ស្ងប់ចិត្ត៖ កម្ពុជាគួរបើកយុទ្ធនាការស្វែងរកគ្រួសារបែកបាក់ដោយសង្គ្រាម
នេះជាអត្ថបទស្ដីពីការបាត់បង់សាច់ញាតិ អំពីការរង់ចាំដំណឹង និងអំពីអ្វីដែលសង្គមអាចធ្វើបានដើម្បីឲ្យអ្នកដែលកំពុងរង់ចាំដំណឹងពីមនុស្សដែលខ្លួនស្រលាញ់បានស្ងប់ចិត្ត។ ខ្ញុំធ្លាប់បាត់បង់សាច់ញាតិ។ ឪពុកខ្ញុំបានធ្វើមរណៈកាលកាលពី៣០ឆ្នាំមុន ពេលខ្ញុំមានអាយុទើប១០ឆ្នាំប៉ុណ្ណោះ។ តាមពិត ប្អូនប្រុសពៅខ្ញុំម្នាក់ ដែលទើបមានអាយុ៤ឆ្នាំ ក៏បានស្លាប់ជាមួយគាត់ដែរ។ ពួកគាត់ទាំងពីរត្រូវបានសម្លាប់ដោយពួកទ័ពព្រៃ ដែលចូលមកលួចប្លន់ភូមិខ្ញុំជាញឹកញាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៨០។ ព្រឹត្តិការណ៍នេះកើតឡើងក្រោយការដួលរលំនៃរបបប៉ុលពត។ ការបាត់បង់នេះ ផ្លាស់ប្តូរជីវិតខ្ញុំ និងគ្រួសារខ្ញុំទាំងស្រុង។ ពេលខ្លះ ខ្ញុំក្តុកក្តួល ខ្ញុំនឹករលឹក ខ្ញុំសោកសៅ ខ្ញុំស្តាយស្រណោះ ខ្ញុំមានអារម្មណ៍កំសត់ ដែលឪពុកបានចាកចេញ អាណិតដែលប្អូនតូចម្នាក់ស្លាប់ទាំងមិនទាន់ដឹងក្តីផង។ ខ្ញុំធ្លាប់បង្ហូរទឹកភ្នែក នៅពេលខ្ញុំនឹកគាត់។ រឿងខ្ញុំកំសត់ ប៉ុន្តែខ្ញុំស្ងប់ចិត្តដោយខ្ញុំដឹងថា ពួកគាត់នឹងមិនអាចវិលវិញឡើយ ទោះមានពេលខ្លះ ខ្ញុំយល់សប្តិថាបានជួបគាត់វិញក៏ដោយ។
ខ្ញុំដឹងថា
ការបាត់បង់របស់ខ្ញុំជារឿងកំសត់ណាស់
នេះខ្ញុំឃើញនឹងភ្នែកផ្ទាល់ថាពួកគាត់ទាំងពីបានចាកចេញ ពីខ្ញុំ
និងគ្រួសារប្រាកដផង។ ចុះទំរាំ ការបែកបាក់ ការចាកចេញ និងបាត់បង់
ដែលមិនបានឃើញ មិនប្រាកដថា សាច់ញាតិទៅដល់ទីណាឲ្យប្រាកដ
មិនដឹងថាគាត់ស្លាប់ឬរស់ បើរស់ តើរស់នៅក្នុងស្ថានភាពបែបណា។
តើអារម្មណ៍របស់យើងក្តុកក្តួលប៉ុណ្ណា?
ម្យ៉ាងចង់ដឹងដំណឹងពីបងប្អូនសាច់ញាតិ ម្យ៉ាងមិនប្រាកដក្នុងចិត្តថា
បើជាដំណឹងអាក្រក់ នឹងអាចទទួលយកបានបែបណា? ហើយបើជាដំណឹងអភមង្គលមែន
តើគួរដឹងដែរទេ?
