ប្រជាធិបតេយ្យកើតមានពេលមនុស្សម្នាក់ៗមានសេរី
ពេលប្រជាពលរដ្ឋភូមាចេញទៅធ្វើបាតុកម្មប្រឆាំងនឹងរបបយោធា ដែលបានធ្វើរដ្ឋាប្រហារទំលាក់រដ្ឋាភិបាលលោកស្រីអ៊ុងសានស៊ូជី ដែលបានឈ្នះឆ្នោតកាលពីចុងឆ្នាំមុន អ្នកសិក្សាតាមដាននយោបាយនៅស្រុកខ្មែរប្រហែលសួរត្រឡប់មកវិញអំពីវប្បធម៌នយោបាយខ្មែរ ដែលកំពុងញាំញីដោយចលនាបំផ្លាញប្រជាធិបតេយ្យដូចគ្នានៅភូមា។
ប្រាកដណាស់ ការប្រឆាំងប្រជាធិបតេយ្យធ្វើឡើងក្នុងរូមភាពខុសគ្នា
ដែលនេះប្រហែលជាមូលហេតុមួយអាចបកស្រាយពីភាពខុសគ្នានៃប្រទេសទាំងពីរ។
១ទៀតប្រហែលមកពី ប្រវត្តិសាស្ត្រខុសគ្នានៃប្រទេសទាំងពីរ
ដោយសារប្រជាជនភូមាមិនចង់វិលត្រលប់ទៅរករបបយោធាវិញ
ដែលគ្រប់គ្រងប្រទេសជិតកន្លះសតវត្សតាំងពីបាន€ករាជ្យមក
ចំណែកកម្ពុជាវិញបានឆ្លងកាត់របបប៉ុលពត
ដែលធ្វើឲ្យពលរដ្ឋខ្មែរបាក់ស្បាត មិនហ៊ានតតាំងជាមួយអាជ្ញាធររដ្ឋ។
អ្នកខ្លះខាងវប្បធម៌និយមប្រហែលអាចគិតថា
ដោយសារខ្មែរធ្លាប់ឆ្លងកាត់ការកាប់សម្លាប់ក្នុងទ្រង់ទ្រាយធំ
នៅក្នុងរបបប្រល័យពូជសាសន៍ បង្ហាញពីភាពឃោឃៅរបស់មនុស្សខ្មែរ
និងនិន្នាការសម្លាប់គ្នា€ងដើម្បីអំណាច។ បើយើងគិតថា
មនុស្សខ្មែរសាហាវជាងមនុស្សភូមា
នោះយើងមិនអាចសិក្សាអំពីប្រធានបទនេះបានទេ
ព្រះនេះជាសំនួរដែលនឹងគ្មានចំលើយជាក់់ច្បាស់នោះទេ។
អ្វីដែលខ្ញុំនឹងពន្យល់ខាងក្រោមគឺថាតើកត្តាអ្វីដែលពន្យល់អំពីភាពខុសគ្នានៃការឆ្លើយតបរបស់ប្រជាជនខ្មែរនឹងព្រឹត្តិការណ៍នៃការកំទេចប្រជាធិបតេយ្យ
ធៀបនឹងរដ្ឋប្រហារនៅភូមា។ ហើយការពន្យល់នេះ
គឺសិក្សាលើវប្បធម៌នយោបាយខ្មែរ។
ហេតុការណ៍នៃការកំទេចប្រជាធិបតេយ្យនៅស្រុកខ្មែរ
គឺកើតឡើងជាកំណត់ពេលតុលាការក្រុងភ្នំពេញសម្រេចរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧។
គេដឹងគ្របគ្នាថា តុលាការស្ថិតក្រោមឥទ្ធិពលនយោបាយ
និងការគ្រប់គ្រងរបស់គណបក្សប្រជាជនកម្ពុជា។ ព្រឹត្តិការណ៍រំលាយគណបក្សនេះ
ទោះគ្រប់គ្នាដឹងថា ជារឿងនយោបាយ និងអយុត្តិធម៌
ប៉ុន្តែអ្នកគាំទ្រគណបក្សប្រឆាំងធំនេះ
មិនមានតបតដោយការបង្ហាញពីការប្រឆាំងនឹងអំពើអយុត្តិធម៌នេះ
ដោយការធ្វើចលនានយោបាយអ្វី ឬបាតុកម្មអហិង្សាណា១ឡើយ។
ជាធម្មតា
បើសិនជាមានការបំផ្លាញអង្គការចាត់តាំងនយោបាយ
ដែលជាអង្គការសង្គម១សំខាន់ក្នុងការរៀបចំសង្គមនយោបាយ ដូចជាគណបក្សនយោបាយដូច្នេះ
