ហេតុអ្វីបានជា លោក កឹម សុខា រេរាំតាមចង្វាក់នយោបាយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែន?
បច្ចុប្បន្ននយោបាយកម្ពុជាឈានដល់ចំណុច១ដែលគ្រប់គ្នាអាចយល់ស្របថានៅនឹងថ្កល់។ នឹងថ្កល់ ត្រង់ថាប្រជាធិបតេយ្យត្រូវបានព្យួរទាំងស្រុង ដោយមិនដឹងថាតើត្រូវកំទេចតែម្តងឬប្រោះឡើងវិញ។ នេះ ក៏ដោយសារតាំងពីសមរង្ស៊ីរត់ចោលស្រុក ហើយកឹមសុខាត្រូវរដ្ឋាភិបាលចាប់ដាក់គុក និងចោទប្រកាន់ពីបទក្បត់ជាតិកាលពីខែកញ្ញាឆ្នាំ២០១៧មក គណបក្សប្រឆាំងត្រូវបានគេបិទមាត់សឹងទាំងស្រុង។
១២ខែក្រោយជាប់ឃុំនៅខេត្តត្បូងឃ្មុំ លោកកឹមសុខាត្រូវបានតុលាការឲ្យស្ថិតនៅក្រៅឃុំ តែស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។ ១៣ខែក្រោយមកទៀត ពោលគឺនៅដើមខែវិច្ឆិកា ឆ្នាំ២០១៩ លោកត្រូវបានតុលាការអនុញ្ញាតិឲ្យដើរហើរទូទាំងប្រទេសបាន តែមិនមានសិទ្ធិធ្វើនយោបាយ។ សព្វថ្ងៃ លោកកឹមសុខាមានសិទ្ធិធ្វើដំណើរទៅគ្រប់ច្រកល្ហកក្នុងប្រទេសក្នុងការធ្វើអំណោយ ដើរកំសាន្ត និងធ្វើបុណ្យជាដើម។ ប៉ុន្តែលោកក៏មិនបានធ្វើវោហាសាសន៍នយោបាយណា១ ប្រាសចាកអំពីបំរាមរបស់តុលការឡើយ។ តើនេះជាយុទ្ធសាស្ត្រនយោបាយរបស់លោកកឹមសុខាមែនទេ? តើលោកកឹមសុខាលែងធ្វើនយោបាយហើយមែនទេ? ឬថា តើនេះ ជាទង្វើរដែលនឹងនាំឲ្យកឹមសុខា ឈ្នះខាងនយោបាយដែរ មែនទេ? ឬក៏ជាការឡកតាមចង្វាក់នយោបាយរបស់លោកហ៊ុនសែន? ខ្ញុំគិតថា ទាំងនេះមិនមែនជាអ្វីដែលលោកកំពុងនឹងធ្វើទេ។ ចំលើយគឺដោយសារសម្ព័ន្ធនយោបាយរវាងបក្សលោក និងបក្សសមរង្ស៊ីមានភាពផុយស្រួយ និងមិនមានគ្រឹះរឹងមាំ ដូច្នេះហើយជាការឆ្លើយតបនឹងការគៀបសង្កតរឹតត្បិតរបស់លោកហ៊ុនសែន ជំរើសល្អបំផុតសម្រាប់លោកកឹមសុខាគឺនៅស្ងៀម និងរងចាំលោកហ៊ុនសែនបោះជំហានទៅ មុន។