នេះប្រហែលជាអារម្មណ៍របស់មនុស្សចាស់ក្មេងភាគច្រើន
ដែលបានបាត់បង់ បែកបាក់បងប្អូនសាច់ញាតិ ដែលកើតឡើងជាទ្រង់ទ្រាយធំ កាលពីសម័យសង្គ្រាមក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
ខ្មែររាប់លាននាក់បាននិងកំពុងស្វែងរកសាច់ញាតិ តាំងពីការដួលរលំនៃរបបប្រល័យពូជសាសន៍ប៉ុលពតក្នុងឆ្នាំ១៩៧៩មកម្ល៉េះ
ហើយភាគច្រើនមិនទាន់រកដំណឹងដែលខ្លួនរំពឹងចង់ដឹងនៅឡើយ ទោះជានោះអាចជាដំណឹងអាក្រក់ក៏ដោយ។
អ្នកបាត់បង់ប្អូនម្នាក់បានប្រាប់ខ្ញុំថា
«ការបែកបាក់ប្អូនបានធ្វើឲ្យគាត់ហាក់វិលវល់»
មួយចំណែកហាក់មានអារម្មណ៍ថាមានកំហុស ដោយសារខ្លួនបងគេ
ប៉ុន្តែមិនអាចធ្វើអ្វីបាននៅពេលនោះព្រោះខ្លួនក៏នៅតូចដែរ។ មួយចំណែក
នឹករលឹកចង់ស្វែងរកប្អូន ចង់ដឹងដំណឹងប្អូនគ្រប់វេលា
ប៉ុន្តែដោយសារខ្លួនពុំចាំថា ខ្លួនជានរណា ឪពុកម្តាយនៅទីណា ឈ្មោះអ្វី
សូម្បីតែឱកាសផ្សាយដំណឹងស្វែងរកប្អូនតាមវេទិការស្វែងរកបងប្អូន
ដែលមាននៅស្រុកខ្មែរ ក៏ពុំមានផង។ នៅមានមនុស្សជាច្រើនម៉ឺនសែននាក់ទៀត
ដែលបាននឹងកំពុងទន្ទឹងរង់ចាំដំណឹងពីបងប្អូន កូនក្មួយ ម៉ែឪ ដែលបានបែកបាក់គ្នា។
ការរង់ចាំ
ជាទណ្ឌកម្ម១ដែលមនុស្សគ្រប់គ្នាមិនចង់ជួបទេ
ប៉ុន្តែជួនកាលទោះជាដឹងថា វាជាកិច្ចការលំបាកធ្វើអោយមានរង្កៀសចិត្ត
ក្នុងស្ថានភាពនៃការបាត់បង់១ដែលមិនអស់ចិត្ត
ទាំងយើងទាំងគេមិនមានជំរើសអ្វីផ្សេង ក្រៅពីបន្តធ្វើទណ្ឌកម្មខ្លួនឯង ក្នុងបំណងតែ១គត់
គឺចង់ដឹងចង់លឺពីសុខទុក្ខនៃមនុស្សជាទីស្រលាញ់របស់ខ្លួន។
តើសង្គមខ្មែរអាចធ្វើអ្វីផ្សេងទៀត
ដើម្បីចូលរួមចំណែកជួយផ្សះផ្សាចិត្តអ្នកដែលបានបាត់បង់គ្រួសារ
ចង់ដឹងចង់លឺដំណឹងពីសាច់ញាតិដែលខ្លួនចង់នៅក្បែរ? តើរដ្ឋ
និងមនុស្សគ្រប់គ្នាអាចធ្វើការជាមួយគ្នាបែបណា
ដើម្បីជួយខ្មែរដូចគ្នា ដែលនៅរង់ចាំបងប្អូន
បងប្អូនដែលភាគច្រើនបែកដោយមិនបានលាគ្នា បែកដោយមិនដឹងខ្លួនថាបែក
និងបែកដោយមិនដឹងថាមានថ្ងៃជួបគ្នាទៀតផងនោះ បានព្យាយាមឲ្យអស់លទ្ធភាពមុនពេលដែលមច្ចុរាជឆក់យកជីវិតទៅបានយ៉ាងណា?
