ហេតុអ្វីគួរអានរឿងប្រលោមលោក?
សំណួរថាតើហេតុអ្វីគួរអានប្រលោមលោក ជាសំណួរដែលអាចមានចំលើយច្រើន។ សម្រាប់អ្នកមិនចាប់អារម្មណ៍សំណួរនេះមិនមានន័យអ្វីឡើយ។ ប៉ុន្តែនៅទីនេះខ្ញុំសូមលើកឡើងសម្រាប់មនុស្សដែលចូលចិត្តអាន ហើយដោយសារខ្ញុំជាមនុស្សម្នាក់ក្នុងនោះដែរ ខ្ញុំនឹងឆ្លើយនឹងសំណួរនេះតាមការយល់ឃើញជារួម និងឆ្លុំបញ្ចាំងពីបទពិសោធន៍ផ្ទាល់ខ្លួនដែលខ្ញុំមាន។ ជាមួយគ្នានេះដែរ ខ្ញុំនិយាយសម្រាប់តែការអានប្រលោមលោកណាដែលអ្នកអានគិតថាខ្លួនចូលចិត្តប៉ុណ្ណោះ។
មុនចាប់ផ្តើមឆ្លើយសំណួរនេះ ខ្ញុំគិតថាយើងគួរយល់ពីអ្វីជាប្រលោមលោកជាមុនសិន។
តាមវចនានុក្រមសម្តេចជូនណាត់ ប្រលោមលោក
សំដៅដល់រឿងទាំងឡាយណាដែលធ្វើឡើងសំដៅប្រលោមចិត្តមនុស្សដែលអ្នកតែងប្រតិដ្ឋប្រដូចឡើងដោយឥតមានច្បាប់ដើមជាការពណ៍ពិតប្រាកដជាគោលចារឹកឡើយ។
នៅសម័យដែលលោកតែងសៀវភៅវចនានុក្រមនេះឡើង លោកបានលើកឡើងថា
សម័យនោះប្រលោមលោកមានបីប្រភេទ គឺប្រលោមលោកស្នេហា
ប្រលោមលោកកសាងជីវភាពខ្លួន និងប្រលោមលោកប្រវត្តិសាស្ត្រ។ នៅសម័យបច្ចុប្បន្ន
ប្រហែលប្រលោមលោកប្រភេទច្រើនទៀតទោះជានៅទីនេះខ្ញុំមិនមានលទ្ធភាពបរិយាយបានក៏ដោយ។
ប៉ុន្តែក្នុងនោះ ប្រលោមលោកខ្លីៗបែបអប់រំ បែបប្រវត្តិ
នយោបាយក៏មានគេតាក់តែងផងដែរ។ ប្រលោមលោកជាភាសាបរទេស ក៏មានច្រើនដែរ
ហើយរឿងខ្លះពាក់ព័ន្ធនឹងឃាតកម្ម និងភាពរន្ធត់ក៏មាន។ ដូច្នេះរាល់រឿងទាំងនេះ
ទោះជាប្រភេទអ្វីក៏ដោយ គឺនិពន្ធឡើងសម្រាប់ល្បួងលួងលោម
បញ្ចុះបញ្ចូលអោយអ្នកអានបញ្ចូលចិត្តស្របតាមអត្ថន័យ
និងអត្ថរសនៃរឿងដែលអ្នកនិពន្ធចង់បាន ដោយប្រឌិតទាំងស្រុង
ឬមានលាយឡំនឹងរឿងរាវពិត ឬព្រឹត្តិការពិតខ្លះតាមដែលអ្នកនិយមចង់បាន។
ដើម្បីឆ្លើយសំណួរថាតើហេតុអ្វីគួរអានប្រលោមលោក
ខ្ញុំសូមលើកយកមូលហេតុបីមកចែករំលែក។ មូលហេតុទី១ ពាក់ព័ន្ធនឹងភាសា។