អ្នកដឹកនាំនិងគាំទ្របក្សនោះ និងអ្នកស្រលាញ់ប្រជាធិបតេយ្យផ្សេងទៀត
គួរដែលប្រើសិទ្ធិសេរីភាពនយោបាយរបស់ខ្លួនមកបង្ហាញពីការមិនពេញចិត្តនឹងទង្វើអយុត្តិធម៌នេះ។
អយុត្តិធម៌ដោយសារ ការរំលាយអង្គការសង្គម១ ដោយគ្រាន់តែមានមេដឹកនាំម្នាក់២នាក់មានទោសព្រហ្មទណ្ឌនោះ
មិនបង្ហាញពីតំលៃ និងឆន្ទះនៃអ្នកគាំទ្ររាប់លាននាក់ផ្សេងទៀតទេ។
ទោះបក្សនេះមានអ្នកគាំទ្ររាប់លាននាក់ក៏ដោយ
មិនមាននរណាម្នាក់ចេញមុខជាសាធារណៈមកប្រឆាំងតវា
នឹងការសម្រេចដោយអយុត្តិធម៌នេះឡើយ។ យើងឃើញហើយថា
នៅប្រទេសភូមាមានអ្នកចេញមកតវារាប់លាននាក់
ហើយការតវានេះនៅបន្តរហូតមកដល់សព្វថ្ងៃនេះ
ទោះបីជាក្រុមយោធាបន្តសម្លាប់អ្នកធ្វើបាតុកម្មតាមទីក្រុងនានាក្នុងប្រទេសជាបន្តបន្ទាប់
រាល់ថ្ងៃរហូតមានការបាត់បង់ជីវិតដល់ជាង៥០០នាក់បើគិតមកដល់ថ្ងៃទី១៨ខែមេសា
ឆ្នាំ២០២១។
ការស្ងៀមស្ងាត់នៅប្រទេសកម្ពុជា
យើងអាចមើលឃើញថា មានមូលហេតុចំបង១គឺពលរដ្ឋខ្មែរមិនមានម្ចាស់ការខ្លួនឯង។
និយាយម្យ៉ាងទៀត
ពលរដ្ឋខ្មែរចូលចិត្តដើរតាមការដឹកនាំរបស់អ្នកដឹកនាំណា១ដែលខ្លួនគាំទ្រ
ដោយមិនមានការរិះគិតអំពីភាពជាភ្នាក់ងាររបស់ខ្លួន។ នេះមិនមានន័យថា
ដោយសារវប្បធម៌ និងប្រវត្តិសាស្ត្រទាំងស្រុងទេ តែមកពីចំណេះដឹងរបស់មនុស្សខ្មែរ
ពាក់ព័ន្ធនឹងសេរីភាព តំលៃនៃការគិត និងតួនាទីរបស់ខ្លួនក្នុងសង្គម។
ខ្ញុំមិនពិភាគ្សាអំពីឬសគល់នៃការយល់ឃើញខាងនយោបាយរបស់មនុស្សខ្មែរនៅក្នុងអត្ថបទនេះទេ។
ដូច្នេះការដើរតាមមេដឹកនាំដោយមិនមានគំនិតផ្ទាល់ខ្លួននេះជាដើមចមនៃអំពើល្អអាក្រក់ក្នុងសង្គមខ្មែររហូតមក។
សីហនុធ្លាប់បានកាលពីខ្លួននៅកាន់អំណាចក្នុងទសវត្សឆ្នាំ១៩៦០ថា
ខ្មែរល្ងង់ណាស់ ហើយស្តាប់និងធ្វើតាមតែមេខ្យល់ពង្វក់ប៉ុណ្ណោះ។
សីហនុខ្លួនក៏បានពង្វក់ខ្មែរអោយដើរតាមខ្សែរបន្ទាត់នយោបាយ១
ដែលខ្លួនគិតថាផ្តល់អំណាចដល់ខ្លួនដែរ។
នៅសម័យប្រជាធិបតេយ្យក្រោយឆ្នាំ១៩៩៣ហើយ
ឥរិយាបទនយោបាយនេះហាក់មិនមានការប្រែប្រួលជាដុំកំភួនឡើយ។ ចំពោះប្រតិកម្មនយោបាយនឹងការរំលាយគណបក្សសង្គ្រោះជាតិ
ការស្ងាត់ស្ងៀមបានផ្ញើរសារនយោបាយដល់សាធារណមតិថា
នេះជាទង្វើអាចទទួលយកបាន។ ដូចដែលយើងដឹង
តាមពិតអំពើអយុត្តិធម៌សង្គមក្នុងទ្រង់ទ្រាយធំនេះ
