ប្រជាធិបតេយ្យមូលដ្ឋាន៖ ប្តូរការគិត ប្តូរប្រវត្តិសាស្ត្រ ប្តូរសង្គម
សព្វថ្ងៃប្រជាធិបតេយ្យមូលដ្ឋានមានន័យស្មើនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលជាតំណាងផ្ទាល់នៅគៀកនឹងប្រជាពលរដ្ឋ។ ការបោះឆ្នោតរាល់ថ្ងៃគឺធ្វើឡើងរាល់ប្រាំឆ្នាំម្តង។ ការបោះឆ្នោតនឹងកើតឡើងម្តងទៀតនៅថ្ងៃទី៥ មិថុនាឆ្នាំ២០២២ខាងមុខនេះ។
ការបោះឆ្នោតធ្វើឡើងតាមរយៈគណៈបក្សនយោបាយ។ មានន័យថា គណៈបក្សនយោបាយនឹងបញ្ជូនឈ្មោះបេក្ខជននៅគណៈកម្មការបោះឆ្នោតដោយមានលេខរៀងជាក់លាក់។ ចំនួនកៅអីដែលបានមកនឹងផ្តល់ដល់បេក្ខជនក្នុងបញ្ជីរគណៈបក្សតាមលេខរៀងជាបន្តបន្ទាប់គ្នា។ បើបេក្ខជននេះបាត់សមាជិកភាពគណបក្ស គាត់នឹងបាត់បង់តួនាទីជាក្រុមប្រឹក្សាដោយស្វ័យប្រវត្តិ ហើយកៅអឺទំនេរនេះនឹងផ្តល់ដល់បេក្ខជនបន្ទាប់ក្នុងបញ្ជីរគណបក្ស ដោយមានការស្នើរសុំពីគណៈបក្សសាមី។
ឃុំសង្កាត់នៅស្រុកខ្មែរមានជំនួន១៦៥២ឃុំ (នេះបើតាមចំនួនឃុំដែលនឹងត្រូវធ្វើការប្រគួតប្រជែងក្នុងការបោះឆ្នោតាឆ្នាំ២០២២ខាងមុខនេះ)។ ក្នុង១ឃុំអាចមានក្រុមប្រឹក្សាពី៧រូប ទៅ១១រូប ហើយក្រុមប្រឹក្សានីមួយៗមានប្រធាន១រូបដែលហៅថាមេឃុំ ឬចៅសង្កាត់ ហើយមានអនុប្រធាន២រូប ដែលម្នាក់ជាជុំទប់ទី១ និងម្នាក់ទៀតជាជុំទប់ទី២។
ក្រុមប្រឹក្សានេះជាគោលការណ៍ត្រូវធ្វើការដូចសភាថ្នាក់ជាតិដូច្នោះដែរ ពោលគឺធ្វើការប្រជុំធ្វើសេចក្តីសម្រេចដើម្បីការរីកចំរើនមូលដ្ឋានឃុំសង្កាត់ខ្លួន។ សេចក្តីសម្រេចនេះធ្វើឡើងក្នុងឈ្មោះថា ដីការឃុំសង្កាត់។ នេះ មានន័យថា ដីការនេះក្លាយជាច្បាប់សម្រាប់យកទៅ អនុវត្តន៍ក្នុងដែនដី របស់់ខ្លួនក្នុងក្របខ័ណ្ឌច្បាប់ ដែលសំដៅ ដល់ថាតើឃុំសង្កាត់មានអំណាចសម្រេចលើមុខងារដ្ឋបាលផ្នែកអ្វីខ្លះ។ ឧទាហរណ៍បើឃុំសង្កាត់មានសិទ្ធិសម្រេចលើការអប់រំថ្នាក់បឋមសិក្សា គាត់អាចធ្វើការសម្រេចថាតើធ្វើយ៉ាងណាអោយក្មេងក្នុងឃុំសង្កាត់គាត់បានទៅចូលរៀនទាំងអស់គ្នាបាន គ្រូបង្រៀនទៅទៀងទាត់ និងមានប្រាក់កំរៃសមរម្យ ។ល។