ការអានប្រលោមលោកធ្វើអោយយើងទទួលបាននូវចំណេះដឹងបន្ថែម
ឬរំលឺកនូវចំណេះដឹងដែលមានពាក់ព័ន្ធនឹងភាសា។ មិនថាភាសាអ្វីក៏ដោយ
ក្នុងប្រលោមលោក អ្នកនិពន្ធតែងព្យាយាមប្រើប្រាស់ពាក្យពេជន៍ណែងណង ពិរោះ
ក្លែមនឹងសំដីផ្ទាល់ឬប្រយោលនៃតួអង្គនៅក្នុងរឿង
ដើម្បីធ្វើអោយមានការជក់ចិត្តចាប់អារម្មណ៍
និងបន្តែតអារម្មណ៍តាមការសរសេររបស់អ្នកនិពន្ធ្។
វាក្យស័ព្ទខ្លះដែលប្រើក្នុងការនិពន្ធ
ជាវាក្យស័ព្ទដែលមនុស្សទូទៅមិនប្រើជាប្រចាំ
ឬប្រើតែពេលណាដែលជាក់លាក់តាមកាលទេសប៉ុណ្ណោះ
ដូច្នេះហើយកាលដែលរឿងអានទៅ ហើយពើបប្រទះនឹងពាក្យទាំងនេះ ទោះថ្មីក្តី
ឬចាស់យើងធ្លាប់ដឹង និងស្គាល់ក្តី ក៏ជាឳកាសអោយយើងបានស្គាល់
ឬបានរំលឹកពាក្យ ឬឈ្លោងឃ្លាទាំងនោះឡើងវិញ។ ប្រសិនបើភាសាបរទេសផង
វាកាន់តែអោយយើងរៀន ឬរំលឺកពាក្យពេជន៍ទាំងនោះបានប្រសើរផង។
មូលហេតុទី២ គឺការកំសាន្តអារម្មណ៍។
ដោយសាររាល់រឿងនីមួយៗ ទោះវែងក្តី ខ្លីក្តី
ប្រលោមលោកតែងផ្តោតលើព្រឹត្តិការណ៍អ្វីមួយ ឬមូលបញ្ហាអ្វីមួយ
ដែលមានចំនុចចាប់ផ្តើម និងមានចប់។
ដូច្នេះអ្វីដែលកើតឡើងក្នុងផ្ទៃរឿងទាំងមូល
នឹងបង្ហាញអំពីដំណើរនៃការចាប់ផ្តើមរហូតដល់ចង់
ដែលនឹងបង្កើតអោយអ្នកអានមានការរំពឹងទុកជាមុន
ថាប្រហែលនឹងចប់យ៉ាងដូចម្តេចពេលដែលខ្លួនកំពុងស្លុងនឹងចាប់ផ្តើមអាន
ឬអានមកដល់ពាក់កណ្តាលរឿងក្តី។ ការរំពឹងទុកនេះ
នឹងបង្កើតជាក្តីរំភើបចង់អានអោយចង់ ចង់ដឹងថាតើចប់ទៅយ៉ាងដូចម្តេច
និងមានសភាពយ៉ាងណាជាដើម។ ការរំពឹងទុកនេះនៅមានជាដរាបរហូតដល់ចប់
ក៏ដោយសារក្នុងប្រលោមលោកជាទូទៅ ការតែងនិពន្ធតែងប្រើប្រាស់ពាក្យរាយ
ប្រទាក់ក្រឡាគ្នាពីវាក្យខ័ណ្ឌមួយទៅវាក្យខ័ណ្ឌទៀតជាប់ជារដឹក
មិនអោយដំណើររឿងដាច់នោះទេ។ ហើយការប្រើប្រាស់ពាក្យពេជន៍ណែងណងចងពីអត្ថន័យ១ទៅ១
ពីឈុតឆាក១ទៅ១
បូករួមនឹងការរំពឹងដក់ជាប់ក្នុងចិត្តចង់ដឹងទីបញ្ចប់នៃរឿងផងធ្វើអោយអ្នកអានមានអារម្មណ៍ស្ងប់
ផ្តោតលើសាច់រឿងពីឃ្លា១ទៅឃ្លាបន្ទាប់
សញ្ជឹងគិតទៅរកចុងបញ្ចប់នៃរឿងថាតើវានឹងដូចការគិត
និងស្រមៃរបស់ខ្លួនដែរឬយ៉ាងណា។ អារម្មណ៍នេះ
នឹងបង្ករជាការកំសាន្តសម្រាប់អារម្មណ៍របស់អ្នកអាន។
មូលហេតុទី៣ គឺការស្វែងយល់អំពីរឿងរាវដែលតាក់តែងឡើងក្នុងរឿងទោះពិតក្តី
ឬមិនពិតក្តី។ ដូចដែលខ្ញុំបានលើកឡើងពីខាងដើម ប្រលោមលោកមានខ្លះជារឿងប្រឌិតសុទ្ធ
ហើយខ្លះជារឿងប្រឌិតលាយឡំនឹងរឿងពិតខ្លះ។
មិនខ្វល់ថារឿងនោះតាក់តែងឡើងដោយសំអាងលើកព្រឹត្តិការជាក់ស្តែង
ឬស្រមៃទេ
អ្នកអានអាចស្វែងយល់បានអំពីខ្លឹមផ្សាដែលអ្នកនិពន្ធចង់បង្ហាញ។ ឧទាហរណ៍
ប្រសិនបើវាជារឿងប្រឌិតសុទ្ធ វាអាចបង្ហាញអំពីទំនាក់ទំនងមនុស្ស សង្គម
ដែលអ្នកនិពន្ធបង្ហាញចេតនាចង់បាន ឬចង់រីះគន់
ដោយឆ្លុះបញ្ចាំងនឹងសង្គមជាក់ស្តែងណាមួយ។ ដូចគ្នាដែរ
ប្រសិនបើរឿងនោះនិពន្ធឡើងដោយសំអាងលើរឿងពិតខ្លះ នោះវាក៏អាចអោយយើងយល់អំពីចេតនារបស់អ្នកនិពន្ធ
ដែលចង់បង្ហាញអំពីរឿងនោះ តាមកំរិតជាក់ស្តែងដែលគាត់ចង់បាន
និងក្នុងទំនាក់ទំនងនឹងព្រឹត្តិការណ៍
ឬតួអង្គដទៃដែលអ្នកនិពន្ធចង់បង្ហាញ។ ការបង្ហាញពីខ្លឹមសារនៃរឿងនេះ
តាមរយៈការប្រឌិតទាំងស្រុង ឬលាយឡំនឹងតថភាពសង្គមជាក់ស្តែង
អាចជាចំណេះដឹងថ្មី១បន្ថែមទៀតសម្រាប់អ្នកអាន។
សរុបមកមូលហេតុទាំងបីនេះជាអ្វីដែលខ្ញុំគិតថា
ជាមូលហេតុចំបងដែលខ្ញុំចូលចិត្តអានរឿងប្រលោមលោក
ហើយខ្ញុំគិតថាអ្នកដទៃដែលចូលចិត្តអានអាចទទួលបានផងដែរ។
ការទទួលបាននូវអារម្មណ៍ និងចិត្តកំសាន្តសម្បាយ លួងលោម
ប្រលោមពីការអាននេះ ក៏អាស្រ័យនឹងភាពប៉ិនប្រសព្វរបស់អ្នកនិពន្ធ
ការប្រើប្រាស់ពាក្យពេជន៍ រៀបចំឈុតឆាក
និងចំនុចផ្សេងៗទៀតក្នុងផែនរឿងទាំងមូលផងដែរ។ ប្រលោមលោកដែលល្អ អាចប្រលោមចិត្តរបស់អ្នកអានបាន។
Comments
Post a Comment