តើមានជាតិក្រោយទេ?
ជាពុទ្ធសាសនិក សំនួរអំពីជាតិក្រោយតែងលងខ្ញុំជាដរាប។ ការលងនេះមិនមែនខ្ញុំកំពុងធ្វើអាក្រក់ ហើយបារម្ភថាអំពើអាក្រក់នេះនឹងតាមលងខ្ញុំហើយផ្តល់ជាផលអាក្រក់សម្រាប់ការរស់នៅ របស់ខ្ញុំមិនខាននោះទេ។ ប៉ុន្តែខ្ញុំសួរសំនួរនេះក្នុងក្របខ័ណ្ឌវិទ្យាសាស្ត្រ និងការរស់នៅជាក់ស្តែងរបស់មនុស្សខ្មែរក្នុងកាលៈទេសៈដែលមានសង្គ្រាមរាំងជល់ ការកាប់សម្លាប់ ការសងសឹក ភាពក្រីក្រ និងការជីះជាន់ពីសំណាក់បរទេស។
តើមានជាតិក្រោយទេ? បើមានជាតិមុនមានន័យថាតើជាតិមុនខ្មែរយើងធ្វើអ្វីបានជាក្រោយមកលំបាកម្លេះ? បើមានជាតិក្រោយមែន តើយើងគួរធ្វើអ្វីនៅជាតិនេះដើម្បីបានរស់នៅប្រសើរនៅជាតិក្រោយ? ទាំងនេះជាសំនួរពាក់ព័ន្ធអំពីជាតិក្រោយ ការចាប់ជាតិ ដែលពុទ្ធសាសនិកខ្មែរជឿយ៉ាងងុបងុល និងគួរត្រូវយកមកពិភាគ្សា។ សម្រាប់ខ្ញុំ ជំនឿលើជាតិក្រោយនេះជាជំនឿអត់ឬស្សគល់ និងធ្វើអោយមនុស្សខ្មែរក្លាយជាមនុស្សទន់ខ្សោយ ដើរមិនទាន់សង្គមមនុស្សទំនើប និងជួបប្រទះនូវផលលំបាកខាងសេដ្ឋកិច្ចនយោបាយ ការកាប់សម្លាប់ និងភាពក្រីក្រតោកយ៉ាករហូតមក។
អ្នកផ្សព្វផ្សាយអំពីជំនឿនេះជាងគេគឺព្រះសង្ឃ ដែលជឿតៗគ្នាមកថាការចាប់កំណើតជាថ្មីជាធម្មជាតិរបស់មនុស្ស ជាការរកឃើញរបស់ព្រះពុទ្ធ។ ជំនឿនេះភ្ជាប់នឹងជំនឿហេតុផងដោយសារគេជឿថា ដោយសារអំណាចនៃកម្មនេះហើយទើបធ្វើអោយមនុស្សត្រូវចាប់កំណើតជាថ្មីជាអ្វី១ អាចជាសត្វឬជាមនុស្ស សមតាមការប្រព្រឹត្តិរបស់អ្នកនោះនៅ ជាតិមុន។ បើពិតជាមានជាតិក្រោយមែន ហេតុអ្វីក៏យើងមិនដឹងថាយើងកើតជាអ្វី? ហើយបើយើងមិនដឹងថាកើតជាអ្វីផង ហេតុអ្វីត្រូវជឿ។ បើអ្នកណែនាំអោយគេជឿមិនដឹងថាខ្លួននឹងកើតជាអ្វី ផង តើមានហេតុផលអ្វីដែលយើងត្រូវជឿបុគ្គលនោះ។
ប្រាកដណាស់ថា រាល់ការបង្ហាញអោយធ្វើអំពើល្អចំពោះអ្នកដទៃជាកិរិយាល្អ ប៉ុន្តែបើប្រាប់អោយធ្វើអំពោះល្អនោះដើម្បីកើតទៅជាងខាងមុខ ហេតុផលនេះអាចជាហេតុផលអប្បល័ក្ខណ៍។ បើត្រឹមពន្យល់ថា ធ្វើល្អ យើងនឹងមានអារម្មណ៍ល្អ អ្នកទទួលបានល្អ គ្រប់គ្នាបានល្អ ហើយសង្គមទាំងមូលបានល្អ នោះវាជាអ្វីដែលយើងគួរធ្វើ ជារឿងដែលព្រះសង្ឃគួរធ្វើ។
នេះត្រូវនឹងជំនឿដែលថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។ ហើយបើធ្វើល្អនៅជាតិនេះ តាមអំណាចនៃអំពើនេះ បុគ្គលនោះនឹងបានទៅកើតនៅទីដ៏ប្រសើរនៅជាតិខាងមុខ។ ការធ្វើល្អទាំងនេះ ត្រូវស្របតាមការប្រៀនប្រដៅរបស់ព្រះពុទ្ធក្នុងនោះរួមមាននូវវិន័យទាំងឡាយដូចជាមិនសម្លាប់ មិនកុហក់ មិនផឹកស្រា មិនបៀតបៀនអ្នកដទៃ មិនចាប់ប្រពន្ធកូនគេ ជាដើម។ ការធ្វើល្អសម្រាប់អ្នកដទៃជាអំពើល្អ ដែលបុគ្គលម្នាក់ៗត្រូវធ្វើ ដោយសារវានឹងនាំមកនូវផលវិជ្ជមានសម្រាប់ខ្លួននៅជាតិខាងមុខ។ នេះពិតជាការបង្រៀនល្អ ព្រោះថាការធ្វើល្អសម្រាប់អ្នកដទៃ ជាកិរិយាប្រពៃ ដែលមនុស្សគ្រប់រូបចង់ទទួល។
អ្នកប្រព្រឹត្តិក៏ច្បាស់នឹងមានចិត្តសោមនស្សផងដែរពេលធ្វើអំពើទាំងនេះលើអ្នកដទៃ។ ប៉ុន្តែថាតើធ្វើកំរិតណានឹងបានកើតជាថ្មីដល់កំរិតណា ពុំមានអ្នកណាដឹងទេ។ បើបួសជាព្រះសង្ឃបានបុណ្យច្រើនដោយសារបានប្រៀនប្រដៅដល់បថុចជនផ្សេងអោយជឿលើជំនឿទាំងណាដែលខ្លួនក៏មិនប្រាកដថាមានជាក់ស្តែងផងនោះ តើធ្វើជាគ្រូបង្រៀនក្នុងសាលារដ្ឋធម្មតានឹងជួយមនុស្សបានច្រើនអោយចេះរស់នៅប្រកបរបរចិញ្ចឹមជីវិតប្រកបដោយក្តីសុខបានបុណ្យច្រើនប៉ុណ្ណាទៅ។ បើអំពើល្អទាំងនេះពិតជាបានដល់ការចាប់កំណើតមែនតើហេតុអ្វីបានជាមនុស្សខ្មែររងទុក្ខរាល់ជំនាន់មកហើយ មិនទាន់រួចផុតពីអំពើបាបទៀត។ ហេតុអ្វីបានមនុស្សក្នុងជំនឿផ្សេងគេរស់នៅមានសុខជាងខ្មែរដែលជឿការទេសនារបស់លោកសង្ឃ។
ជំនឿខ្លះប៉ះពាល់ដល់ការរស់នៅ និងការរៀបចំសង្គមអោយសមស្របតាមដំណើរវិវត្តន៍នៃសង្គមមនុស្ស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។ ជំនឿលើការចាប់ជាតិនេះ ជាជំនឿ១ក្នុងចំណោមជំនឿទាំងនោះ។ ការជឿលើការចាប់ជាតិបានបង្អាក់ខាននូវការប្រឹងប្រែងដើម្បីរើបំរះពីស្ថានភាពតោកយ៉ាក ដែលខ្លួនកំពុងជួបប្រទះ។ ការរស់នៅរងទុក្ខជាតិនេះ បើជាលទ្ធផលនៃទង្វើពី ជាតិមុន នោះបុគ្គលនោះគ្មានអ្វីដែលអាចកែប្រែបានឡើយ។ បើអ្នកជិតខាងមនុស្សរស់ក្នុងភាពតោកយ៉ាកគិតដូច្នេះដែរ គាត់ពុំគិតដល់លទ្ធភាពជួយសង្គ្រោះបុគ្គលនោះឡើយ ទោះគ្រប់គ្នាដឹងថាធ្វើដូច្នេះនឹងអាចអោយគាត់បានសាងអំពើល្អសម្រាប់ជាតិខាងមុនរបស់គាត់បន្ថែមក៏ដោយ។ ប្រើសិនបើមានគេមកធ្វើបាប ធ្វើទុក្ខបុកម្និញយើង ហើយយើងជឿថាវាជាកម្មរបស់យើងដែលសាងពីជាតិមុន នោះយើងនឹងមិនមានថាមពលអ្វីនឹងតបតសង្គ្រោះខ្លួនពីស្ថានភាពនេះឡើយ។