ប៉ុន្តែសព្វថ្ងៃឃុំសង្កាត់មានមុខងារតិចតួចណាស់ មុខងារចំបងមានត្រឹមធ្វើលិខិតអាត្រានុកុលដ្ឋានមានសំបុត្រកំណើត សំបុត្រមរណៈភាព អាពាហ៍ពិពាហ៍ប៉ុណ្ណោះ។ ខាងសាលារៀន ការប្រមូលពន្ធ គ្រប់គ្រងដីធ្លី មិនមែនជាមុខងាររបស់រដ្ឋបាលមូលដ្ឋានទេ ដែលទាំងអស់នេះត្រូវពង្រឹងបន្ថែមដើម្បីពង្រឹងប្រជាធិបតេយ្យនៅមូលដ្ឋាន។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ គឺក្រុមប្រឹក្សាឃុំសង្កាត់ជាអង្គបោះឆ្នោតក្រុមប្រឹក្សាថ្នាក់ស្រុកថ្នាក់ខេត្ត និងព្រឹត្តិសភាផងដែរ។ នេះ មានន័យថា រាល់ប្រាំឆ្នាំម្តងមេឃុំចៅសង្កាត់ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅថ្នាក់លើនេះក្នុងបំណងធ្វើយ៉ាងណាអោយថ្នាក់លើនេះមានគណនេយ្យភាពចំពោះខ្លួន និងចុងក្រោយចំពោះពលរដ្ឋមូលដ្ឋាននៅទូទាំងប្រទេស។ និយាយម្យ៉ាងទៀត រដ្ឋបាលថ្នាក់លើត្រូវមានការឆ្លើយតប និងគណនេយ្យភាពចំពោះពលរដ្ឋជាធំ ហើយតាមរយៈឃុំសង្កាត់ដែលបោះឆ្នោតជូនខ្លួន ប្រជាជនគួរទទួលបានការយកចិត្តទុកដាក់កាន់តែខ្លាំង។
តែយើងដឹងការអនុវត្តមិនដូចបំណងទេ។ ជាក់ស្តែងការដែលឃុំសង្កាត់មិនមានចំណូលផ្ទាល់ខ្លួនគាត់មិនអាចឆ្លើយតបនឹងតំរូវការពលរដ្ឋបានទេ។ ហើយការដែលឃុំសង្កាត់មិនមានមន្ត្រីជំនាញ និងមិនទទួលបានការពង្រឹងសមត្ថភាពគ្រប់គ្រាន់គាត់មិនមានលទ្ធភាពសម្រេច និងប្រើប្រាស់ថវិកាដែលមានសម្រាប់ពង្រឹងស្ថានភាពសេដ្ឋកិច្ចសង្គមរបស់ពលរដ្ឋក្នុងមូលដ្ឋានខ្លួនបានទេ។ ម្យ៉ាងទៀត ការដែលក្រុមប្រឹក្សាឃុំសង្កាត់ជាមន្ត្រីតូចក្នុងក្របខ័ណ្ឌបក្សនយោបាយ គាត់មិនអាចទាមទារគណនេយ្យភាពពីមន្ត្រីបក្សថ្នាក់ខ្ពស់បានទេ ទោះជាមន្ត្រីទាំងនោះត្រូវបាន់គាត់បោះឆ្នោតអោយធ្វើជាក្រុមប្រឹក្សាថ្នាក់ស្រុកខេត្ត និងសមាជិកព្រឹទ្ធិសភាក៏ដោយ។
តើយើងអាចគិតអ្វីផ្សេងពី នេះ បាន? ប្រសិនបើឃុំមិនអាចអោយស្រុកឆ្លើយតប និងមានគណនេយ្យភាពដល់ខ្លួន ដំណោះស្រាយ១គឺអោយឃុំក្លាយ ជាស្រុក។ តើមានន័យយ៉ាងណា? ឃុំក្លាយជាស្រុកមានន័យថា នៅថ្នាក់ឃុំមានការបោះឆ្នោតក៏ពិតមែន តែយើងបោះឆ្នោតយកតែម្នាក់បានហើយ ដែលហៅថាមេឃុំចៅសង្កាត់ដដែល ដែលមានតែមន្ត្រីជំនាញជាអ្នកជួយសម្រួលការងារគាត់។ មេឃុំចៅសង្កាត់នេះ រួមនិងមេឃុំចៅសង្កាត់ដទៃស្ថិតក្នុងមូលដ្ឋានស្រុកក្រុងជាមួយគ្នារួមគ្នាបង្កើតបានជាក្រុមប្រឹក្សាស្រុកក្រុងសាមី។ ហើយក្រុមប្រឹក្សានេះបោះឆ្នោតជ្រើសរើសតំណាង១រូបក្នុងក្រុមប្រឹក្សាអោយក្លាយជាចៅហ្វាយស្រុកឬចៅហ្វាយក្រុង។ ធ្វើបែបនេះគណនេយ្យភាពនៃក្រុមប្រឹក្សាទាំងពីរដែលកំពុងមានសព្វថ្ងៃគួរតែមានលក្ខណៈល្អប្រសើរជាងមុនចំពោះពលរដ្ឋនៅមូលដ្ឋាន។
