្ឋខ្លួនឯងមិនមានការសម្រេចផ្ទាល់ខ្លួន
ដើម្បីចូលរួមក្នុងសកម្មភាពនយោបាយ
និងមិនអាចរកផ្លូវចេញឃើញក្នុងស្ថានភាពទាល់ច្រកដូចពេលនោះ។ ទី២ ការអំពាវនាវនេះមិនបានបង្អាក់ការបោះឆ្នោតដែលជាយន្តការសំខាន់សម្រាប់បក្សប្រជាជនទទួលបានធម្មានុរូប
និងភាពស្របច្បាប់ក្នុងការកាន់កាប់អំណាចបន្តទៅទៀត។
ការបាត់បង់ឱកាសនេះ១ចំណែកបណ្តាលមកពីការប្រើប្រាស់អំណាច ពីសំណាក់បក្សប្រជាជនក្នុងការគៀបសង្កត់បក្សប្រឆាំង
ក្នុងបំណងរក្សាអំណាចខ្លួន ដោយរំលោភលើច្បាប់រដ្ឋធម្មនុញ្ញ
និងប្រជាធិបតេយ្យ។ ១ចំណែកគឺនិន្នាការនយោបាយរបស់សមរង្ស៊ី
ដែលព្យាយាមទាញជម្លោះនយោបាយកម្ពុជាទៅឆាកអន្តរជាតិ ជាជាងស្វែងរកមធ្យោបាយតតាំងក្នុងស្រុក។
ប្រាកដណាស់ថា យើងមិនដឹង
សមរង្ស៊ីក៏មិនដឹងថាតើអ្វីនឹងកើតឡើងបើសមរង្ស៊ីមិនចាកចេញទៅក្រៅប្រទេសពេលប្រឈមនឹងការធ្វើទុក្ខបុកម្នេញរបស់ហ៊ុនសែន។
សមរង្ស៊ីតែងលើកឡើងថាលោកអាចនឹងត្រូវគេសម្លាប់បើលោកមិនរត់។
ប្រាកដណាស់គ្មាននរណាដឹងទេ។ អ្វីដែលយើងដឹងគឺថា
ការចាកចេញរស់លោកបាននាំទៅដល់ជម្រើសនៃការទាញនយោបាយទៅក្រៅប្រទេស
ដែលហួសពីដែនអំណាចរបស់ពលរដ្ឋក្រី ក្រខ្មែរផុតជើងផុតដៃគាត់
ហើយគាត់មិនដឹងធ្វើអ្វីបានទាំងអស់ ប្រៀបដូចការចាកចេញរបស់សមរង្ស៊ីដែលធ្វើអោយលោកផុតជើងផុតដៃមិនអាចធ្វើអ្វីបាននៅស្រុកខ្មែរ
ជាមួយអ្នកគាំទ្រខ្លួនដូច្នោះដែរ។
ទីបំផុតដេកផ្ទះឈ្នះស្អាត
បានជួយអោយលោកហ៊ុនសែនយកមកច្នៃកែខៃជាឧបករណ៍លំអលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០១៨។
ប្រាកដណាស់ថា ការបោះឆ្នោតដែលគ្មានបក្សប្រឆាំងចូលរួម ជាការបោះឆ្នោតមិនមានធម្មានុរូបទៅហើយ។
គណៈបក្សប្រជាជនទទួលបានសន្លឹកឆ្នោតចំនួន៤,៨៨លាន។ ចំនួនអ្នកបោះឆ្នោតមាន៨២,១ភាគរយ
ដែលជាចំនួនមួយខ្ពស់ តែមិនខ្ពស់ដល់អាត្រាចូលរួមឆ្នាំ២០១៧ទេ។
អ្នកចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨មានចំនួន៨,៣៨លាន ធៀបនឹង៩,៦៨លាននៅឆ្នាំ២០១៣
ដែលធ្វើអោយភាគ រយអ្នកចូលរួមឡើងខ្ពស់។
សន្លឹកឆ្នោតខូចឆ្នាំ២០១៨មានចំនួន៦សែន បើធៀបនឹងចំនួនខូចប្រហែល១សែនក្នុងការបោះឆ្នោតមុនៗ
ដែលនេះជាការបង្ហាញអំពីការប្រឆាំងនឹងការបោះឆ្នោត និងការភ័យខ្លាច។
គណៈបក្សប្រជាជនទទួលបានសម្លេងសរុបតែ៥៨,២ភាគរយ នៃចំនួនអ្នកបោះឆ្នោត
ពេលអត់មានបក្សសង្គ្រោះជាតិ។[1] ប៉ុន្តែសម្រាប់បក្សប្រជាជន
អ្វីដែលសំខាន់គឺប្រើឱកាសនេះដើម្បីបន្តអំណាចទៅ មុខដោយមិនចាំបាច់ត្រូវចំណាយច្រើន
ហើយប្រកាសប្រាប់អ្នកគាំទ្រខ្លួនអំពីចំនួនអ្នកចូលរួមបោះឆ្នោតបំប៉ោងតាមចិត្តដោយមិនខ្វល់ព្រោះគ្មាននរណាទៅផ្ទៀងផ្ទាល់អ្វីបាន
ហើយបន្តអំណាចរហូតមក។
ដេកផ្ទះឈ្នះស្អាត