មិនខុសពីរដ្ឋប្រហារនៅភូមាទេ
មានចេតនាបំបាត់ចោលនូវវេទិកាដែលពលរដ្ឋមានអំណាចចាត់ចែកវាសនាប្រទេសខ្លួន។
ពោលគឺលុបបំបាត់នូវប្រជាធិបតេយ្យដូចគ្នា។
ប៉ុន្តែការមិនតបតរបស់អ្នកប្រជាធិបតេយ្យ
ការមិនព្រមធ្វើចលនានយោបាយដែលមានលក្ខណៈសីលធម៌
និងមិនបំពានដល់សិទ្ធិរបស់អ្នកដទៃ និងទ្រព្យសម្បត្តិរបស់ពលរដ្ឋ
មិនបានជួយបង្ហាញពី អ្វីដែលមនុស្សភាគច្រើនគិតនោះទេ។ ជាធម្មជាតិ
ក្នុងជីវិតផ្ទាល់ខ្លួន និងក្នុងជីវិតនយោបាយដូចគ្នា
ការមិនតបតធ្វើឲ្យបាត់បង់នូវឱកាសគៀងគរកំលាំងនយោបាយដើម្បីគាំទ្រនូវកិច្ចប្រឹងប្រែងរក្សា
និងស្តារឡើងវិញនូវយុត្តិធម៌សង្គម។
ការមិនតបតនេះ សម្រាប់ខ្ញុំ គឺកើតឡើងដោយសារកត្តាប្រវត្តិសាស្ត្រសង្គម។
កត្តាប្រវត្តិសាស្ត្រដោយសារខ្មែរបាក់ស្បាត
ហើយការបាក់ស្បាតនេះមិនបានកែប្រែនូវការគិតរបស់ខ្លួននឹងសង្គម
ក៏ដូចជានឹងរដ្ឋដែរ។ តាមពិត
ការបន្តបាញ់សម្លាប់នៅភូមាមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាចង់ឃើញនោះទេ។
ខ្ញុំក៏មិនចង់ឃើញមានការសម្លាប់ដូចគ្នានៅភូមាក៏ដោយ នៅខ្មែរក៏ដោយ។
ប៉ុន្តែប្រសិនបើយើង យកសេចក្តីខ្លាចមួយមុខមកដាក់មុខ
នោះលទ្ធផលនឹងមិនមានអ្វីប្រែប្រួលទេ។ ប្រាកដណាស់ យើងសង្ឃឹមថា
ពេលពលរដ្ឋចេញមកបាតុកម្មបង្ហាញពីការបដិសេធន៍របស់ខ្លួននឹងអំពើអយុត្តិធម៌ដែលបង្កឡើងដោយបក្សកាន់អំណាច
យើងសង្ឃឹមថា គ្មានកំលាំងយោធា
កំលាំងប្រដាប់អាវុធណាប្រើហិង្សាបាញ់សម្លាប់ពលរដ្ឋទេ។
ហើយប្រសិនបើមានការបាញ់សម្លាប់ ហើយការសម្លាប់កាន់តែច្រើននៅបន្ត ថ្នាក់ដឹកនាំរបបនោះនឹងត្រូវទទួលខុសត្រូវចំពោះប្រវត្តិសាស្ត្រ
និងចំពោះមនុស្សជាតិទូទៅ។
លើសពីនេះទៀត ខ្មែរនៅមិនទាន់មានភាពជាភ្នាក់ងារនៅឡើយ។
ការតតាំងដូចនៅភូមាសព្វថ្ងៃកើតឡើងបាន
ក៏ដោយសារភាពជាភ្នាក់ងាររបស់ពលរដ្ឋភូមាមានកំរិតខ្ពស់។
ភាពជាភ្នាក់ងារបានធ្វើអោយសេចក្តីភ័យខ្លាចជាបុគ្គលគ្របដណ្តប់ដោយចេតនាចង់ចូលរួមកសាងសង្គម១
ដែលគ្រប់គ្នាទទួលបាននូវសេរី។ ប្រាកដណាស់បើយើងសួរថា
ហេតុអ្វីការក្រោកឡើងនេះ មិនកើតឡើងមុនពេលប្រទេសមានប្រជាធិបតេយ្យក្នុងរង្វង់ឆ្នាំ២០១៥
នោះយើងអាចឆ្នើយបានដោយកត្តានយោបាយក្នុងនិងក្រៅប្រទេស
ដែលជាកត្តាកំណត់។
ចុះតួនាទីមេដឹកនាំក្នុងចលនានយោបាយប្រឆាំងនឹងអយុត្តិធម៌សង្គមនេះវិញ?