នៅកម្ពុជា
ដំណើរស្វែងរកសាច់ញាតិត្រូវបានស្ថាប័នមួយចំនួនចាប់ផ្តើមជាយូរហូរហែមកហើយ។
ស្ថាប័នទាំងនោះរួមមាន កាកបាទក្រហម ទូរទស្សន៍បាយ័ន និងមជ្ឈមណ្ឌលឯកសារកម្ពុជាជាដើម។ ប្រាកដណាស់ថា
តួនាទីនៃស្ថាប័នទាំងនេះពិតជាបានជួយផ្តល់ជាវេទិកាសម្រាប់បុគ្គលទាំងឡាយ
ដែលកំពុងនិងស្វែងរកមធ្យោបាយស្វែងរកដំណឹងពីសាច់ញាតិ ដែលបានបែកគ្នា
ផ្សព្វផ្សាយដំណឹងស្វែងរកគ្រួសាររបស់ខ្លួន
ដោយប្រាប់ពីអត្តសញ្ញាណលំអិត១ចំនួនដែលខ្លួនមានអំពីខ្លួន និងសាច់ញាតិដែលបែកគ្នា។
ជួនពេលខ្លះ សារព័ត៌មានដូចជាហ្រេសញូវ ក៏បានផ្សាយដំណឹងស្វែងរកសាច់ញាតិផងដែរ។
យើងក៏បានដឹងផងដែរ បងប្អូនមួយចំនួនបានទទួលដំណឹងអំពីគ្នា
រកឃើញគ្នា និងជួបជុំគ្នា តាមរយៈកម្មវិធីទាំងនេះ។ នេះជារឿងត្រេកអរ។
អ្វីដែលយើងមិនបានដឹង
គឺថាតើកម្មវិធីទាំងនេះមានវិសាលភាពធំធេងកំរិតណា
ហើយថាតើអ្នកណាខ្លះរហូតមកមានលទ្ធភាពទាក់ទងនឹងកម្មវិធីទាំងនេះ
ហើយថាតើកម្មវិធីទាំងនេះមានប្រសិទ្ធិភាពកំរិតណា។
មានតែការសិក្សាលំអិតទេទើបអាចឆ្លើយនឹងសំនួរនេះបាន។
ប៉ុន្តែអ្វីដែលយើងអាចយល់បាន
គឺស្ថាប័នទាំងនេះសុទ្ធតែមានកំរិតក្នុងការបំពេញការងារ
ហើយសុទ្ធជាស្ថាប័នដែលពុំមានការិយាល័យ
ឬសាខានៅគ្រប់ច្រកល្ហកនៃប្រទេសទេ។ មួយវិញទៀត សមត្ថភាពធនធានមនុស្ស
និងហិរញ្ញវត្ថុសុទ្ធតែមានកំណត់ និងបំរើគោលបំណងផ្សេង
បើធៀបនឹងស្ថាប័នរដ្ឋ។
ដោយសារមូលហេតុដូច្នេះហើយ
ទើបកិច្ចការនេះគួរនឹងទទួលបានការគាំទ្រ និងចាត់ចែង
ដើម្បីជាប្រយោជន៍សម្រាប់ព្យាបាល និងផ្សះផ្សាចិត្តដែលបាត់បង់ និងរង់ចាំ
ដើម្បីឈានទៅរកការបិទទំព័រប្រវត្តិសាស្ត្រឃោរឃៅ និងបាត់បង់។ រដ្ឋាភិបាលគួរជាស្ថាប័នរ៉ាប់រងការងារនេះក៏ដោយសារទំហំនៃចលនាប្រជាជនកាលនៅសម័យសង្គ្រាម
និងការបែកបាក់ដែលកើតឡើង និងកំរិតនៃអ្វីដែលស្ថាប័នមានកម្មវិធីស្វែងរកគ្រួសារនេះអាចធ្វើបាន។
ទោះជាអកុសល្យ យើងពុំបានដឹងថា
មានចំនួនមនុស្សប៉ុន្មាននាក់ ដែលបានបាត់បង់សាច់ញាតិ
និងមិនទាន់មានដំណឹងនៅឡើយ
ដោយសារកម្ពុជាពុំទាន់មានបញ្ជីរថ្នាក់ជាតិនៅឡើយ
