ខ្មែរ ខ្មាំង និងសត្រូវ
នៅក្នុងសង្គមខ្មែរ ពាក្យខ្មាំង និងសត្រូវបានជ្រាបចូលទៅក្នុងស្រទាប់សង្គមទាំងមូល។ មួយចំណែក ពាក្យទាំងនេះបង្ហាញពីប្រវត្តិសង្គ្រាមកាប់សំលាប់រវាងខ្មែរ និងប្រទេសជិតខាង ពិសេសប្រទេសវៀតណាម។ មួយចំណែក ជាប់ជំពាក់នឹងសង្គ្រាមជាមួយប្រទេសជិតខាងនេះដែរ គឺជម្លោះប្រដាប់អាវុធរវាងខ្មែរ និងខ្មែរ ក្នុងការកាន់កាប់អំណាចនយោបាយខ្មែរ។ ហើយមួយចំណែកទៀត គឺដោយសារប្រវត្តិសាស្ត្រនៃរបបផ្តាច់ការដែលមានបន្តជាហូរហែររហូតមកក្នុងប្រវត្តិសាស្ត្រនយោបាយខ្មែរ។ ពាក្យទាំងនេះនៅបន្តមានអត្ថន័យក្នុងនយោបាយខ្មែរ និងសង្គមខ្មែររហូតមកដល់រាល់ថ្ងៃ ហើយនិងមានឥទ្ធិពលសម្រាប់ការអភិវឌ្ឍនយោបាយប្រជាធិបតេយ្យ និងការអភវិឌ្ឍសេដ្ឋកិច្ច។ អត្ថបទនេះសំដៅចូលរួមចំណែកបង្ហាញពីឬស្សគល់នៃពាក្យទាំងនេះ ពីផលលំបាកដែលបានបង្កើតឡើងដោយប្រវត្តិសាស្ត្រពាក់ព័ន្ធ និងការកសាងជាតិខ្មែរទាំងមូលរួមទាំងផ្នែកប្រជាធិបតេយ្យ និងការអភិវឌ្ឍ។ ក្នុងសង្គមខ្មែរ ពេលនិយាយអំពីសត្រូវខ្មែរ ប្រហែលគ្រប់គ្នានឹងយល់ស្របថា វៀតណាមជាសត្រូវទី១ ថៃជាសត្រូវទី២។ ...