ប្រាកដណាស់មេដឹកនាំមានតួនាទីសំខាន់សម្រាប់ផ្តល់ជាមគ្គុទេស
ក្នុងគ្រប់ចលនានយោបាយ។
ប៉ុន្តែនៅភូមាទោះមេដឹកនាំបក្សសម្ព័ន្ធប្រជាធិបតេយ្យត្រូវបានក្រុមយោធាចាប់ដាក់គុក
និងរងការចោទប្រកាន់ពីតុលាការ
ពលរដ្ឋដែលជាអ្នកគាំទ្របក្សនេះបានប្រមូលផ្តុំចេញ មកតវាបាន
នៅគ្រប់តំបន់ទីក្រុងធំៗក្នុងប្រទេស។ នេះ មានន័យថា ក្រៅពី
មេដឹកនាំកំពូលប៉ុន្មានរយនាក់ ដែលត្រូវបានចាប់ខ្លួន
មានមេដឹកនាំផ្សេងទៀតគ្រប់កំរិត និងភាពជាភ្នាក់ងារនៃពលរដ្ឋទូទៅ។
នៅកម្ពុជា
គណបក្សប្រឆាំងត្រូវបានរំលាយក្រោយពេលដែលមេដឹកនាំធំៗរបស់ខ្លួនត្រូវបានធ្វើនិរទេសខ្លួន
ចាប់ដាក់គុក និងរត់គេចខ្លួនជាដើម។
លោកសមរង្ស៊ីបានរត់គេចខ្លួនទៅបារាំងពីការចាប់ខ្លួនតាំងពីឆ្នាំ២០១៥។
លោកកឹមសុខារងការចោទប្រកាន់ពីតុលាការ
និងឃុំខ្លួនក្នុងស្នាក់ការបក្សរហូតដល់ការបោះឆ្នោតឃុំឆ្នាំ២០១៧
ហើយមិនយូរប៉ុន្មានត្រូវបានចាប់ខ្លួន
និងបញ្ជូនខ្លួនទៅគុកត្រពាំងថ្លឹងនៅខេត្តត្បូងឃ្មុំ។
ទន្ទឹមនេះ
មេដឹកនាំ១ចំនួនទៀតបានរត់គេចខ្លួនមុនពេលតុលការសម្រេចរំលាយបក្ស
និងហាមឃាត់ថ្នាក់ដឹកនាំចំនួន១១៨រួមផ្សេងទៀត
មិនអោយធ្វើនយោបាយក្នុងរយៈ៥ឆ្នាំ។ ការរំលាយបក្សនេះ
បាននាំទៅដល់ការបាត់បង់តំណែងនយោបាយថ្នាក់ក្រោមជាតិ
មានក្រុមប្រឹក្សាខេត្តក្រុងស្រុកខ័ណ្ឌឃុំរាប់ពាន់តំណែងជាស្វ័យប្រវត្តិផងដែរ។
ដែលនេះជាការយល់ឃើញរបស់មេដឹកនាំទាំងនោះ អំពីយុទ្ធសាស្ត្រនយោបាយ
និងការសម្រេចចិត្តនយោបាយរបស់ខ្លួន។
ប្រាកដណាស់ការរត់ចោលស្រុក និងការស្ថិតក្នុងគំនៀបច្បាប់នេះបានធ្វើអោយមានពិការភាពដល់ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិ និងចលនាប្រឆាំងនឹងនយោបាយកំទេចប្រជាធិបតេយ្យនៅកម្ពុជា។ លោកបណ្ឌិត សូ ណារ៉ូ អ្នកដែលធ្លាប់សិក្សាអំពីនយោបាយស្រុកខ្មែរ និងអ្នកធ្លាប់ប្រឡូកក្នុងនយោបាយខ្មែរ រួមទាំងបក្សប្រជាជនកម្ពុជាផង បាននិយាយក្នុងពេលថ្មីៗនេះថា អ្វីដែលសោកស្តាយបំផុត គឺគ្មានអ្នកដឹកនាំបក្សសង្គ្រោះជាតិណាបានធ្វើចលនានយោបាយដើម្បីបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនចំពោះអំពោះអយុត្តិធម៌នេះទេ។