បើសិនយើងជឿលើជំនឿនេះ នោះរាល់ចំណេះដឹងផ្សេងដែលរៀនពីសាលាដើម្បីរស់នៅជាមនុស្សល្អម្នាក់ មានចំណេះដឹង ចំណេះធ្វើម្នាក់ ដើម្បីផលិតរបស់របរប្រើប្រាស់ សម្រួលដល់ការរស់នៅ ក្លាយជាចំណេះឥតប្រយោធន៍ទៅហើយ។ បើយើងថាក្រដោយសារយើងអត់មានចំណេះ នោះច្បាស់ជាដើរផ្ទុយពីជំនឿគ្មានមូលដ្ឋានដែលផ្សព្វផ្សាយដោយព្រះសង្ឃ។ យើងក្រដោយសារយើងអត់មានចំណេះ។ ដោយសារឪពុកម្តាយយើងក្រ។ ឪពុកម្តាយយើងក្រដោយសារគាត់មិនមានចំណេះដឹង។ ប្រាកដណាស់ថា ក្នុងករណីខ្លះទោះយើងមានចំណេះ ខំប្រឹងរកស៊ីរករបរទទួលទានយ៉ាងណា ដោយហេតុដែលយើងមិនបានដឹង ក៏អាចនាំអោយយើងក្រដែរ។ ប៉ុន្តែ ប្រសិនបើមានចំណេះហើយ ទោះធ្លាក់ក្រដោយចៃដន្យក៏ដោយ ក៏ភាពក្រីក្រនោះខុសពីមនុស្សគ្នាគ្មានចំណេះដែរ។ អ្នកគ្មានចំណេះគាត់គ្មានទាំងលទ្ធភាពសាកល្បងដើម្បីជោគជ័យផុតលេខក្នុងជីវិតផង។
ការនិយាយថាមានជាតិក្រោយ មិនត្រូវជឿថាពិតនោះទេ។ ជាតិក្រោយជាអ្វីដែលសូន្យ យើងពុំដឹងថាជាអ្វី។ ជាតិក្រោយមិនមានអ្វីជាប្រាកដនោះទេ។ ការធ្វើរាល់អំពើទាំងអស់នៅជាតិនេះ នៅពេលយើងមានជីវិត មានផលរបស់វាក្នុងជាតិនេះ។ គ្មាននរណាមានលទ្ធភាពមានមធ្យាបាយស្ពាយនូវអ្វីដេលយើងធ្វើផលិតបានជាតិនេះទៅ ជាតិក្រោយនោះទេ ទោះជាទ្រព្យសម្បត្តិក៏ដោយ ឬធាតុនៃជីវិតក៏ដោយ។
ការនិយាយអំពីជាតិក្រោយ គ្រាន់ជាការលួងខ្លួនឯងប៉ុណ្ណោះ មិនមែនអ្វីដេលគួរជឿជាពិតនោះទេ។ លួងខ្លួនឯងដោយសារ យើងបានប្រឹងអស់ហើយ ប្រឹងធ្វើល្អខ្លាំងណាស់ ប្រឹងរៀនខ្លាំងណាស់ ប្រឹងឈ្វែងយល់អំពីជីវិត អំពីសង្គម អំពីការរស់នៅជាមួយអ្នកដទៃ អំពីនយោបាយ អំពីទាសភាព អំពីការចិញ្ចឹមកូន អំពើអ្វី ដែលមនុស្សធ្វើបាន អំពីអ្វីដែលមនុស្សរួមគ្នាធ្វើបាន ។ល។ ដោយសារមនុស្សមានសេចក្តីលោភទោះ អំពើល្អក៏ដោយ ចង់ធ្វើអោយច្រើនជាងអ្វីដែលខ្លួនបានធ្វើ ដូច្នេះហើយ ពេលធ្វើមិនទាន់បានច្រើនដូចខ្លួនចង់បាន ខ្លួនចង់បានជីវិតអោយច្រើនជាងអ្វីដែលខ្លួនមាន ចង់ទៅមានជីវិត២ ឬ៣ ឬច្រើនជាងនេះ ប៉ុន្តែតាមពិតយើងមិនអាចមានទី២ទេ។ យើងមានជីវិតតែម្តងទេ។
Comments
Post a Comment