ក្រោយមកបានក្លាយជាពាក្យប្រជាប្រិយចំអកដល់លោកសមរង្ស៊ី
ដោយសារអ្នកឈ្នះស្អាតនោះមិនមែនសមរង្ស៊ី មិនមែនប្រជាជន
តែជាបក្សប្រជាជនវិញ។
ក្រោយពីមានការខកចិត្ត និងសោកស្តាយ លោកហាក់បង្ហាញការផ្លាស់ប្តូរ
ប៉ុន្តែយុទ្ធសាស្ត្ររបស់លោកនៅរាក់កំផែលដដែល។ ចេញពីដេកផ្ទះឈ្នះស្អាត
លោកបានប្រកាសផ្តួលរំលំហ៊ុនសែន ដែលជាការប្រកាសហ៊ុនសែនហៅថាការប៉ុនប៉ងធ្វើរដ្ឋប្រហារ
ដែលសមរង្ស៊ីថាវិញត្រលប់ចូលស្រុកនៅខែធ្នូឆ្នាំ២០១៩។
នេះហាក់ជាការលេងសើចដោយសារ បើលោកពិតជាហ៊ានធ្វើដូច្នេះ
ហ៊ានអោយហ៊ុនសែនចាប់មែន ហេតុអ្វីរត់ភាសខ្លួនជាច្រើនដងរហូតមក។
លោកមិនដែលគិតថា បើលោកមិនរត់តើស្ថានភាពអាចប្រសើរយ៉ាងណាទេ
តែលោកគិតតែនិយាយថា បើលោកមិនរត់លោកប្រាកដជាស្លាប់អត់អំពើ។
តាមពិតដោយសារលោកចូលចិត្តធ្វើនយោបាយពីប៉ារីសដូច្នេះ ហើយ
ដែលនាំដល់ការអំពាវនាវ ដេកផ្ទះឈ្នះស្អាត ដែលមួយចំណែកបង្កើតជាស្ថានភាពនយោបាយដូចសព្វថ្ងៃ
ហើយ១ចំណែកទៀតបង្ហាញអំពីកង្វះម្ចាស់ការរបស់អ្នកគាំទ្រលោកខាងផ្នែកនយោបាយ។
សម្រាប់ជីវិតនយោបាយរបស់លោកសមរង្ស៊ី
យើងមិនដឹងថាតើអ្វីនឹងអាចកើតឡើង។
ប៉ុន្តែចរន្តនយោបាយតាំងពីឆ្នាំ២០១៣ ហាក់បង្ហាញថា លោកសមរង្ស៊ីនៅតែជាការគំរាមកំហែងដល់អំណាចរបស់គណៈបក្សប្រជាជន។
ការគំរាមកំហែងនេះកាន់តែច្បាប់ពេលដែលគ្រប់គ្នាមើលឃើញថា
ពលរដ្ឋកាន់តែច្រើនកាន់តែមាននិន្នាការផ្លាស់ប្តូរ
និងចង់មើលឃើញពីមុខមាត់ថ្មីខាងនយោបាយកម្ពុជា ដែលធ្វើអោយលទ្ធភាពដែលគណៈបក្សប្រជាជនអាចចាញ់ឆ្នោតជាអ្វីដែលអាចកើតឡើង។
ដូច្នេះ សម្រាប់គណៈបក្សប្រជាជនបើអនុញ្ញាតិអោយលោកសមរង្ស៊ី
និងលោកកឹមសុខាអាចរួមគ្នាប្រគួតប្រជែងបោះឆ្នោតមិនខុសពីការធ្វើអត្តឃាតនយោបាយទេ។
ជាលទ្ធផល អនាគតនយោបាយរបស់លោកសមរង្ស៊ីហាក់មិនមានពន្លឺចែងចាំងដូចដែលលោកចង់បាននោះទេ។
ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២០ និងបោះឆ្នោតជាតិ២០២៣
គណៈបក្សប្រជាជននឹងបន្តច្បាមយកជ័យជំនះ ដោយសារអវត្តមានរបស់លោកកឹមសុខា និងលោកសមរង្ស៊ីក្នុងការបោះឆ្នោត។
យើងពិបាកប៉ាន់ស្មានថាតើពលរដ្ឋប៉ុន្មានភាគរយនឹងទៅចូលរួមបោះឆ្នោត
ហើយគណៈបក្សតូចៗដែលនឹងចូលរួមទទួលបានប៉ុន្មាន
ប៉ុន្តែអ្វីដែលយើងអាចដឹងបានមុននោះគឺពលរដ្ឋខ្មែរនឹងមិនបោះឆ្នោតដល់គណៈបក្សតូចទាំងនោះច្រើននោះទេ
ហើយបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជំនះធំ ធេង និងបន្តកាន់អំណាចទៅ
មុខទៀត៕
ដោយ ឈាត ស្រ៊ាង
កំណត់ចំនាំ៖
សូមអរគុណដល់សហការីម្នាក់ដែលបានផ្តល់យោបល់ល្អសម្រាប់កែសម្រួលអត្ថបទនេះអោយមានខ្លឹមសារកាន់តែល្អ។
[1] https://thediplomat.com/2018/08/cambodias-election-mind-the-numbers/
Comments
Post a Comment