អ្វីដែលយើងដឹងវិសាលភាពនៃការបែកបាក់មានចំនួនច្រើនឥតគណនាតាមការវិភាគព្រឹត្តិការណ៍ដែលបានកើតឡើង។
យើងដឹងថា
ចលនាប្រជាជនកើតឡើងមុនការឡើងកាន់អំណាចរបស់ប៉ុលពត។
សង្គ្រាមស៊ីវិលបាននាំដល់ចលនាប្រជាជនមកកាន់រាជធានីភ្នំពេញ
ធ្វើឲ្យរាជធានីមានប្រជាជនកើនឡើងរហូតដល់២លាននាក់
ជិតស្មើនឹង២ភាគ៣នៃប្រជាជនទាំងមូល។ ការឡើងកាន់អំណាចរបស់ខ្មែរក្រហមនៅថ្ងៃទី១៧
មេសា ឆ្នាំ១៩៧៥ ជាការចាប់ផ្តើមនៃការជម្លៀសប្រជាជនក្រុងភ្នំពេញទាំងនេះទៅគ្រប់ទិសដៅទាំងអស់ចេញពីរាជធានី។
អ្នកទាំងនេះទីបំផុតត្រូវបានដាក់ឲ្យតាំងលំនៅតាមភូមិដាច់ស្រយាលទាំងឡាយនៅទូទាំងប្រទេស។
អ្នកទីក្រុងដែលគេស្គាល់ថាជាប្រជាជនថ្មីទាំងនេះ
ត្រូវដាក់អោយរស់នៅរួមគ្នាតាមកងផ្សេងៗ ដែលមានទាំងប្រជាជនដែលទើបជម្លៀសចេញពីតាមបណ្តាទីរួមខេត្ត
និងទីប្រជុំជន និងប្រជាជនមូលដ្ឋានដែលរស់នៅតាមជនបទស្រាប់។ យើងក៏បានដឹងផងដែរថា
សូម្បីមនុស្សក្នុងគ្រួសារក៏ត្រូវបំបែកគ្នា តាមស្រី បុរស និងកុមារ
ដើម្បីឲ្យទៅធ្វើការតាមកងផ្សេងៗគ្នា
និងភាគច្រើនរស់នៅផ្សេងគ្នាផងដែរ។ នេះជាដំណាក់កាលចាប់ផ្តើម
នៃការនិរាសព្រាត់ប្រាសគ្រួសារទាំងអស់ក្នុងសង្គមខ្មែរ។
ដំណាក់កាលបន្ទាប់ទៀត
គឺការព្រាត់ប្រាសពេលរបបប្រល័យពូជសាសន៍ត្រូវបានផ្តួលរំលំ។
ការលុកលុយនៃកំលាំងទ័ពវៀតណាមបានរុញច្រានឲ្យទ័ពខ្មែរក្រហមត្រូវបោះបង់ចោលរាជធានីភ្នំពេញនៅថ្ងៃ៧មករាឆ្នាំ១៩៧៩
ហើយតាមតំបន់ផ្សេងទៀតកងទ័ពវៀតណាមទទួលបានជោគជ័យជាបន្តបន្ទាប់។ ប្រាកដណាស់ថា
ដូចលោកស្រី ម៉ម ធីតាបុត្រ បានសរសេរនៅក្នុងកំណត់ត្រារបស់គាត់
ដែលបោះពុម្ពដោយលោក ឌិត ប្រាង ក្នុងឆ្នាំ១៩៩៧នៅសាកលវិទ្យាល័យយែល បានសរសេរថា
ការដួលរលំនៃរបបឃោឃៅនេះ បង្កជាសំលេងយំដោយត្រេកអរជាច្រើន
រួមទាំងក្តីសោកសង្រេងព្រោះគិតថា
ជីវិតអន្ធការគួរត្រូវចប់ត្រឹមពេលនេះ។ លោកស្រីមានប្រសាសន៍ថា
ពេលវៀតណាមឈ្លានពាន
ខ្ញុំយំ។ ខ្ញុំយំព្រោះអរពេកដោយសារគេបានសង្គ្រោះជីវិតខ្ញុំ។
ខ្ញុំយំព្រោះប្រទេសខ្ញុំត្រូវបានឈ្លានពានដោយសត្រូវសួរពូជរបស់យើងជាថ្មីម្តងទៀត។