ចំណែក អ្នកគាំទ្រនយោបាយបក្សនេះ ដែលមានចំនួនជាង៣លាននាក់
ពោលគឺប្រមាណ៤០ភាគនៃចំនួនអ្នកបោះឆ្នោតក្នុងប្រទេសមិនបានប្រតិកម្មចំហរណា១នោះទេ។
នេះក៏ដោយសារដូចសីហនុនិយាយតាំងពីទសវត្សឆ្នាំ១៩៦០មកម្លះថា
ខ្មែរចេះតែដើរតាម តែមិនចេះដឹកនាំជីវិតនយោបាយខ្លួនទេ។
ខ្មែរត្រូវការមេដឹកនាំជាអ្នកប្រាប់ថាត្រូវធ្វើអ្វី
តែមិនមានសមត្ថភាពដឹកនាំខ្លួនថាត្រូវឬគួរធ្វើអ្វីទេ។
តាមពិតការលើកឡើងថា អ្នកស្រលាញ់យុត្តិធម៌សង្គម
និងប្រជាធិបតេយ្យគួរបង្ហាញពីការតវាខ្លួនជាចំហរជាក្រុម
តាមរយៈបាតុកម្មក្តី តាមរយៈការផ្ញើរសារផ្សេងៗ ឬតាមរយៈការទៅបោះឆ្នោតទំលាក់ក្រុមដែលបង្កអយុត្តិធម៌នោះ
ក្តី មិនមែនមានន័យថា ពលរដ្ឋគួរទៅតតាំងនឹងចុងកំភ្លើង
ហើយអោយពួកទាំងនោះស្លាប់នោះទេ។ មានតែមនុស្សអាក្រក់ទេ
ដែលហ៊ានលើកកាំភ្លើងសម្លាប់មនុស្សស្លូតត្រង់។
ប៉ុន្តែបើមិនបង្ហាញពីការមិនពេញចិត្តរបស់ខ្លួនតាមសកម្មភាពនយោបាយទេ
នោះមនុស្សអាក្រក់នោះរឹតតែទទួលបានផលនយោបាយដែលខ្លួនចង់បាន
កាន់តែស្រួលទៀត ហើយមនុស្សល្អក៏នៅតែបន្តសុបិន្តថា
មនុស្សអាក្រក់នោះនឹងក្លាយជាមនុស្សប្រកបដោយធម៌ក្នុងពេលខាងមុខ។
ក្រៅពីនេះព្រឹត្តិការណ៍នយោបាយឆ្នាំ២០១៨
កាន់តែបង្ហាញច្បាស់អំពីការចាក់ឬសនៃគំនិតដើរតាមមេដឹកនាំនេះ។
ពេលដែលសមរង្ស៊ី
បរាជ័យក្នុងការស្វែងរកដំណោះស្រាយនយោបាយដើម្បីអោយលោកវិលត្រលប់ទៅស្រុកខ្មែរ
និងដឹកនាំគណបក្សសង្គ្រោះជាតិតតាំងនឹងហ៊ុនសែនបក្សប្រជាជនក្នុងការបោះឆ្នោតឆ្នាំ២០១៨
លោកបានប្រកាសអោយអ្នកគាំទ្ររបស់ខ្លួនពហិកាមិនចូលរួមបោះឆ្នោត
តាមរយៈសារថា ដេកផ្ទះឈ្នះស្អាត។ ប្រាកដណាស់
ការប្រកាសជំហរនេះបានធ្វើអោយគណបក្សប្រជាជនមានការព្រួយបារម្ភអំពីធម្មានូរួមនៃការបោះឆ្នោត