ជាអកុសល ការកើនឡើងនៃប្រជាប្រិយភាពនៃការភ្ជាប់សាច់ឈាមនៃបក្សទាំងពីរបានធ្វើឲ្យបក្សប្រជាជនព្រួយបារម្មណ៍ ក្លាយជាការគំរាមកំហែងដល់អំណាចខ្លួន។ ចាប់តាំងពីឆ្នាំ២០១៣មក ការធ្វើទុក្ខបុកម្និញបានចាប់ផ្តើម ដោយមានការប្រើអំពើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងនៅមុខរដ្ឋសភា ការចាប់ចងតំណាងរាស្ត្រ ការនិរទេសរបស់លោកសមរង្ស៊ី និងការចោទប្រកាន់លោកកឹមសុខា និងចាប់លោកដាក់ខ្នោះ។ ការចាប់លោកកឹមសុខា ដាក់គុក និងការរំលាយបក្សសង្គ្រោះជាតិដោយតុលាការ ជាចំណុចអាក្រក់បំផុតនៃដំណើរប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ឆ្នាំ២០១៧ ជាពេលដែលប្រជាធិបតេយ្យទទួលការវាយប្រហារយ៉ាងខ្លាំងបំផុត រហូតដល់សន្ធុំ ដែលយើងមិនដឹងថា នឹងដឹងខ្លួនវិញឬយ៉ាងណាទេ។
អ្វីដែលគ្រប់គ្នាឆ្ងល់គឺថា ហេតុអ្វីបានកឹមសុខាព្រមធ្វើតាមគណបក្សប្រជាជន ឬតុលាការ ដែលហាមឲឃាត់មិនឲ្យគាត់និយាយ និងធ្វើនយោបាយ ខណៈដែលគាត់ដឹងថា ធ្វើដូច្នេះមិនមែនជារឿងត្រឹមត្រូវ ដោយសារគាត់ខ្លួនឯងបន្តអះអាងថា ខ្លួនគ្មានកំហុស ហើយការសម្រេចរបស់តុលាការជាការសម្រេចមិនសម្អាងលើច្បាប់ តែធ្វើតាមអ្វី ដែលអ្នកនយោបាយបក្សប្រជាជនកម្ពុជាចង់បាន។ ការសម្រេចរំលាយបក្សសង្គ្រោះជាតិ និងការចោទប្រកាន់ និងចាប់ខ្លួនលោកសុទ្ធជារឿងនយោបាយទាំងអស់មិនមែនរឿងច្បាប់ទេ។ លោកក៏ប្រាកដជាដឹងដែរថា ពេលលោកមិននិយាយ មិនបន្តប្រឆាំងតវ៉ា មិនបន្តទទួលយកការសម្រេចរបស់តុលាការ ចំណេញដល់បក្សប្រជាជន។ ហេតុអ្វីបានលោកនៅតែធ្វើតាមតុលាការអយុត្តិធម៌ ដែលមានបក្សប្រជាជននៅពីក្រោយ?
ដូចលើកឡើងពីខាងលើហើយ កឹមសុខា មិនក្លាហានបន្តធ្វើនយោបាយ ទោះខ្លួនជាប់គុក ដោយអយុត្តិធម៌បង្ហាញថា ទំនាក់ទំនងរវាងកឹមសុខា និងបក្សសមរង្ស៊ីមិនមានភាពស្អិតរមួត។ និយាយម្យ៉ាងទៀត ការមិនទុកចិត្តគ្នានៅ មានកំរិតខ្ពស់។ នេះក៏ដោយសារ អំណាចនយោបាយរបស់សមរង្ស៊ី នៅមានខ្លាំងទូទាំងប្រទេស ខណៈដែលប្រជាប្រិយភាពរបស់កឹមសុខាក៏កាន់តែកើនឡើង។ ការមិនទុកចិត្តគ្នានេះ មានលេចឡើងជាញយៗតាមរយៈការឌឺដងគ្នារវាងក្រុមទាំងពីរក្នុងបក្សសង្គ្រោះជាតិ៖ ដូចជាក្រុមកឹមសុខាដៀលសមរង្ស៊ីថាមានរឿងគេរករឿងរត់ចោលស្រុក ចំណែកក្រុមសមរង្ស៊ី១ចំនួនចោទក្រុមកឹមសុខាថាឃុបឃិតជាមួយហ៊ុនសែននិងបក្សប្រជាជន។ ការសង្ស័យគ្នានេះ បានធ្វើឲ្យមានការយកបំណាំគ្នា ដែលជាលទ្ធផលឋាមពលធ្វើនយោបាយក្នុងស្ថានភាពគ្រោះថ្នាក់ត្រូវបានបន្ថយយ៉ាងខ្លាំងជាអតិបរិមា។