ខ្ញុំឈរលើដីខ្មែរ ដោយគិតក្នុងចិត្តថា
ខ្ញុំលែងជាម្ចាស់ប្រទេសនេះទៀតហើយ។ ខ្ញុំត្រូវការសេរីភាព
ហើយខ្ញុំក៏សម្រេចចិត្តរត់ចេញទៅប្រទេសសេរី។[1]
យើងអាចទុកការសន្និដ្ឋាននយោបាយនៅ១អន្លឺសិន
ហើយបែរមកមើលពីដំណើរនៃការព្រាត់ប្រាសជាថ្មីម្តងទៀតវិញ។ ៧ មករា ១៩៧៩
ផ្តល់នូវជីវិតថ្មីសម្រាប់មនុស្សរាប់លាននាក់ ឲ្យចេញផុតពីក្រញាំមច្ចុរាជនៃពួកប៉ុលពត។
ទន្ទឹមគ្នានេះ មនុស្សម្នាគ្រប់រូចចាប់ផ្តើមចល័តស្វែងរកសាច់ញាតិដែលបានដាក់ឲ្យធ្វើការតាមកងផ្សេងគ្នា
ឬដែលបានបាត់ដំណឹងទៅដោយពុំមានដំណឹង។ មនុស្សមួយចំនួន
ធ្វើដំណើរទៅស្រុកកំណើតក្នុងបំណងស្វែងរកបងប្អូនឪពុកម្តាយ
ហើយអ្នកខ្លះបានទទួលដំណឹងល្អឬអាក្រក់អំពីគ្រួសារហើយ
បន្តដំណើរទៅព្រំដែនខ្មែរថៃទៀត ក្នុងចេតនាទៅរកកន្លែងមានសេរីភាព
និងសុវត្ថិភាព ឬក្នុងភាពចលាចលនៃសង្គមដោយមិនដឹងថា អនាគតនឹងទៅជាយ៉ាងណា។
មកដល់ឆ្នាំ១៩៨៣ ជំរំធំ១នៅតាមព្រំដែនថៃ គឺជំរំខាវអ៊ីដាងមានប្រជាជនដល់៥៨០០០នាក់
ហើយក្នុងនោះកុមារអត់ឪពុកម្តាយមានដល់៣៥០០នាក់។[2]
រដ្ឋាភិបាលថ្មីដែលទើបចាប់កំណើតឡើងបានធ្វើការកត់ត្រាប្រជាជនបណ្តើរៗផងដែរ។
ក្នុងឆ្នាំ១៩៨០ រដ្ឋាភិបាលបានកត់ត្រាកុមារកំព្រាមានចំនួន២០៧២៩៥នាក់។
កុមារភាគច្រើនត្រូវបានចាត់ទៅចិញ្ចឹមដោយសាច់ញាតិ
ឬពលរដ្ឋខ្មែរផ្សេងទៀត។ អ្នកមួយចំនួនតូចត្រូវបានអនុញ្ញាតឲ្យយកទៅចិញ្ចឹមដោយជនជាតិបរទេស។
កុមារចំនួន៦២២៤ត្រូវបានយកទៅចិញ្ចឹមថែទាំដោយមណ្ឌលកុមារកំព្រា២៧មណ្ឌលឲ្យក្លាយជាកុមារឈានមុខ។[3]
តាមការសន្និដ្ឋាន១ផ្សេងទៀត ក្នុងទសវត្សរ៍ឆ្នាំ១៩៨០មានកុមារកំព្រាឥតឪពុកម្តាយចំនួន៧៤០០០
ជាលទ្ធផលនៃរបបខ្មែរក្រហម។[4]
គួរបញ្ជាក់ផងដែរថា
ភាពកំព្រានៅក្រោយរបបប្រល័យពូជសាសន៍ខុសពីភាពកំព្រានៅសម័យក្រោយទៀត
ដោយសារនៅក្រោយសង្គ្រាមភ្លាមៗ កុមារពិតជារកមិនឃើញឪពុកម្តាយខ្លួនពិតប្រាកដមែន។
ចំនួនកុមារកំព្រាដ៏ច្រើននេះ
បណ្តាលមកពីការកាប់សម្លាប់ក្នុងសម័យខ្មែរក្រហម
និងការព្រាត់ប្រាស ដែលកើតឡើងពីចលនាប្រជាជនជាហ្វូងនៅពេលខ្មែរក្រហមដកថយទៅព្រំដែនថៃ