ហេតុអ្វីត្រូវធ្វើដូច្នេះ? នេះក៏ព្រោះថារាល់ថ្ងៃរដ្ឋបាលថ្នាក់មូលដ្ឋានមិនមានដំណើរការដោយសារមិនមានគណនេយ្យភាពពីថ្នាក់លើមកមូលដ្ឋាន ដូចបានលើកឡើងពីខាងលើ។ ម្យ៉ាងទៀត បើរដ្ឋបាលឃុំសង្កាត់មានសមត្ថភាពទាបពិតដូចថ្នាក់ជាតិតែងលើកឡើងមែន នោះការធ្វើសុខដមនីយកម្មដូចលើកឡើងមកនេះនឹងជួយពង្រឹងសមត្ថភាពរបស់គាត់ដោយសារអ្នកមានសមត្ថភាពនឹងធ្វើការផ្ទាល់ជាមួយឃុំនិងស្រុកក្នុងពេលទន្ទឹមគ្នា។ ១ទៀត គឺមន្ត្រីជំនាញដែលមាននៅថ្នាក់ស្រុកក្រុងរាល់ថ្ងៃនឹងក្លាយជាមន្ត្រីជំនាញថ្នាក់ឃុំសង្កាត់ និងធ្វើការកែសម្រួលបន្ថែមអោយសមស្របតាមរចនាសម្ព័ន្ធថ្មី ហើយនិងក្លាយជាជំនួយការផ្ទាល់រប់សពលរដ្ឋ។ ១វិញទៀត ដោយសារក្រុមប្រឹក្សាឃុំសង្កាត់រាល់ថ្ងៃទោះ មានគ្នាច្រើនក៏ពិតមែន ប៉ុន្តែមិនមានការជជែកគ្នាបែកប្រជាធិបតេយ្យ ពោលគឺមានតែមេឃុំ ឬចៅសង្កាត់ម្នាក់ទេ ដែលធ្វើការសម្រេចចិត្ត។ ដូច្នេះការដែលមានមនុស្សច្រើនតែឥតមានការពង្រឹងប្រជាធិបតេយ្យ និងសេវាដល់ពលរដ្ឋជាការខាតបង់ និងខ្ជះខ្ជាយពេលវេលាសម្រាប់អភិវឌ្ឍប្រជាធិបតេយ ក៏ដូចជាការអភិវឌ្ឍប្រទេស។
ការដែលយើងស្វែងរកបញ្ហា យើងបាននិងកំពុងជួបប្រទះ និងរកដំណោះស្រាយថ្មីនេះមានន័យថា យើងរួចផុតពីខ្នោះឃ្នាងប្រវត្តិសាស្ត្រ។ ប្រសិនបើយើងគ្រាន់តែបន្តធ្វើតាមបុរាណកាលដោយមិនរីះរកវិធីកែខៃអោយកាន់តែប្រសើរទេ នោះសង្គមជាតិនឹងមិនរីកចំរើនជឿនលឿនទៅ មុខតាមការរីកចំរើនពិភពលោកឡើយ។ ការរើខ្លួនចេញ ពី ប្រវត្តិសាស្ត្រនេះមានន័យថាបង្កើតប្រវត្តិសាស្ត្រថ្មី១ដែលឆ្លើយតបនឹងកាលទេសជាក់ស្តែង និងទៅ អនាគត។
ការច្នៃប្រឌិតខាងសតិបញ្ញានេះទាមទារអោយមានការចូលរួមពីបញ្ញវ័ន្ត និងថ្នាក់ដឹកនាំនយោបាយ និងពលរដ្ឋទាំងអស់គ្នា។ ការទាមទារអោយមានការគិតថ្មីសំដៅស្វែងរកដំណោះស្រាយដល់បញ្ហាកំពុងជួបប្រទះ និងឈានឆ្ពោះទៅ អនាគត១ដ៍ត្រចេះត្រចង់តាមការរីកចំរើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ការពង្រឹងប្រជាធិបតេយ្យមូលដ្ឋានសំដៅដល់ការពង្រឹងអំណាចពលរដ្ឋអោយក្លាយជាម្ចាស់ប្រទេសពិតប្រាកដ ថែរក្សាសន្តិភាពភ្លឺស្វាង១ពិតប្រាកដ កាត់បន្ថយពុករលួយ និងការបែកបាក់ជាតិ និងនាំកម្ពុជាអោយក្លាយជាអារ្យប្រទេសពិតប្រាកដក្នុងឆាកអន្តរជាតិ៕
ដោយឈាត ស្រា៊ង
Comments
Post a Comment