ដែលនាំដល់ការគំរាមប្រើច្បាប់ចាប់ចង អ្នកទាំងឡាយណាដែលមិនទៅបោះឆ្នោត
និងប្រកាសមិនអោយគេបោះឆ្នោត។
ប៉ុន្តែអ្វីដែលបាត់បង់នោះ គឺឱកាសក្នុងការប្រើសិទ្ធិរបស់ខ្លួនក្នុងការបោះឆ្នោត។
បើមើលត្រលប់ក្រោយវិញ យើងឃើញថា បើពលរដ្ឋមានស្មារតីប្រកបដោយភាពជាភ្នាក់ងារ
បែរទៅជាបោះឆ្នោតអោយបក្សផ្សេងណា១ផ្សេងទៀត
នោះបង្ហាញកាន់តែច្បាស់អំពីអំណាចខ្លួន
និងការប្រឆាំងរបស់ខ្លួននឹងនយោបាយរបស់គណបក្សប្រជាជន
ដែលជាបក្សខ្លួនចង់ទំលាក់ពី អំណាច។
ការសម្រេចចិត្តដើរតាមសមរង្ស៊ី អោយដេកផ្ទះ ដោយមិនទៅបោះឆ្នោត
មិនបានអោយពលរដ្ឋទាំងនោះឈ្នះទេ។ ផ្ទុយទៅវិញ
ដូចកាលដែលពលរដ្ឋនៅផ្ទះមិនប្រឆាំងតបតនឹងការរំលាយគណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៧ដែរ
ការនៅផ្ទះបានផ្តល់ជាសញ្ញា១ថា អ្នកដែលហ៊ានធ្វើចលនានយោបាយជាអ្នកឈ្នះ។
ថ្នាក់ដឹកនាំបក្សប្រឆាំងអាចគិតថា នយោបាយបានមកដោយការសន្តោស
និងការដាក់ទានពីអ្នកមានអំណាច។ ប្រាកដណាស់
ប្រសិនបើមានអ្នកនយោបាយប្រកបដោយធម៌ដូច្នេះមែន នោះប្រាកដជាប្រពៃណាស់
ហើយសង្គមកម្ពុជានឹងរុងរឿងមិនខាន។ ប៉ុន្តែរហូតមកកម្ពុជាមិនមានមេដឹកនាំដូច្នេះទេ។
តាមពិតពិភពលោកមិនមានមនុស្សដូច្នេះធ្វើជាមេដឹកនាំទេ។
នេះជាសុបិន្តរបស់មនុស្សល្អ តែមិនបង្ហាញពីធម្មជាតិមនុស្សពិតទេ។
មានតែការប្រើប្រាស់អំណាចនយោបាយដើម្បីអោយមានការឆ្លើយតបសមស្របទេ
ដែលអាចអោយសង្គម១ដើរទៅរកប្រជាធិបតេយ្យបាន។
ពេលពលរដ្ឋខ្មែរមានភាពម្ចាស់ការ ចេះដឹងគិតអំពីសេរីភាព
និងតំលៃប្រជាធិបតេយ្យ ចូលរួមគ្នាធ្វើនយោបាយដោយខ្លួន€ង
និងជ្រើសរើសមេដឹកនាំដែលខ្លួនយល់ស្របជាមួយ ដើម្បីធ្វើចលនាសង្គមទេ
ទើបសង្គមខ្មែរអាចនឹងកែប្រែបាន។
សង្គមដែលពលរដ្ឋស្តាប់មេដឹកនាំដោយត្រជៀកស
សង្គមនោះនឹងមិនមានការប្រែប្រួលខាងប្រជាធិបតេយ្យទេ៕
ដោយ ឈាត ស្រ៊ាង
Comments
Post a Comment