ពេលវៀតណាមវាយចូល។
ប្រជាជនប្រហែល១លាន៧សែននាក់បានបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍
ភាគច្រើនជាបុរស។ ប្តីប្រពន្ធខ្លះបែកគ្នា
ដោយមិនដឹងថាភាគីម្ខាងទៀតស្លាប់ឬរស់
និងត្រូវមានគ្រួសារថ្មីផងក៏មាន។
ការបាត់បង់គ្នាដោយការសន្និដ្ឋានរៀងខ្លួនដូច្នេះមានសម្រាប់ទាំងគូស្រករ
បងប្អូន និងសាច់ញាតិជិតឆ្ងាយទាំងអស់ និងមិនស្ងប់ចិត្តឡើយ។
ការបែកបាក់ព្រាត់ប្រាសនេះ មាននៅទូទាំងប្រទេស។ តាមភូមិឃុំក្នុងស្រុកដាច់ស្រយាលនៅគ្រប់ច្រកល្ហកក្នុងប្រទេសគួរមានសេវារដ្ឋ
ផ្តល់ដល់អ្នកទាំងឡាយណាទោះចេះអក្សរក្តី មិនចេះក្តី មានក្តី ក្រក្តី ដើម្បីផ្តល់ឳកាសដល់មនុស្ស្គ្រប់គ្នាក្នុងការចុះឈ្មោះស្វែងរកបងប្អូនសាច់ញាតិ។
ការធ្វើជាបញ្ជីមួយថ្នាក់ជាតិសម្រាប់អ្នកទាំងឡាយណា ដែលបាត់បង់សមាជិកគ្រួសារជាកិរិយាទទួលខុសត្រូវ
ដែលនឹងផ្តល់ប្រយោជន៍មនុស្សធម៌សម្រាប់មនុស្សគ្រប់គ្នា ដែលកំពុងរង់ចាំដំណឹងពីមនុស្សខ្លួនស្រលាញ់។
មួយវិញទៀត ការងារនេះនឹងផ្តល់តំលៃប្រវត្តិសាស្ត្រឥតគណនា
សម្រាប់អ្នកជំនាន់ក្រោយរៀនសូត្រ និងចៀសឲ្យផុតពីដានប្រវត្តិសាស្ត្រ។
តាមរយៈអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បញ្ជី ថ្នាក់ជាតិនេះ
នឹងក្លាយជាប្រភពសម្រាប់ពលរដ្ឋខ្មែរទូទៅ
ដែលកំពុងរស់នៅទាំងក្នុងប្រទេស និងក្រៅប្រទេសរកព័ត៌មានអំពីញាតិខ្លួន
និងបិទបញ្ចប់នូវការរង់ចាំដោយឈឺចាប់ និងប្រហោងក្នុង
មុនពេលក្លាយឈានទៅរកបរិលោក។
មេរៀនពីប្រទេសផ្សេង ដែលធ្លាប់ជួបការបែកបាក់
និងបាត់បង់សាច់ញាតិ អាចផ្តល់ជាមេរៀនសម្រាប់កម្ពុជាបាន។ ប្រទេសកូរ៉េខាងត្បួង
និងខាងជើង មានបទពិសោធន៍ជូរចត់ខ្លាំងក្នុងសម័យសង្គ្រាមកូរ៉េ
ក្នុងរវាងឆ្នាំ១៩៥០ និងឆ្នាំ១៩៥៣។ ខណៈដែលរហូតមកដល់សព្វថ្ងៃ ប្រទេសកូរ៉េទាំងពីរស្ថិតនៅក្នុងស្ថានភាពសង្គ្រាមនៅឡើយ
ការផ្តល់ឱកាសឲ្យជួបជុំមានកំរិត ទន្ទឹមពេលដែលមនុស្សរាប់ពាន់សែននាក់រំពឹងចង់ជួបប្តីប្រពន្ធ
កូន ឪពុកម្តាយ។ តាំងពីឆ្នាំ១៩៨៥មក
រដ្ឋាភិបាលទាំង២បានរៀបចំការជួបជុំចំនួន២០លើក
