គ្រួសារអ្នក គ្រួសារគេ គ្រួសារខ្ញុំ៖ ទំរង់ និងខ្លឹម
ខ្ញុំបានឃើញអ្នកប្រគួតចំរៀងម្នាក់គាត់រៀបរាប់សោកសៅអំពីគ្រួសារ។ គាត់មិនមានឪពុក មានតែម្តាយចាស់ ហើយគ្រួសារក្រីក្រដែលបង្ខំអោយគាត់ និងបងស្រីត្រូវរកស៊ីចិញ្ចឹមម្តាយចាស់។ អ្វីដែលខ្ញុំចាប់អារម្មណ៍គឺអវត្តមានរបស់ឪពុក ក្នុងពេលគាត់ចូលប្រលងចំរៀង ដែលធ្វើអោយគាត់តូចចិត្តក្តុកក្តួល មិនដូចអ្នកដទៃដែលមានឪពុកមកលើកទឹកចិត្ត។ ខ្ញុំយល់ពី អារម្មណ៍១នេះ ហើយខ្ញុំធ្លាប់មានអារម្មណ៍ដូចគ្នាកាលខ្ញុំនៅតូច។ ទោះយ៉ាងនេះក៏ដោយ ខ្ញុំចង់ចូលរួមផ្តល់ជាការគិតអំពីគ្រួសារ និងសង្គមខ្មែរផងដែរ ហើយសង្ឃឹមថានឹងធ្វើអោយគ្រប់គ្នាមានការត្រិះរិះពិចារណាកាន់តែច្រើនអំពីបញ្ហាគ្រួសារ ការរស់នៅរបស់មនុស្សខ្មែរ និងសេចក្តីសុខរបស់យើងផងដែរ។
ករណីប្អូនស្រីខាងលើបង្ហាញអោយឃើញថា គាត់គិតថាពាក្យគ្រួសារមានន័យជាក់លាក់តែ១គត់ នោះគឺ ឪពុក ម្តាយ និងកូន។ នេះបានមកពីការយល់ឃើញរបស់សង្គមខ្មែរទាំងមូល ដែលបង្រៀនថា ជាគ្រួសារ១ យើងត្រូវមានសមាជិកទាំងនេះ ហើយរស់នៅសុខដមរមនាជាមួយគ្នារហូតដល់ទីអវសាន្តនៃជីវិតរៀងខ្លួន។ នេះជាការប្រសើរ ហើយគ្រប់គ្នាចង់បាន។ តែការផ្តោតតែលើទំរង់គ្រួសារ មិនផ្តោតលើខ្លឹមគ្រួសារមិនមែនជាប្រការល្អទេ។
ប៉ុន្តែយើងក៏គួរទទួលស្គាល់ផងដែរថា ជីវិតមនុស្សមានភាពស្មុគស្មាញ ហើយការបែកព្រាត់ប្រាស់គ្នាក៏អាចកើតឡើងគ្រប់ពេល។ ការជួបព្រាត់ប្រាស់ជាសច្ចភាពនៃជីវិត។ ជួនឪពុកម្តាយត្រូវបែកគ្នា ដោយសារមនោសញ្ចេតនា ឬដោយខ្វះមនោសញ្ចេតនា។ ជួនពួកគាត់ត្រូវស្លាប់បាត់បង់ជីវិតដោយប្រការណា១ ដែលជាធម៌អនិចំ ប្រែថាមិនទៀត។ ប្រាកដណាស់ ពុំមានជនដែលមានអារម្មណ៍ មនោសញ្ចេតនាណាដែលចង់អោយមានការបែកបាក់ចេញពីទ្រនំគ្រួសារល្អឥតខ្ចោះនោះទេ។ តែជីវិតមួយចំណែកពុំមានជនណាអាចគ្រប់គ្រងបានឥតខ្ចោះនោះទេ។ ជាក់ស្តែងមានមនុស្សច្រើនណាស់ត្រូវព្រាត់ប្រាស់មុនកំណត់ ដោយប្រការផ្សេងៗ។