ជាក់ស្តែង លោកសមរង្ស៊ីពេលមានទុក្ខ រងការគំរាមចាប់ចងពីក្រុមលោកហ៊ុនសែន មានរដ្ឋាភិបាលជាសេនាធិការ លោកធ្វើនិរទេសខ្លួន ឬមានន័យថាលោករត់ទៅរកសុខ។ ចំណែកកឹមសុខា ខណៈដែលលោកសុខចិត្តនៅស្រុកខ្មែរ ទោះត្រូវគេចាប់ដាក់គុក ប៉ុន្តែនេះជាការចំណាយធំបំផុតដែលលោកអាចធ្វើបាន។ ប្រសិនឲ្យគាត់ចំណាយច្រើនជាងនេះ រហូតដល់ប្រឆាំងនឹងអំណាចរបស់បក្សប្រជាជន និងតុលាការ ដែលបង្ខំ អោយគាត់បិទមាត់ទៀត លោកប្រហែលគិតថា នេះមិនមានអ្វីចំណេញច្រើនជាងអ្វីដែលគាត់បានធ្វើហើយនោះ ទេ។
ដោយសារលោកកឹមសុខាក៏ប្រហែលយល់ច្បាស់ខ្លួនឯងហើយថា ការគាំទ្ររបស់ប្រជាជនលើសមរង្ស៊ី ទោះគាត់រត់ចោលស្រុករហូតក៏ដោយ ក៏នៅមានខ្លាំង។ ប្រសិនបើកឹមសុខាព្យាយាមធ្វើច្រើនជាងនេះទៀត ផលនឹងបានទៅសមរង្ស៊ីដូចគ្នា។ ការគិតបែបនេះ បានធ្វើឲ្យឱកាសនៃការផ្លាស់ប្តូរជញ្ជីងនយោបាយនៅស្រុកខ្មែរអត់អាចកើតឡើង។
ប្រសិនបើសមរង្ស៊ី នៅបន្តធ្វើរឿងតាមអ្វី ដែលបក្សប្រជាជនគិតថាគាត់នឹងធ្វើពេលរដ្ឋាភិបាលគំរាមចាប់គាត់ តាមរយៈការរត់ចោលស្រុក ហើយប្រសិនបើកឹមសុខាមិននិយាយ មិនប្រឆាំងនឹងដីការនយោបាយរបស់តុលាការដែលមានបក្សប្រជាជននៅ ពីក្រោយ នោះគណបក្សប្រជាជនជោគជ័យភ្លូកទឹកភ្លូកដី។ នេះ ក៏ដោយសារ មេដឹកនាំបក្សសង្គ្រោះជាតិទាំងពីរ ដើរគន្លងនយោបាយ ដូចដែលបក្សប្រជាជនបានគូសវាសឲ្យ ហើយការគូសវាសដូច្នេះគឺដើម្បីឲ្យបក្សប្រជាជនបានឈ្នះ មិនមែនដើម្បីឲ្យបក្សប្រឆាំងបានឈ្នះទេ។ ដូចសមរង្ស៊ីដែរ កឹមសុខា ដោយសារប្រជាប្រិយភាពគាត់នៅមានកំរិតបើធៀបនឹងសមរង្ស៊ី ត្រូវបង្ខំចិត្តរេរាំតាមខ្សែញាក់នយោបាយរបស់គណបក្សប្រជាជន។ សមរង្ស៊ី និរទេសពេលជួបការគំរាមពីរដ្ឋាភិបាល ឯកឹមសុខាអាចនៅជាប់គុកក្នុងប្រទេសបាន តែមិនអាចធ្វើលើសពីនេះបានទេ៕
Comments
Post a Comment