សរុបមានមនុស្ស២ម៉ឺននាក់បានជួបសាច់ញាតិដែលបែកគ្នា។
តែអ្វីដែលអាក្រក់ គឺរាល់ឆ្នាំមនុស្សចាស់ជាង៣ពាន់នាក់បានបាត់បង់ជីវិតដោយពុំបានជួបសាច់ញាតិដែលបានបែកបាក់។
គិតទៅមនុស្សចំនួន៧៥២០០នាក់បានស្លាប់ តាំងពីឆ្នាំ១៩៨៨
ដោយមិនបានជួបសាច់ញាតិ ហើយមនុស្សប្រមាណ៥៦០០នាក់ភាគច្រើនមានវ័យ៨០
ទៅជិត១០០ឆ្នាំកំពុងរង់ចាំភ័ព្វសំណាងចាប់ឆ្នោតជួបបងប្អូននៅជុំក្រោយ។[5]
អ្វីដែលក្តុកក្តួលបំផុត គឺពេលជួបគ្នា ទោះក្រោយបែកគ្នា៥០
ឬ៦០ឆ្នាំក៏ដោយ ទោះអាចភ្លេចមុខមាត់គ្នាក៏ដោយ
អ្នកដែលបានជួបគ្នាពិតជាសប្បាយ ក្តុកក្តួល អោបក្រសោបគ្នាបង្ហូរទឹកភ្លែក
និងសាកសួរពីសុខទុក្ខគ្នា ដោយក្តីរីករាយយ៉ាងក្រៃលែង។
សម្រាប់អ្នកបែកបាក់
ការជួបជុំជាការប្រាថ្នាដែលមានតំលៃមិនអាចកាត់ថ្លៃបាន។ កម្ពុជាសំណាងជាងកូរ៉ែ
ដោយសារក្រោយសង្គ្រាមចប់ កម្ពុជាជាប្រទេសតែ១ ។ អ្វីដែលដូចគ្នា គឺ សម្រាប់ពលរដ្ឋខ្មែរ
ដែលបានបែកគ្នាក្នុងសម័យសង្គ្រាម ឱកាសដឹងដំណឹងពីគ្នា
ឬរហូតដល់ជួបជុំគ្នា នឹងផ្តល់ក្តីរីករាយ សោកសៅ និងភាពស្ងប់ចិត្តពិតមែន។
យើងពុំបានដឹងថា
ក្រោយពេលសង្គ្រាមចប់ទៅ តើរាល់ឆ្នាំមានប្រជាជនខ្មែរប៉ុន្មាននាក់
បានលាចាកលោកនេះទៅ ដោយពុំបានដំណឹងពីសាច់ញាតិទេ។ ហេតុដូច្នេះហើយ បានជាយើងគួរចាប់ផ្តើមធ្វើរឿងនេះជាបន្ទាន់
មុនពេលមនុស្សកាន់តែច្រើនស្លាប់ដោយមិនស្ងប់ចិត្ត។ នេះក៏ដោយសារ ទោះការរង់ចាំនេះឈឺចាប់ប៉ុណ្ណា
នាំមកនូវសុបិនអាក្រក់ប៉ុណ្ណា ប៉ុន្មានដងរហូតមក
ក៏វាមិនអាចឆ្លងហួសពីដង្ហើមចុងក្រោយរបស់យើងឡើយ។ ដូច្នេះ
ខ្មែរគ្រប់រូប
ពិសេសរដ្ឋាភិបាលគួរបង្កើនយន្តការកត់ត្រាការស្វែងរកបងប្អូនសាច់ញាតិ
ប្រកបដោយមនោសញ្ចេតនាភាតរភាព ប្រៀបដូចវាជាការបាត់បង់ផ្ទាល់
ដើម្បីឲ្យអ្នកបាត់បង់ និងកំពុងស្វែងរកពិតប្រាកដ បានស្ងប់ចិត្តមុនពេលពួកគាត់លែងមានដង្ហើមរង់ចាំ
និងស្វែងរក។ មនុស្សគ្រប់គ្នាចង់បានដំណឹង ដើម្បីឲ្យខ្លួនបានអស់ចិត្ត
និងបិទភ្នែកជិត។
ដើម្បីបង្កបរិយាកាសនេះ ដោយសាររាល់ឆ្នាំ កម្ពុជាប្រារព្ធយកថ្ងៃ៧មករា