ជាពុទ្ធសាសនិក គ្រប់គ្នាទទួលស្គាល់អំពីការបែកបាក់ព្រាត់ប្រាស់ ដែលជាកំលាំងនៃធម៌អនិចំ ប៉ុន្តែគ្រប់គ្នាហាក់មិនព្រមបង្រៀនអ្នកជំនាន់ក្រោយអំពីបញ្ហានេះ។ ការយល់រឹងត្អឹងអំពីគ្រួសារនេះបានដាក់សំពាធលើកុមារនាំដល់ការខ្មាស់អៀន សើចចំអក និងធ្វើអោយមានការឈឺចាប់គ្រប់រូប។ ខ្ញុំធ្លាប់បានគេមាក់ងាយថាជាកូនគ្មានឪ។ លើសពីនេះទៀត មានអ្នកខ្លះសើចចំអកថាយើងមានឪពុកចុង ដែលមិនមែនជាឪពុកបង្កើតយើង និងមិនស្រលាញ់យើងដូចដែលឪពុកបង្កើតគួរធ្វើ។ ពេលយើងធំឡើង យើងចាស់ទៅ ផលប៉ះពាល់ពីការសើចចំអក ឬមើលងាយនេះអាចសាបរលាប មិនមានពឹសខ្លាំងដូចកាលយើងនៅក្មេងទេ។ ដូច្នេះ អ្វីដែលយើងត្រូវចាប់អារម្មណ៍គឺក្មេងៗ ដែលត្រូវទទួលបាននូវការស្រលាញ់ ការថ្នាក់ថ្នម និងយល់ចិត្តជាជាងការសើចចំអក បង្អាប់បន្ថោក ដែលបង្កជាការចិញ្ចឹមចិត្តស្អប់ខ្ពើមជីវិតស្ថានភាពគ្រួសារខ្លួន និងអាចអន្តរាយដល់ខ្លួនពេញ១ជីវិតក៏អាចមាន។
ដោយសារស្ថានភាពជាក់ស្តែង និងផលអាក្រក់នៃការយល់ឃើញចង្អៀតចង្អុលនេះ យើងគួរយល់ថា គ្រយសារមានរូបរាងច្រើនយ៉ាង។ គ្រួសារខ្លះមានឪពុកម្តាយ និងកូន គ្រួសារខ្លះមានតែឪពុកនិងកូន គ្រួសារខ្លះមានតែម្តាយនិងកូន គ្រួសារខ្លះមានមាមីងនិងកូនក្មួន គ្រួសារខ្លះមានតែជីដូន និងកូនចៅ គ្រួសារខ្លះមានតែបងនិងប្អូន គ្រួសារខ្លះមានតែមិត្តនិងមិត្ត គ្រួសារខ្លះមានតែខ្លួនឯង និងអ្នកជិតខាង។ គ្រួសារមានរូបភាពទ្រង់ទ្រាយផ្សេងគ្នាដូច្នេះ។ អ្វីដែលសំខាន់សម្រាប់គ្រួសារ គួរតែសេចក្តីសុខ ការស្រលាញ់រាប់អានគ្នាជាជាងទ្រង់ទ្រាយកំណត់ណា១។ កុមារទាំងអស់ត្រូវការការស្រលាញ់ មិនមែនការសើចចំអកដោយសារមានគ្រួសារខុសពី អ្នកដទៃនោះទេ។
តាមពិតគ្រប់គ្នាសុទ្ធតែមានគ្រួសារផ្សេងគ្នា។ អ្នកខ្លះមានឪពុក តែឪពុកបែរជាធ្វើបាបកូនខ្លួនឯងបំផ្លាញគ្រួសារខ្លួនឯង និងបង្កអន្តរាយដល់គ្រប់គ្នា។ ម្តាយខ្លះក៏មិនក្របដោយធម៌ យកកូនទៅធ្វើបាបលក់យកលុយមកធ្វើអំពើពាលាអាវ៉ាសែផឹកស្រាស្រវឹងអ៊ួប៉ាណួ ធ្វើអោយគ្រួសារមានអពមង្គល។ ផ្ទុយពី នេះវិញ គ្រួសារខ្លះដែលមិនមានឪពុក តែមានម្តាយ ឬយាយ ឬតា ឬមា ឬមីងផ្តល់ក្តីស្រលាញ់បណ្តុះបណ្តាលនាំមកនូវក្តីសុខចិត្តកាយដល់កុមារតូចៗ និងកូនតូចៗទាំងនោះ។ មនុស្សចាស់ គ្រូបង្រៀន មានតួនាទីសំខាន់ក្នុងការពន្យល់ លើកទឹកចិត្តដល់សង្គម កូនចៅ និងផ្តោតលើក្តីសុខរីករាយរបស់គ្រួសារ កូនចៅកូនក្មួយខ្លួន ជាជាងផ្តោតលើទំរង់រូបរៀងគ្រួសារ។ ខ្លឹមគ្រួសារគឺសេចក្តីសុខសប្បាយរីករាយរបស់សមាជិកគ្រួសារ មិនមែនទម្រង់គ្រួសារទេ។ ទំរង់គ្រួសារមិនសំខាន់ទេ អ្វីដែលសំខាន់គឺខ្លឹមគ្រួសារ។
សរុបមកខ្ញុំយល់ពីអារម្មណ៍របស់ប្អូនស្រីអ្នកប្រលងចំរៀង។ អារម្មណ៍ឯកោមិនមានឪពុកមកជួយផ្តល់កំលាំងចិត្តមិនមានអ្វីចំលែកទេ។ មនុស្សមានមនោសញ្ចេតនា ដូច្នេះការសំដែងមនោសញ្ចេតនាជារឿងធម្មតា និងជារឿងដែលគួរធ្វើក្នុងនាមជាមនុស្ស។ ខ្ញុំគ្រាន់តែសង្ឃឹមថា ប្អូនស្រីមិនធ្លាប់ទទួលការសើចចំអកដោយការកំព្រាឪពុក។ ប្អូនស្រី និងអ្នកផ្សេងទៀត ដែលមិនមានឪពុកម្តាយ ដូចអ្នកដទៃ មានឪពុកម្តាយចុងខុសពីអ្នកដទៃ មានតែម្តាយធំឪពុកធំជាអ្នកបីបាច់ ឬមានតែយាយតាចាស់ៗជាអ្នកមើលថែ ឬមានតែអ្នកដទៃចិញ្ចឹមបីបាច់ មិនទទួលបាននូវការសើចចំអក យកមកលេងសើចនិងធ្វើអោយមានការឈឺចាប់ផ្លូវកាយ និងផ្លូវចិត្ត។ ខ្ញុំធ្លាប់មានអារម្មណ៍រអៀសខ្លួនឯងមិនចង់និយាយជាមួយមនុស្សផ្សេងដោយការបង្អាប់ និងលេងសើចពីមនុស្សចាស់ និងមនុស្សផ្សេងទៀតពេលខ្លួននៅក្មេង។ ខ្ញុំធ្លាប់មានអារម្មណ៍ថា ខ្លួនមិនដូចគេ ខ្លួនខុសគ្នា ខ្លួនអន់ជាងគេ ដែលធ្វើអោយខ្ញុំខ្លាចរអាមិនអោយតំលៃខ្លួនឯង និងប៉ះពាល់ដល់ទំនាក់ទំនងខ្ញុំនឹងអ្នកដទៃ។ ខ្ញុំមិនចង់អោយក្មេងដទៃទៀត ដែលមានគ្រួសារខុសពីអ្នកផ្សេងរងការប្រមាថក្នុងរួបភាពណា១ទេ។
ទំរង់គ្រួសារមិនសំខាន់ដល់ខ្លឹមគ្រយសារទេ។ ដូច្នេះគ្រប់គ្នាគួរបញ្ឈប់និយាយរឿងទំរង់ ហើយបែរមកផ្តោតលើខ្លឹមរបស់គ្រួសារ។ គ្រួសារអ្នកជាគ្រួសារអ្នក គ្រួសារគេជាគ្រួសារគេ ហើយគ្រួសារខ្ញុំខុសពីគ្រួសារអ្នក និងខុសពីគ្រួសារគេ។ នេះមិនមានអ្វីចំឡែកទេ ព្រោះគ្រួសារយើងទាំងអស់គ្នាសុទ្ធតែខុសគ្នាសំខាន់សូមអោយគ្រួសារទាំងអស់មានខ្លឹមល្អទាំងអស់៕
ឈាត ស្រ៊ាង
Comments
Post a Comment