ជាថ្ងៃកំណើតទី២ ហើយជាក់ស្តែង វាជាពេលចាប់ផ្តើមនៃការស្វែងរកសាច់ញាតិ
ដែលបំបែក និងបែកបាក់គ្នាកាលពីឆ្នាំមុនៗ យើងគួរយកឱកាសនេះជាការស្វែងរក
និងជួបជុំសាច់ញាតិថ្នាក់ជាតិផងដែរ។ បើយើងប្រែក្លាយសប្តាហ៍ទី១រាល់ខែមករា
ទៅជាសប្តាហ៍ស្វែងរកសាច់ញាតិ សប្តាហ៍ជួបជុំ និងសប្តាហ៍ផ្សះផ្សា
គ្រួសារកម្ពុជានឹងក្លាយជាគ្រួសារមនុស្សធម៌ ជាគ្រួសារដែលអាចជួលជុលការរង់ចាំដោយឥតសង្ឃឹម
ទៅរកក្តីសង្ឃឹម និងជាគ្រួសារដែលមានការចូលរួមទាំងរដ្ឋ
ដែលមាននាទីជាអ្នកនាំមុខ ទាំងស្ថាប័នសង្គមផ្សេងទៀត និងឯកជន ក្នុងបំណងឲ្យអ្នកបែកបាក់គ្នាបានដំណឹងពីបងប្អូន
និងអាចបានជួបជុំផង។
ពេលដែលស្ថាប័នរដ្ឋគ្រប់លំដាប់ថ្នាក់ ដើរតួនាទីជាអ្នកនាំមុខក្នុងការស្វែងរកសាច់ញាតិដែលបានព្រាត់ប្រាស
ដោយសង្គ្រាមជូរចត់ បង្កើតជាចលនាជាតិ១ប្រកបដោយចេតនាស្រលាញ់
និងយកចិត្តទុកដាក់ នោះភាពសង្វេគចិត្តដែលកើតឡើងពីការបាត់បង់ និងរង់ចាំដោយឥតសង្ឃឹម
នឹងក្លាយជាការរងចាំប្រកបដោយក្តីសង្ឃឹម និងស្ងប់ចិត្ត
ដូចដែលអារម្មណ៍ដែលខ្ញុំមានពេលដឹងថាឪពុក និងប្អូនប្រុសបានទៅទីឋាន១ផ្សេងទៀតដោយពិតប្រាកដ
ទោះនោះជា ការអាឡោះអាឡ័យក៏ដោយ។ សូមឲ្យព្រលឹងនៃអ្នកដែលបានបាត់បង់ជីវិតដោយរបបខ្មែរក្រហម
បានទៅដល់ទីស្ងប់។ សូមឲ្យខ្មែរជៀសផុតពីការកាប់សម្លាប់គ្នា
និងការព្រាត់ប្រាស។ សូមឲ្យសប្តាហ៍ទី១ នៃខែមករា
ក្លាយជាសប្តាហ៍នៃការជួបជុំ ក្តីសង្ឃឹម និងស្ងប់ចិត្ត៕
ដោយ
ឈាត ស្រ៊ាង
[1] https://archive.nytimes.com/www.nytimes.com/books/first/p/pran-cambodia.html?scp=84&sq=children%2520of%2520men&st=cse
[2] https://www.washingtonpost.com/world/khmer-rouges-legacy-of-terror/2017/08/04/c9727cfe-7945-11e7-9eac-d56bd5568db8_story.html
[3] https://www.csmonitor.com/1987/0526/o1budd.html
[4] https://www.smh.com.au/world/head-20151126-gl8n5a.html
[5] https://www.nytimes.com/2018/08/20/world/asia/north-south-korea-family-reunions.html
Comments
Post a Comment